សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស​ប្រាប់​រដ្ឋមន្រ្តី​ឱ្យបញ្ឈប់​ការស្នើចាក់វ៉ាក់សាំង​តាមវិស័យ​នៅខេត្ត​នេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត (Video inside)

ថ្ងៃសៅរ៍ ទី ២៩ ឧសភា ២០២១​
23

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេស ដោយណែនាំដល់រដ្ឋមន្រ្តី និងភិបាលខេត្តនានា ឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយអះអាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។

តាមរយៈសារសំឡេងផ្ញើទៅកាន់ជនរួមជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា កន្លងទៅមានការស្នើមកសម្តេចជាបន្តបន្ទាប់ ដោយស្នើចាក់វ៉ាក់សាំងកូវីដ១៩ តាមខេត្ត ឬតាមក្រសួង រួមទាំងមានការស្នើចាក់តាមវិស័យ ក្នុងខេត្តនេះខេត្តនោះ ហើយក្រុមហ៊ុនខ្លះក៏ស្នើចាក់វ៉ាក់សាំងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ សម្តេចបានយកឱកាសនេះ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោកស្រី ឱ វណ្ណឌីន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំង នោះគឺ «យុទ្ធសាស្រ្តផ្ការីក» ដោយចាក់ពីក្នុងចេញក្រៅ។

សម្តេចបញ្ជាក់ថា៖ «យើងមិនអាចចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ បើធ្វើដូច្នេះយើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ»។

សម្តេចបានបន្តថា ដើម្បីបង្កើនភាពសុាំ រាជរដ្ឋាភិបាលត្រូវតែចាប់ផ្តើមចាក់ពីរាជធានីភ្នំពេញមុន ដែលរហូតដល់ពេលនេះគឺចាក់បានជាង១លាននាក់ហើយ ដោយការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា បន្ទាប់ទៅគឺបណ្តាទីប្រជុំជននៅខេត្តកណ្តាល ហើយបន្ទាប់ទៀតទើបចេញទៅតាមទីប្រជុំជននៅតាមបណ្តាខេត្តនានា និងតំបន់រោងចក្រដែលមានកម្មករកកកុញ។

សម្តេចបានបញ្ជាក់ថា៖ «យើងមិនអាចចាក់វ៉ាក់សាំងដល់កម្មករដែលមានត្រឹមតែ ៤-៥ម៉ឺននាក់ នៅក្នុងខេត្តមួយដែលមានប្រជាជនជាង១លាននាក់បានទេ អញ្ចឹងនៅពេលដែលយើងចុះទៅគឺយើងចុះទៅចាក់ស្រោចតែម្តង បើមិនបានទៅដល់ជនបទទេ ក៏យើងប្រមូលចាក់ទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ និយាយរួមកន្លែងដែលកកកុញតែម្តង ធ្វើដូច្នេះទើបមានភាពសុាំក្នុងសហគមន៍»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា សម្តេចនឹងពិភាក្សាជាមួយ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីផ្តល់អាទិភាពទៅខេត្តណាទៀត បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមសង្វាក់នៃដំណើរការតាមផែនការ។ សម្តេចបន្តថា គ្រប់ផ្នែកទាំងអស់មានទាំងកម្មករផង ត្រូវចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលយុទ្ធនាការវ៉ាក់សាំងចាប់ផ្តើមទៅដល់ខេត្តរបស់ខ្លួន លើកលែងតែករណីចាំបាច់ដែលត្រូវចាក់នៅរោងចក្រ។

សម្តេចបានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ ដែលនឹងមកដល់៤.៥លានដូសទៀតនៅខែមិថុនា និងមកដល់បន្តបន្ទាប់ទៀត។

សម្តេចក៏សូមអភ័យទោសចំពោះប្រជាពលរដ្ឋតាមបណ្តាខេត្ត ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងហើយ តែមិនទាន់ទទួលដំណឹងពីអាជ្ញាធរក្នុងការប្រាប់ឱ្យមកចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំងមានការខ្វះខាត។ បន្ថែមពីនេះ ទោះបីជាទទួលបានវ៉ាក់សាំងក៏ដោយ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការពារខ្លួនដោយអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ៕

ចែករំលែក

បញ្ចេញយោបល់