ទឹក​ហូរ​ចេញពី​ជ្រលង​ភ្នំ​គូលែន​មហាជន​មាន​ជំនឿ​ថា​ទឹក​សក្តិ​សិទ្ធិ

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
798

ខេត្តសៀមរាប ៖ ទឹកដែលហូរចេញពីជ្រលងភ្នំ  ស្ថិតក្នុងវត្ត«ព្រះអង្គជប់» លើភ្នំគូលែន ជាទីពេញនិយមដែលមនុស្សម្នាដួសលុបលាងមុខ និងសំអាតកាយ ព្រមទាំងដួសទទួលទាន ព្រោះមានជំនឿថាមានបារមីសក្តិសិទ្ធិ ។

ទឹកហូរចេញពីជ្រលងថ្មនោះមានជាប់ខួបប្រាំង ខួបវស្សា ។  អ្នកទេសចរទាំងចាស់ ទាំងក្មេង មានទាំងព្រះសង្ឃផង ពេលទៅកម្សាន្តនៅភ្នំគូលែនតែងតែសុំទឹកព្រះបាទជើងព្រះអង្គដែលហូរចេញពីជ្រលងភ្នំនោះយកលុបលាងខ្លួនប្រាណ ដើម្បីជម្រះបាបកម្ម និងឧបទ្រពចង្រៃ។ មិនតែប៉ុណ្ណោះអ្នកខ្លះទទួលទានដោយចាត់ទុកថាជាទឹកមន្តសម្រាប់ព្យាបាលរោគាក្នុងខ្លួន ។ ទីតាំងមានទឹកហូរចេញជាប់ជាប្រចាំនោះត្រូវព្រះសង្ឃបីព្រះអង្គ ព្រមទាំងតាជី ដូនជីត្រួសត្រាយធ្វើជាទីអារាម ដោយដាក់ឈ្មោះថាវត្ត «ព្រះអង្គជប់» ។ ចំពោះឈ្មោះថាព្រះអង្គជប់នេះកាលពីពេល ថ្មីៗកន្លងមកត្រូវព្រះចៅអធិការរៀបរាប់តាមការនិទាន តៗគ្នាឱ្យដឹងនោះថា ព្រះអង្គជប់ជាបុត្រក្សត្រមួយអង្គដែលបានសោយទិវង្គតនៅទីនោះ ទើបអ្នកស្រុករស់នៅជើងភ្នំតាំងពីបុរាណមកហៅទីតាំងថា «ព្រះអង្គជប់» តែម្តងទៅ ។ បច្ចុប្បន្ននៅវត្តព្រះអង្គជប់មានព្រះសង្ឃ និងដូនជីតាជី គង់ និងស្នាក់នៅគោរពប្រតិបត្តិធម៌ អាថ៌ និងធ្វើសមាធិ ។

អ្នកផ្តួចផ្តើមកសាងទីអារាមវត្តព្រះអង្គជប់ដំបូង គឺព្រះសង្ឃព្រះនាមសុខ សាន្ត និងព្រះនាមពេជ្រ ដោយកសាងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៩។ ព្រះសង្ឃទាំងពីរអង្គបានលាចាកសិក្ខាបទហើយ ប៉ុន្តែពួកគាត់ទាំងពីរនៅតែតាមជួយជ្រោមជ្រែង កសាងអារាមនេះឱ្យរីកចម្រើនជាលំដាប់ ។

មានការលំបាកមួយគឺសម្ភារសំណង់ដែលនាំយកទៅសាងសង់លើទីអារាមត្រូវចំណាយអស់ច្រើន ព្រោះត្រូវចំណាយប្រាក់លើការលីសែងជញ្ជូនឡើងទៅលើវត្ត គិតពីជើងភ្នំរហូតទៅដល់ទីអារាម គឺមានចម្ងាយជាង៥០០ម៉ែត្រ ។

នៅជុំវិញជើងភ្នំគូលែនមានវត្តចំនួន៤ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ។

កន្លែងមានទឹកហូរចេញពីជ្រលងភ្នំនោះ គឺជាកន្លែងដ៏សំខាន់មួយដែលតាជីដូនជី ស្នាក់នៅទីនោះ រំឭកថា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដិព្រះបាទនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្ត្រនិយម ធ្លាប់យាងទៅលំហែព្រះកាយនៅទីនោះដែរ ។ លើសពីនេះទៅទៀត ព្រះអង្គបានដាំដើមផ្កានៅទីនោះដូចជាដើមចម្បា៉ជាដើម ដែលគិតមកដល់បច្ចុប្បន្នមានអាយុកាលច្រើនឆ្នាំហើយ ៕

ab7ccd07-190d-4d02-bf8c-6569a89fd254 895371e1-9d78-4ae9-b779-6f2388a17836 28825ef0-b7e7-42b9-9b25-3a4ec563178e 6e451818-c926-4b28-a174-5b05c575ebe0

ចែករំលែក

បញ្ចេញយោបល់