ទស្សនៈមិត្តអ្នក​អាន៖ វិបត្តិកូវីដ១៩ បកស្បែកសត្វចៀមចេញពីតួអង្គសត្វខ្លា

ថ្ងៃព្រហស្បតិ៍ ទី ៣ មិថុនា ២០២១​
100

វិបត្តិជំងឺកូវីដ១៩ ដែលកម្ពុជា បាននិងកំពុងជួបប្រទះ គិតមកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំមកហើយ, ហើយរាជរដ្ឋាភិបាល ​មិនទាន់អាចបិទបញ្ចប់បាននៅឡើយទេ ដោយសារអ្នកឆ្លងថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃហើយមានចំនួនច្រើនទៀតផង។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លង​មកនេះ គេមិនឃើញសោះឡើយអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិ បានធ្វើអ្វីមួយឲ្យមានប្រយោជន៍សម្រា​ប់ជាតិ និងប្រជាជនកម្ពុជា ក្រៅពីបន្ទុចបង្អាក់ដល់ដំណើរការដាក់ចេញវិធានការនានារបស់​រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុង​សហគមន៍ធំធេង និងការញុះញង់ពលរដ្ឋឲ្យងើប​ឡើងតវ៉ាបះ​បោរ​ប្រឆាំងរាជរដ្ឋាភិបាលក្រោមលេសបិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។

អ្វីដែលគេបានមើលឃើញ គឺអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិមួយតំបរស្វារនោះ បានរិះរកគ្រប់មធ្យោ​បាយដោយធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពមួយដែលគេចង់បាន ពោលគឺបង្ករភាពវឹកវរ ចលាចលសង្គម ដែលជាផ្នែកមួយស្ថិតក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល។ សកម្មភាពទាំងនោះរួមមាន កាលពីអំឡុងដើមឆ្នាំ២០២០ គេបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីមនុស្សដួលសន្លប់នៅតាមដងផ្លូវសាធារណៈថា ស្លាប់ដោយសារវីរុសកូវីដ១៩ ខណៈកម្ពុជាពុំទាន់កើតមានករណីអ្នកឆ្លងជំងឺកូវីដ១៩ សូម្បីមួយករណី។

ក្រុមប្រឆាំងជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល អ្នកវិភាគមួយចំនួនតូចនោះ បានចោទប្រកាន់ថា រដ្ឋាភិបាលនាំយកជំងឺកូវីដ១៩ មកកម្ពុជា តាមរយៈមិនបានបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជា​។ ​គេចោទថា រាជរដ្ឋាភិបាលបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននិងច្បាប់វិធានការកូវីដ១៩ ជាការគាបសង្កត់ប្រជាពលរដ្ឋ ខណៈពេលដែលប្រទេសនានាក្នុងពិភពលោកក៏មានច្បាប់ដាក់ប្រ​ទេ​សក្នុងគ្រាអាសន្ននេះដែរ ហើយបានអនុវត្តទៀតផង ដោយឡែកសម្រាប់កម្ពុជាគ្រាន់តែធ្វើច្បាប់ទុកប៉ុណ្ណោះការពារក្រែងមានហេតុការណ៍ណាមួយដែលមិនអាចគ្រប់គ្រងបាន គឺរដ្ឋអំណាចមានច្បាប់អាចយកមកប្រើប្រាស់បានទាន់ពេលវេលា។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ កម្ពុជានៅមិ​នទា​ន់យកច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នមកប្រើនៅឡើយទេ ទោះជាស្ថិតក្នុង​វិបត្តិ​ជំងឺឆ្លង​រាត​ត្បាត​សកល​កូវីដ​១៩ក្តី។

បន្ថែមពីលើនេះ មេឧទ្ទាមប្រឆាំងក្រៅច្បាប់បានផ្សព្វផ្សាយថា ប្រជាជនខ្មែរមានហ្សែនពូជអង្គរមិនឆ្លងវីរុស​កូវីដ១៩ ដែលធ្វើឲ្យប្រជាពលដ្ឋខ្វះការប្រុងប្រយ័ត្ន ឬមានអំនួតជ្រុលអាចឆ្លងជំងឺកូវីដ១៩ ដោយការភ្លេចខ្លួនធ្វេសប្រហែស។ មេឧទ្ទាមក្រៅច្បាប់ថា វ៉ាក់សាំង​​កូវីដ១៩ របស់ប្រទេសចិន គ្មានគុណភាព និងថា រដ្ឋាភិបាល​យកវ៉ាក់សាំងរបស់ចិនមកចាក់សម្លាប់ប្រជាជនខ្លួនឯង ឬចាត់ទុកជាប្រ​ជាជនកម្ពុជា ជាសត្វកណ្តុរ ឬសត្វទន្សាយសម្រាប់ធ្វើការពិសោធន៍វ៉ាក់សាំងចិនជាដើម។ បន្ទាប់មកទៀត ក៏ស្រាប់តែមេឧទ្ទាមក្រៅច្បាប់ដដែល ប្រកាសថា វ៉ាក់សាំងចិនមានគុណភាពអាចទទួលយកបាន ហើយអះអាងថា គ្មានអ្នកណាម្នាក់បានស្លាប់ដោយសារតែវ៉ាក់សាំង​របស់​ចិននេះឡើយនៅទូទាំងសកលលោក។

ជាក់ស្តែងការប្រកាសថា វ៉ាក់សាំងចិនមានសុវត្ថិភាព ហើយជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង បើតាមលោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន បានមើលឃើញនិងចាត់ទុកថា នេះជាវិធីរុញទូកបណ្តោយទឹក មិនមែនដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែជាគោលបំណងធំបំផុតរបស់គេ គឺជំ​រុញឲ្យប្រជាជនមកដណ្តើមវ៉ាក់សាំងក្នុងពេលតែមួយដែលជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិ។

​ថ្មីៗនេះទៀតសោត ទំនងជាមានការរិៈគន់ច្រើនក្នុងរយៈពេលចុងក្រោយនេះថា ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ មិនបានជួយដល់សកម្មជនខ្លួនអំឡុងពេលវិបត្តិកូវីដ១៩នេះ កុំថាឡើយជួយដល់ពលរដ្ឋកម្ពុជានោះ គេឃើញមេឧទ្ទាម​ក្រៅច្បាប់ បានធ្វើយុទ្ធនាការលក់ប័ណ្ណនាឡិការតម្លៃ៥ដុល្លារ ដែលគេអះអាងថា ថវិកាបានមកពីយុទ្ធនាការនេះ នឹងយកទៅជួយដល់ពលរដ្ឋក្រីក្រក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែបើមើលពីរូបភាពនៃយុទ្ធនាការលក់ប័ណ្ណនាឡិកានេះ គេអាចដឹងបានយ៉ាងច្បាស់ក្រឡែតថា គឺជាវិធីបោកប្រាស់យកថវិកាពីសកម្មជនដ៏ងប់ងល់របស់ខ្លួននៅក្រៅ​ប្រទេស​ដាក់​ហោប៉ៅចែកគ្នា​ចាយ​ប៉ុណ្ណោះ បន្ទាប់ពីប្រមូលលុយពីមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងយុទ្ធ​នា​ការ​មាតុភូមិនិវត្តន៍។

អ្វីដែលជាការកត់សម្គាល់គេនៅចាំមើលថា តើមេឧទ្ទាមក្រៅច្បាប់នឹងបកស្រាយយ៉ាងណាចំពោះសកម្មជនមួយតំបរស្វារបស់ខ្លួននៅឯបរទេសនោះ បន្ទាប់ពីទទួលបានថវិកាពីការលក់ប័ណ្ណនាឡិកា។ តើយកថវិកានោះទៅណា ហើយចំណាយលើអ្វីខ្លះ? តែទោះជាយ៉ាងណា គេគ្មានសង្ឃឹមបន្តិចសោះថា មេឧទ្ទាមក្រៅច្បាប់ នឹងយកថវិកានោះមកជួយដល់ពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជាដូចការសន្យារបស់​ខ្លួនឡើយ។ អ្វីដែលគេបានមើលឃើញ គឺថវិកាដែលទទួលបានពីការលក់ប័ណ្ណនា​ឡិកានឹងបាត់ស្រមោលឈឹងក្រោយបញ្ចប់យុទ្ធនាការ​ ដូចមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងយុទ្ធនាការមាតុភូមិនិវត្តន៍ដែរ។

​សរុបមកវិញ ពាក្យចាស់ពោលថា «ភូតនៅហោរ ចោរនៅជាង» គឺពិតជាត្រឹមត្រូវណាស់បើយើងធៀ​បនឹងមេឧទ្ទាមក្រៅច្បាប់ដែលបានធ្វើសកម្មភាពនយោបាយអស់រយៈពេលជាង២០ឆ្នាំមកនេះ។ បើតាមសេចក្តីពន្យល់នៅ​ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ចំពោះពាក្យថា ក្បួនហោរ ឬទំនាយហោរនោះ បញ្ជាក់​ថា បានជាបុរាណលោកពោលតៗគ្នានូវពាក្យនេះឡើងដោយសារ ហោរតែងតែភូត កុហកផ្សំខ្លះ។ ចំណែកចោរនៅជាង គឺចង់សំដៅទៅលើជាងធ្វើគ្រឿងមាសប្រាក់ តែងតែលបគៃកិបយកមាសប្រាក់ពីអ្នកដែលគេយកមកឲ្យធ្វើអលង្ការនោះ ប៉ុន្តែមិនសុទ្ធតែអ៊ីចឹងទាំងអស់គ្នានោះទេ៕

ដោយ៖​ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់