អភិបាលរងខេត្តកោះកុង ស្នើឱ្យមានការពន្យល់បកស្រាយបន្ថែមពីប្រធានសាលាដំបូងខេត្តកោះកុង លើដីកាសម្រេចរក្សាការពារលេខ០៣ «ក» ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧

ថ្ងៃព្រហស្បតិ៍ ទី ១០ មិថុនា ២០២១​
5

កោះកុង៖នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ស្នើសូមការពន្យល់បកស្រាយបន្ថែមពីលោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង លើដីកាសម្រេចរក្សាការពារលេខ០៣ «ក» ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកោះកុង ព្រោះបុគ្គលឈ្មោះ តេង គី តែងតែហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលសាងសង់ផ្ទះ បង្កបង្កើនផលលើដីទំហំ ១១៨ ហិកតា ស្ថិតនៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយគាត់សំអាងលើដីការក្សាការពារនេះ។

សូមជម្រាបផងដែរថា តាមការបកពន្យល់បកស្រាយរបស់លោក មីន មករា បានបញ្ជាក់ថា ដីការក្សាការពារ ដីការក្សាការពារលេខ ០៣ «ក» ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកោះកុង គឺមិនមានសុពលភាពទៀតឡើយ ព្រោះដីការក្សាការពារ ត្រូវមានការអនុវត្តក្នុងរយៈពេល២សប្តាហ៍។ ដូច្នេះ បុគ្គលឈ្មោះ តេង គី មិនអាចយកដីការក្សាការពារនេះធ្វើជាសំអាង ឬប្រើប្រាស់ផ្លូវច្បាប់បានឡើយ។ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី បានបញ្ជាក់ជូនអង្គប្រជុំពីករណី ដីទំហំ ១១៨ ហិកតា ស្ថិតនៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទូមសាគរ ខេត្តកោះកុង ដែលលោក តេង គី អះអាងថាជាកម្មសិទ្ធិរបស់គាត់ ជ្រាបថា ទីតាំងដីនេះគឺជាដីស្ថិតនៅក្នុងដីទំហំ ៩,៣០៦ ហិកតា ដែលរាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូញៀន ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង ហើយទីតាំងដីនេះ ក៏ស្ថិតក្នុងសេចក្តីសម្រេចលេខ១១៥សសរ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការទុកជាមោឃៈនូវរាល់លិខិតផ្ទេរសិទ្ធិ លក់-ទិញដី នៅក្នុងឧទ្យានជាតិបូទុមសាគរដែលចុះហត្ថលេខាដោយមេឃុំ កោះស្តេច ភ្ញីមាស ព្រែកខ្សាច់ ស្រុកគិរីសាគរ និងមេឃុំតានូន មេឃុំថ្មស ស្រុកបូទុមសាគរ ដែលស្ថិតនៅលើទីតាំងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ផងដែរ។ ដូច្នេះ លោក តេង គី មិនមានសិទ្ធិកាន់កាប់ ប្រើប្រាស់ ដីទំហំ ១១៨ ហិកតានេះទេ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការបកស្រាយពីប្រធានសាលាដំបូងខេត្តកោះកុង អង្គប្រជុំបានសម្រេចឯកភាព ឱ្យលោកមេឃុំតានូន អភិបាលស្រុកបូទុមសាគរ ធ្វើលិខិតជូនដំណឹងទៅលោក តេង គឺ ឱ្យរុះរើផ្ទះ ចេញពីដីប្រជាពលរដ្ឋ (ដីទំហំ ១១៨ ហិកតា ស្ថិតនភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលគាត់តែងតែអះអាងថាជាដីរបស់គាត់ និងបានសាងសង់ផ្ទះលើដីនេះ)៕

ចែករំលែក

បញ្ចេញយោបល់