រដ្ឋបាលខេត្តសៀមរាបទទួលអំណោយរបស់អ្នកឧកញ៉ា សៀង ណាំ ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល

ថ្ងៃព្រហស្បតិ៍ ទី ១៣ ឧសភា ២០២១​
13

សៀមរាប៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានដឹកនាំប្រតិភូនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មានអង្ករ២០តោន ត្រីខ ១០០កេស និងទឹកសុទ្ធ១៥០កេស ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

នាឱកាសនេះដែរ អ្នកឧកញ៉ា សៀង ណាំ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាបនៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះដោយសារជំងឺដ៏កាចសាហាវនេះ។

លោក ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកឧកញ៉ា សៀង ណាំ និងភរិយា ព្រមទាំងប្រតិភូ ដែលបានលះបង់នូវធនធានផ្ទាល់ដោយបានផ្តល់ជូននូវសម្ភារគ្រឿងឧបភោគបរិភោគសម្រាប់បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្តសៀមរាប។ លោកអភិបាលខេត្ត ក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើងបានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានី-ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ទោះជាខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុព័ទ្ធដោយហានិភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភជាមួយប្រជាពលរដ្ឋដែលបាន វិលត្រឡប់មកពីបណ្តារាជធានី ខេត្តមានហានីភ័យខ្ពស់នៃជំងឺនេះផងដែរ។ លោកបានបន្ថែមថា រដ្ឋបាលខេត្ត បានគិតគូរក្នុងការបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ក្នុងពេល និងក្រោយពេលមានការផ្ទុះជំងឺកូវីដ-១៩ក្នុងសហគមន៍។ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជំងឺកូវីដ-១៩ ដល់ត្រឹមថ្ងៃនេះមានចំនួន៧៦នាក់ ព្យាបាលបានជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន៥៥នាក់។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកឧកញ៉ា ក៏ដូចសប្បុរសជនបន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះទៅតាមបណ្តាក្រុង ស្រុកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួមឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៀតផង៕

ចែករំលែក

បញ្ចេញយោបល់