ជប៉ុន​កែ​ច្នៃ​ផ្លូវ​រថភ្លើង​បោះបង់ចោល​ជា​កន្លែង​ទេសចរណ៍

ថ្ងៃសុក្រ ទី ១០ មិថុនា ២០១៦​
191

ខេត្ដ Hyogo របស់ជប៉ុននឹងជួសជុលផ្លូវរថភ្លើងដែលបោះបង់ចោលឱ្យក្លាយជាកន្លែងទេសរណ៍ថ្មីសម្រាប់អ្នកឡើងភ្នំ និងដើរកម្សាន្ដក្នុងព្រៃ ។ ផ្លូវរថភ្លើងដ៏ចំណាស់ក្នុងទីក្រុង Nishinomiya និង Takarazuka នៅខេត្ដ Hyogo ដែលបានបោះបង់ចោលតាំងពី៣០ឆ្នាំមុនមកនោះ ត្រូវជួសជុលជាប្រភពទេសចរណ៍ថ្មី ហើយគ្រោងបើកឱ្យប្រើប្រាស់នៅក្នុងខែតុលា ឆ្នាំ២០១៦ ។

ផ្លូវរថភ្លើងនោះមានឈ្មោះថា «ផ្លូវរថភ្លើងខ្មោចសណ្ឋិត» មានប្រវែង៤,៧គីឡូម៉ែត្រ ឈប់ប្រើប្រាស់តាំងពីឆ្នាំ១៩៨៦មក បន្ទាប់ពីបង្កើតរូងក្រោមភ្នំនៅតំបន់ក្បែរនោះ ។ ផ្លូវរថភ្លើងនោះបន្សល់ទុកតែអង្កត់ឈើ និងស្ពានដែកទ្រុឌទ្រោម ។ ដោយសារផ្លូវរថភ្លើងមួយខ្សែសាងសង់ស្របតាមមាត់ទន្លេ Mukokawa និងនៅកណ្ដាលព្រៃភ្នំ ទើបរដ្ឋបាលក្រុង Takarazuka ជួសជុលធ្វើជាកន្លែងទេសចរណ៍ ។

ទោះជាមានសម្រស់ធម្មជាតិស្រស់ប្រណីតទាក់ទាញអ្នកទេសចរណ៍ក៏ដោយ ប៉ុន្ដែតាមផ្លូវមានស្លាកដាស់តឿនពីគ្រោះថ្នា ក់ពីការបាក់ថ្មបាក់ដើមឈើ និងគ្រោះថ្នាក់ ផ្សេងៗជាច្រើនទៀត ។

នៅឆ្នាំ២០០៨ បុរសម្នាក់បានធ្លាក់ទៅក្នុងជ្រលងភ្នំបណ្ដាលឱ្យស្លាប់បាត់បង់ជិវិត ។

ភាពស្រស់ស្អាតប្រកបដោយអាថ៌កំបាំង ធ្វើឱ្យផ្លូវរថភ្លើងនោះត្រូវគេហៅថា «ផ្លូវរថភ្លើងខ្មោចសណ្ឋិត» ។

កាលពីខែកុម្ភៈកន្លងមក ក្រុមហ៊ុនរថភ្លើង «JR» និងក្រុង Nishinomiya រួមជាមួួយក្រុង Takarazuka បានព្រមព្រៀងគ្នាជួសជុល និងអភិវឌ្ឍន៍ផ្លូវរថភ្លើងខ្មោចសណ្ឋិត ឱ្យក្លាយជាប្រភពទេសចរណ៍ ហើយក្រុមហ៊ុននឹងទទួលខុសត្រូវលើការជួសជុល និងគ្រប់គ្រងផ្លូវរថភ្លើង ស្ពាន និងរូងភ្នំ ។

នៅខែតុលា «ផ្លូវរថភ្លើងខ្មោចសណ្ឋិត» នឹងទទួលអ្នកទេសចរដោយគ្មានក្ដីបារម្ភពីបញ្ហាសុវត្ថិភាព ប៉ុន្ដែស្ថានភាពស្ពានដ៏ចំណាស់ និងល្អាងភ្នំដ៏ងងឹតពោរពេញដោយប្រចៀវ នៅតែបន្ដធ្វើឱ្យអ្នកទេសចរព្រឺខ្លាច ៕

ba8b494d-5892-45f9-9539-417466ded0ba 05950ab7-d469-42f4-b97b-472ab990d7b6

ចែករំលែក

បញ្ចេញយោបល់