រដ្ឋបាលរាជធានី ចុះអប់រំណែនាំបន្ថែមដល់បងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ហ្វត្រេសដែលរត់គេចមិនសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយកសំណាក

ថ្ងៃព្រហស្បតិ៍ ទី ១០ មិថុនា ២០២១​
6

ភ្នំពេញ៖ ក្រោយកម្មករ-កម្មការិនីនៅរោងចក្រហ្វ័រត្រេសរត់ចេញពីកន្លែងយកសំណាកកាលពីយប់នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រហ្វ័រត្រេស មានកម្មករ-កម្មការិនីប្រហែលជាង១០០០នាក់ នៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ខណ:ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅទីតាំងរោងចក្រផ្ទាល់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្រ្តីរដ្ឋបាលខណ្ឌ-សង្កាត់ ចុះទៅធ្វើការអប់រំណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ នៅរោងចក្រ ហ្វត្រេស ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោឱ្យយល់ច្បាស់អំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅក្នុងការយកសំណាក។

គួរបញ្ជាក់ថា៖ ការដែលកម្មករកម្មការនីរោងចក្ររត់ចេញពីរោងចក្រខាងលើដោយសារតែក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាកពេលនោះ កម្មករសុំឱ្យក្រុមគ្រូពេទ្យវ៉ៃត្រាបញ្ជាក់ថាពួកគាត់បានយកសំណាករួចតែក្រុមគ្រូពេទ្យក៏ប្រាប់បន្តថាទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យមិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង។

ឆ្លៀតក្នុងឱកាសនេះរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ត្រូវរួបរួមគ្នា សាមគ្គីគ្នា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នៅក្នុងការងារពិនិត្យសំណាក ការងារធ្វើចត្តាឡីស័ក ត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ” បីការពារ បីកុំ ” ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅថែរក្សានូវសុខុមាលភាព អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ជាមួយគ្នានោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកម្មកររោងចក្រខាងលើនាំគ្នាទៅពិនិត្យនិងយកសំណាកហើយបើមិនមានកូវីដ-១៩ទេ ការពិនិត្យនេះដូចជួយការពារ ហើយជួយការងារបងប្អូននៅបន្តនិរន្ទរភាពហើយរោងចក្រនៅតែបន្តដដែលដូច្នេះបងប្អូនត្រូវសហការជាមួយអាជ្ញាធរដែលនេះជាប្រយោជន៌របស់បងប្អូននិងប្រជាពលរដ្ឋដែរ។

ស្របគ្នានោះ លោកក៏សូមសរសើរដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនមន្រ្តីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់របស់យើង គឺដើម្បីឧត្តមប្រយោជន៍របស់បងប្អូន សុខុមាលភាពរបស់បងប្អូន និងការងាររបស់បងប្អូន នៅក្នុងដំណាក់កាលនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕

ចែករំលែក

បញ្ចេញយោបល់