ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់បិទខ្ទប់ នៃភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ទទួលបានអំណោយមនុស្សធម៌

ថ្ងៃចន្ទ ទី ១០ ឧសភា ២០២១​
21

កំពង់ចាម៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកស្រីសន្ធរ និងលោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម រួមជាមួយ លោកស្រី ស្រី គឹមឆយ លោកស្រី កុល ធារិន លោកស្រី ខុង ស៊ុនអេង អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម អមដំណើរដោយអាជ្ញាធរមូលដ្ឋាន បានជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារខ្វះខាត ចំនួន ៣០៨គ្រួសារ នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ រងផលប៉ះពាល់ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

នាឱនោះ លោក លូ គឹមឈន់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបការលំបាក ជាពិសេស ក្នុងស្ថានភាពបិទខ្ទប់ភូមិដែលមិនអាចចេញទៅខាងក្រៅ ដើម្បី ប្រកបរបរទទួលទាន ខាងក្រៅបាន ។ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ និងអនុវត្តវិធានការ អនាម័យ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស ការយកចិត្តទុកដាក់អនុវតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បី កាត់ផ្ដាច់ខ្សែចម្លងរាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅកម្ពុជា ជាបន្តទៀត ។

សូមបញ្ជាក់ថា សម្ភារៈនិងអំណោយដែលនាំចែកជូនប្រជាពលរដ្ឋទាំង ៣០៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ មីខ្លាឃ្មុំក្រហម ១កេស ទឹកស៊ីអ៊ីវ ១យួរ ថវិកា ១០.០០០រៀល ក្នុងមួយគ្រួសារ របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។ ថវិកា ១.៥០០.០០០រៀល របស់លោកស្រី ស្រី គឹមឆយ លោកស្រី ខុង ស៊ុនអេង លោកស្រី កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្នុងនោះបានឧបត្ថម្ភជូនអាជ្ញាធរស្រុកស្រីសន្ធរ ១លានរៀល និងជូនដល់រដ្ឋបាល ឃុំព្រែកដំបូក ៥០ម៉ឺនរៀល សម្រាប់ចាត់ចែងការងារ ផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់