ទស្សនៈ​មិត្តអ្នក​អាន​៖ តើក្រុមប្រឆាំងបានធ្វើអ្វីខ្លះក្នុងពេលដែលកម្ពុជា កំពុងរងគ្រោះនៃរលកកូវីដ១៩?

ថ្ងៃចន្ទ ទី ៣១ ឧសភា ២០២១​
26

ចំណងជើងនៃសំណួរនេះគឺហាក់ដូចជាបានដាស់ស្មារតីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស អាច​​ធ្វើ​​ការ​វាយ​តម្លៃ​ និង​បែងចែកយ៉ាងច្បាស់ក្រឡែតថា តើនរណាជាទេវតាមកប្រោសព្រំ និង​ថែ​ទាំ​ជីវិត​ប្រ​ជា​ជន ហើយតើនរណាជាបិសាចដែលតាមព្យាបាទ ញុះញង់ រុញច្រាន​ជីវិត​ប្រជាជន​ឱ្យ​ធ្លាក់​ទៅ​រក​​ជ្រោះ​​មរណៈ​​​នៃ​កា​ររាត​ត្បាត​ដោយ​ជំងឺកូវីដ​១៩​។

កម្ពុជាមកដល់បច្ចុប្បន្ននេះ បានឆ្លងកាត់នូវការវាយប្រហារដោយរលកកូវីដ១៩ ចំនួន​៣​ដំណាក់​កាល​រួច​មក​ហើយ​។ ដោយឡែក​ព្រឹត្តិការណ៍ឆ្លង​ក្នុង​សហគមន៍ធំៗ​ចំនួន​២​លើក​គឺ​ព្រឹត្តិការណ៍​សហគមន៍​​៣​វិច្ឆិកា​ និង​២៨​វិច្ឆិកា​ ឆ្នាំ​២០​២០​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រយុទ្ធ​ប្រឆាំង និងបិទបញ្ចប់ប្រកបដោយជោគជ័យ។

ការផ្ទុះ​ឡើង​នៃរលកកូវីដ១៩លើកទី៣ ដែលហៅថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែល​កំពុង​​បន្ត​​មក​​ដល់​ពេល​នេះ​ បើទោះបីជាមិនទាន់បានបិទបញ្ចប់នៅឡើយក្តី ក៏ស្ថានភាព​ហាក់បីដូច​ជា​កំពុង​ត្រូវ​បាន​គ្រប់គ្រងបាន​ និង​កាន់​តែ​មាន​ភាព​ធូរ​ស្រាល​បន្តិច​ម្តង​ៗ​ ហើយ​ដែល​យើង​ទាំងអស់​គ្នា​សង្ឃឹ​ម​យ៉ាង​មុតមាំ​ថា​នឹង​អាច​បិទ​បញ្ចប់​បាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខនេះ​ជាក់​ជា​មិន​ខាន​។​

ស្រប​ពេល​ដែល​ប្រជា​ជន​កម្ពុជា ​កំពុង​ឆ្លង​កាត់​នូវ​ទុក្ខ​លំបាក​នៃ​រលក​កូវីដ១៩​ ទាំង​៣​ដំណាក់​កាល​​នេះ ក្រុម​​ប្រឆាំ​ង​ដែ​ល​មា​ន​​មេ​ឧទ្ទាម​​ក្រៅ​​ច្បាប់​កំពុង​​គេចខ្លួន​រស់​​សំងំ​​សុខ​តែ​ម្នាក់​ឯង​នៅ​ក្រៅ​ប្រទេស​នោះ​ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ញុះញង់​​ប្រជាជន​​ឱ្យ​ភ្លេច​គិត​ពី​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​​សាហាវ​​ងាក​ទៅ​រក​សេចក្តី​ស្លាប់​គ្រប់​ជំ​ហ៊ាន​។​ ជាក់​ស្តែង​ តាំង​ពី​ដំណាក់​កាល​ដំបូង​ដែល​ស្ថាន​ភាព​កូវីដ​១៩​​មិន​ទាន់​កើត​មាន​នៅកម្ពុជា​ មេឧ​ទ្ទាម​​ក្រៅ​​ច្បាប់ ​បាន​ឃោសនា​បំភ័យ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ជ្រួល​​ច្របល់​ពី​ការ​ចំលង​រោគ​ទៅ​វិញ​ ដោយ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ដែល​បាន​ធ្វើសកម្មភាព​មនុស្ស​ធម៌​​ជួយសង្គ្រោះ​នាវា​ខ្នាត​យក្ស​ឈ្មោះ​ វេស​​ស្ទើដាម (Westerdam) ​ដឹក​អ្នកដំណើរ​​​ដែល​បាន​ជាប់​គាំង​​នៅកណ្តាល​មហាសមុទ្រ​ថា​ជា​ការ​នាំ​ជម្ងឺ​ចូល​ប្រទេស​ទៅ​វិញ​។ ប៉ុន្តែ​ នៅទី​បំផុត​អ្នក​ដំណើរ​គ្រប់​ជាតិ​សាសន៍​នៅលើ​នាវា​ត្រូវ​បាន​សង្គ្រោះ​ និង​គ្មាន​ការ​ចំលង​រោគ​កូវីដ​១៩​ម្នាក់​សោះ​ឡើយ​ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រ​ទេស​នានាដែល​មាន​ប្រជាជន​ខ្លួន​ជាប់​គាំង​នៅលើ​នាវា​ ផ្ញើ​សារ​ថ្លែង​អំណរគុណ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​​ប្រកប​ដោយ​កិត្តិយស​បំផុត​។

ឈាន​មក​ដល់​ដំណាក់​កាល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​កូវីដ​១៩​ ធ្ងន់​ធ្ងរ​នៅក្នុង​ព្រឹត្តិ​ការ​ណ៍​សហគមន៍​​២០កុម្ភៈ​ ២០២១ រាជរដ្ឋាភិបាល​ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ជាមេដឹក​នាំ​ពោរ​ពេញ​​ដោយ​បទ​ពិសោធន៍​ បាន​ប្រើ​ប្រាស់​បញ្ញាញាណ​ក្នុង​ការ​ជ្រោង​ទង់​ការពារ​សុខុមាលភាព​ជាតិ​ខ្ពស់​ ប្រមូល​ផ្តុំ​កម្លាំង​សរុប​​ប្រជា​ជន​​កម្ពុជា​​ទូទាំង​ប្រទេស​​ចូល​​រួម​​យ៉ាង​សកម្មដើម្បី​ប្រយុទ្ធ​និង​ជំងឺ​កូវីដ​១៩​ ក្នុង​ដំណាក់​កាល​​ទី​៣​នេះ​ តាម​រយៈ​​​ការ​បរិច្ចាគ​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ និង​ថវិការបស់​ប្រជា​ជាតិ​​ទាំង​មូល​ដើម្បី​ចរចា​រក​ជំនួយ​ និង​ទិញ​វ៉ាក់​សាំង​មក​ចាក់​ជូន​ប្រជាជន​។ ផ្ទុយ​មក​វិញ​ ក្រុម​ប្រឆាំង​ និង​​មេឧទ្ទាម​ មិន​ត្រឹម​តែ​មិន​បាន​​ជួយថវិកា​​​អ្វី​បន្តិច​ឡើយ​​​ ពួក​គេ​ថែម​ទាំង​បំផុស​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ទៅ​ចាក់​​វ៉ាក់​សាំង ​បំភ្លៃ​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់​សាំង​ កុំ​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅក្នុង​ផ្ទះ​ ចេញ​ដើរ​សេរី​ល្មើស​​និង​បំរាម​របស់​អាជ្ញាធរ​ដើម្បី​ឱ្យ​មាន​ការ​ឆ្លង​រាត​ត្បាតនៃ​ជំងឺ​​ធ្ងន់​ធ្ងរ​​ថែម​ទៀត​ផង​។

អ្វី​ដែល​ក្រុម​ប្រឆាំង​ធ្វើ​សកម្មភាព​គឺ​ផ្ទុយ​និង​វិធាន​ការ​របស់​រាជរដ្ឋាភិបាល​ជា​ប្រចាំ​។ នៅក្នុង​ដំណាក់​កា​ល​ដែល​មិន​ត្រូវ​​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ ក្រុម​ប្រឆាំង​នាំ​គ្នា​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ ប៉ុន្តែ​ នៅពេល​ដែល​​ដល់​ដំណាក់​កាល​ដែល​រាជ​រដ្ឋាភិបាល​នែនាំ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ពួកគេ​បែរ​ជា​បំផុស​ និង​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​វិញ​។ មាន​ន័យ​ថា​ បើ​ប្រជាពលរដ្ឋ​​មាន​ការ​ឆ្លង​​រាត​ត្បាតនៃ​ជំងឺ​កូវីដ​១៩​ និង​ស្លាប់​កាន់តែ​ច្រើន​ នោះ​គឺ​ជា​ជោគជ័យ​របស់​ក្រុម​ប្រឆាំង​ ដើម្បី​ពួកគេ​អាច​​ទម្លាក់​កំហុស​នៃ​ការ​ទទួល​ខុស​ត្រូវ​មក​លើ​រាជ​រដ្ឋាភិបាល​។​

ប៉ុន្តែ​ នៅពេល​ដែល​ផែន​ការ​បំផុស​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចេញ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់​សាំង ​ត្រូវ​បរា​ជ័យ​​ ដោយ​​​ប្រជាពលរដ្ឋ​មិន​ស្តាប់​ និងមិន​​ធ្វើ​តាម​ មេឧទ្ទាម​ក្រៅ​ច្បាប់​បែរ​ជា​ប្រើ​ឧបាយ​កលបំផុស​ឱ្យ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​សំរុក​ចេញ​ទៅ​ចាក់​វ៉ាក់​សាំង​វិញ​ម្តង​ នៅពេល​ដែល​ចំនួន​វ៉ាក់​សាំង​ចាក់​ជូន​ប្រជា​ពលរដ្ឋ​​នៅមាន​កំណត់​។ នេះ​ជា​ផែន​ការ​ដើម្បី​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​តវ៉ា​ ដើម្បី​ជាឆ្នួន​ធ្វើ​ឱ្យ​មាន​​ចលា​ចល​ក្នុង​សង្គម​ តែ​ទី​បំផុត​ផែន​ការ​ដ៏​អាក្រក់​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ប៉ាន់​ស្មាន​ដឹង​ជា​​មុន​និង​មាន​វិធាន​ការណ៍​ទប់​ស្កាត់​បាន​ប្រកប​ដោយ​ជោគ​ជ័យ​។​​​

ជារួម​ ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​នេះ​ ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​នៃ​មេរោគ​កូវីដ​១៩ ក្រៅ​ពី​ការ​អនុវត្ត​​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​វិធាន​សុខាភិបាល​ ៣កុំ​ ៣ការពារ​ និង​មិន​ចេញ​ក្រៅផ្ទះ​បើ​មិន​មាន​ការ​ចាំបាច់​ ប្រជាពលរដ្ឋ​​ត្រូវ​រូតរះ​ទៅទទួល​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ឱ្យ​បាន​គ្រប់ៗ​​គ្នា​ តាម​គោល​ដៅ​​អា​ទិ​ភាព​ដែល​កំណត់​​ដោយ​គណៈកម្មការ​ចាក់​វ៉ាក់​សាំង នោះ​ទើប​សហគមន៍​យើង​ឆាប់​ទទួល​បាន​នូវ​ភាព​ស៊ាំ​ឈ្នះ​និង​ជំងឺ​ដ៏កាច​សាហាវ​នេះ​។​​ សំខាន់​ជាង​នេះ​ទៀត​ ប្រជាពលរដ្ឋ​គ្រប់​រូប​​មិនត្រូវ​ជឿ​លើ​ព័ត៌មាន​​​បំភ្លៃ​ និង​ការ​ញុះ​ញង់​របស់​មេឧទ្ទាម​ក្រៅច្បាប់​ និង​ក្រុម​ប្រឆាំង​ក្រៅ​ច្បាប់​តទៅ​ទៀត​នោះ​ទេ​។ បងប្អូន​អាច​មើល​ឃើញ​ និង​ចេះ​វាយ​តម្លៃ​នូវ​អ្វី​ដែល​ជាអំពើល្អ​ និង​អ្វី​ដែល​ជាអំពើ​អាក្រក់​យ៉ាង​ពិត​ប្រាកដ​។ ជាក់​ស្តែង​ គឺ​មាន​តែ​រាជរដ្ឋាភិបាលដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​​​កម្ពុជា​ប៉ុណ្ណោះ​​ ដែលតែង​តែរួម​រស់​ ​និង​រួម​សុខ​ រួម​ទុក្ខ​ជាមួយប្រជាជន​នៅគ្រប់​កាលៈ​ទេសៈ​៕​

 ដោយ៖ ពង្ស​ សុក្រឹត្យ

ចែករំលែក

បញ្ចេញយោបល់