សារសំខាន់​ព្រៃឈើ​សម្រាប់​ជួយ​ទ្រទ្រង់​ប្រាសាទ

ថ្ងៃពុធ ទី ២៩ មិថុនា ២០១៦​
218

ខេត្តសៀមរាប  ៖ ព្រៃឈើមានគុណសម្បត្តិច្រើនណាស់សម្រាប់មនុស្សជាតិ បើទោះបីជាព្រៃឈើមិនមានដៃជើងជួយដោយផ្ទាល់ក៏ដោយ តែជួយដោយប្រយោល ជាពិសេសជាងនេះទៀតនោះ «ព្រៃឈើក៏បានជួយទ្រទ្រង់ថែទាំដល់ប្រាង្គប្រាសាទនានាក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរផងដែរ» ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិតថូម៉ាស វ័រសេដ ( THORMAS WARSCHEID) កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា ។

បទបង្ហាញស្តីពីស្លែ និងថ្មប្រាសាទ បញ្ហាប្រឈម និងដំណោះស្រាយ ដោយលោកបណ្ឌិតថូម៉ាស វ័រសេដ បានទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងច្រើនកុះករពីអ្នកស្រាវជ្រាវ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកសារព័ត៌មាន ។ បទបង្ហាញបានធ្វើឡើងប្រកបដោយជោគជ័យ និងទទួលបានការអបអរសាទរខ្លាំងពីអ្នកចូលរួមស្តាប់ ។

លោកបណ្ឌិត THORMAS WARSCHEID អ្នកជំនាញភូមិវិទ្យា និងជីវវិទ្យាបានលើកឡើងថា លោកមានរូបថតជាច្រើនសន្លឹកពីទសវត្សទី៣០ បង្ហាញពីប្រាង្គប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលត្រូវព្រៃឈើព័ទ្ធជិត តែអ្វីដែលចម្លែកនោះ គឺថ្មប្រាសាទនៅតែមានលក្ខណៈល្អ និងប្រាសាទមិនទ្រុឌទ្រោម រចនាសម្ព័ន្ធប្រាសាទនៅមានលក្ខណៈល្អប្រសើរ ដូចជាប្រាសាទបេងមាលា និងប្រាសាទតាកែវជាដើម។ ផ្ទុយទៅវិញប្រាសាទណា ដែលមិនមានព្រៃឈើព័ទ្ធជុំវិញបរិវេណប្រាសាទ រចនាសម្ព័ន្ធក៏មានលក្ខណៈពុកផុយ និងទ្រុឌទ្រោមតាមការវិវឌ្ឍរបស់អាកាសធាតុ ដូចជាប្រាសាទភ្នំក្រោម និងប្រាសាទអង្គរវត្តជាដើម ។

បើទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ព្រៃឈើមិនមែនសុទ្ធតែអាចជួយឱ្យថ្មប្រាសាទ និងប្រាសាទមានលក្ខណៈប្រសើរទាំងអស់នោះទេ ដូចជាដើមឈើខ្លះដុះនៅខាងក្នុងបរិវេណខឿនប្រាសាទ និងខ្លះទៀតដុះតាមដំបូលប្រាសាទ បណ្តាលឱ្យថ្មប្រាសាទមានសំណើមជានិច្ច រហូតដល់កើតមានស្លែក៏អាចឱ្យថ្មប្រាសាទឆាប់ពុកផុយផងដែរ ។

ដូច្នេះហើយបានជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរាបានដាំដើមឈើរាប់ម៉ឺនដើម និងអំពាវនាវឱ្យសាធារណជនចូលរួមដាំដើមឈើទាំងអស់គ្នា ។ ទន្ទឹមនឹងនេះដើម្បីការពារគ្រោះថ្នាក់ដល់ប្រាសាទ និងអ្នកទេសចរដែលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏មានក្រុមអង្កេតហានិភ័យដើមឈើជាប្រចាំ ដោយកាត់ក្រី ឬកាប់ដកហូតរាល់ដើមណាដែលឃើញថាអាចបង្កគ្រោះថ្នាក់ដល់មនុស្សនិងប្រាសាទ ឬរចនាសម្ព័ន្ធរបស់ប្រាសាទ ៕

ចែករំលែក

បញ្ចេញយោបល់