ក្រុមអភិរក្ស​ព្រៃឈើ​ប្រាសាទ​កោះកេរ​ចាប់​ផ្តើម​យុទ្ធនាការ ផ្សព្វផ្សាយ​អំពីការ​ងារអភិរក្ស​ដល់ប្រជា​ពលរដ្ឋ

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
222

ក្រុមការងារផ្សព្វផ្សាយអប់រំអំពីការងារអភិរក្សព្រៃឈើនៅតំបន់ប្រាសាទកោះកេរ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ បានចុះជួបប្រជាពលរដ្ឋជាង២០០នាក់នៅវត្តស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ការជួបជុំនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីតម្លៃនៃការងារអភិរក្ស និងគោលការណ៍សំខាន់ៗដែលត្រូវអនុវត្តក្នុងតំបន់អភិរក្សនៃប្រាសាទកោះកេរ។ នេះជាលើកទី២ហើយនៃយុទ្ធនាការចុះអប់រំប្រជាពលរដ្ឋ បន្ទាប់ពីយុទ្ធនាការទី១បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នៅភូមិរំចេក ឃុំស្រយ៉ង់ ខេត្តព្រះវិហារ។ ការផ្សព្វផ្សាយអប់រំ គឺជាបេសកកម្មដ៏សំខាន់មួយដែលត្រូវធ្វើដំណាលគ្នានឹងការបង្រ្កាប ទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់អភិរក្សនេះ។

ឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះគ្រប់គ្រងអភិរក្ស ព្រៃឈើតំបន់ប្រាសាទកោះកេរបានពន្យល់លម្អិតអំពីគោលការណ៍អភិរក្សតំបន់កោះកេរ ដែលយកគំរូតាមតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តមបានអំពាវនាវឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការងារនេះ។ “ព្រៃឈើ និងបេតិកភណ្ឌគឺជារបស់យើងទាំងអស់គ្នាបើប្រជាពលរដ្ឋយើងចូលរួម គឺមិនត្រឹមតែឈប់កាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ តែក៏អាចជួយពន្យល់ណែនាំឲ្យអ្នកផ្សេងទៀតចូលរួមដែរ។ មិនត្រឹមប៉ុណ្ណោះ ប្រជាពលរដ្ឋក៏មិនត្រូវឈរមើលអ្នកណាមកបំផ្លាញព្រៃឈើ និងបេតិកភណ្ឌរបស់យើងដែរ” 

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ក្នុងពិធីផ្សព្វផ្សាយនេះថា ការអភិរក្សព្រៃឈើមានសារៈសំខាន់ណាស់ចំពោះប្រាសាទក្នុងតំបន់កោះកេរ។ លោកពន្យល់ថា ព្រៃឈើមានប្រយោជន៍៤ យ៉ាងចំពោះប្រាសាទគឺ ព្រៃឈើជារបាំងខ្យល់មិនឲ្យបក់បោកខ្លាំងមកប៉ះប្រាសាទ ព្រៃឈើការពារចម្រោះទឹកដែលហូរបុកខ្លាំងមកលើប្រាសាទ ព្រៃឈើជារក្សាសំណើមជាប្រចាំចំពោះប្រាសាទ និងជាចុងក្រោយ ព្រៃឈើបានផ្តល់សោភណភាពដ៏ស្រស់ស្អាតដល់ប្រាសាទ។ លោករៀបរាប់ថា ប្រាសាទដែលអាចតាំងនៅរាប់ពាន់ឆ្នាំកន្លងមកនេះ ក៏ដោយសារមានគម្របព្រៃឈើនេះហើយ។

លោក អ៊ិត ភូម្រា នាយករដ្ឋបាលព្រៃឈើខេត្តព្រះវិហារលើកឡើងក្នុងពិធីផ្សព្វផ្សាយនេះថា ប្រជាពលរដ្ឋទាំងអស់ត្រូវផ្លាស់ប្តូរគំនិតពីការកាប់បំផ្លាញ មកជាការចូលរួមថែរក្សាព្រៃឈើវិញ។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងការអភិរក្សនេះដែរ តាមរយៈការមិនកាប់បំផ្លាញ ឬរុករានដីធ្វើកម្មសិទ្ធិ និងចូលរួមរាយការណ៍រាល់ពេលប្រទះបទល្មើសព្រៃឈើផ្សេងៗ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់។ 

លោកតាឈុន អឿន អាយុ៧២ឆ្នាំជាអតីតគ្រូបង្រៀនសម័យសង្គមរាស្ត្រនិយមបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការងារអភិរក្សព្រៃឈើ និងសកម្មភាពអប់រំផ្សព្វផ្សាយនេះ ដោយលោកតាបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនដែលបានកាប់រានដី ឬលួចកាប់ព្រៃកន្លងមកគឺមកពីមិនយល់ពីតម្លៃនៃព្រៃឈើ និងបេតិកភណ្ឌរបស់ជាតិ។ លោកតាបញ្ជាក់ថា ការទប់ស្កាត់បទល្មើសព្រៃគឺត្រូវផ្តើមចេញពីអ្នកអភិរក្សតែម្តង។ បើអ្នកអភិរក្សធ្វើត្រឹមត្រូវ ដោយហ៊ានដាក់ទោសចំពោះអ្នកប្រព្រឹត្តមិនលើកលែងនោះ ប្រជាពលរដ្ឋច្បាស់ជានឹងខ្លាចរអាជាមិនខាន។ ទន្ទឹមនឹងនេះលោកតាក៏បានអំពាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នា ដើម្បីថែរក្សាព្រៃឈើ និងបេតិកភណ្ឌដូនតាឲ្យបានគង់វង្ស។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់កោះកេរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មការចម្រុះមួយ ដែលមានឈ្មោះថា គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ កាលពីដើមខែមករាកន្លងទៅនេះ។ ក្រុមការងារនេះមានបេសកកម្មសំខាន់ៗដូចជា ការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការងារអភិរក្សព្រៃឈើ ការងារទប់ស្កាត់បទល្មើសព្រៃឈើជាដើម។ ការងារនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈអភិបាលខេត្តព្រះវិហារ ជាពិសេសការចូលរួមដោយផ្ទាល់ពី ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់៕

 

photo_2016-02-26_08-28-56 photo_2016-02-26_08-28-16 photo_2016-02-26_08-28-09 716x266_photo_2016-02-26_08-27-53

ចែករំលែក

បញ្ចេញយោបល់