ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បន្តដាំកូនឈើបំពេញចន្លោះនានាក្នុងតំបន់រមណីយដ្ឋានអង្គរ

ថ្ងៃចន្ទ ទី ១០ ឧសភា ២០២១​
16

សៀមរាប៖ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ សហការជាមួយភ្នាក់ងារទេសចរណ៍ កម្លាំងនគរបាលបេតិកភណ្ឌ រួមនិងក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា បានដាំកូនឈើឡើងវិញ ក៏ដូចជាបំពេញចន្លោះខ្វះខាតនៅតាមតំបន់ប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។

ដើមឈើដែលក្រុមការងារបានរៀបចំដាំឡើងវិញកាលពីពេលថ្មីៗនេះ រួមមាន នៅមុខប្រាសាទភ្នំបាខែង បានដើមកូនឈើចំនួន ៣១០ដើម មានដើមច្រេស១០០ដើម ដើមបេង៨០ដើម ដើមធ្នង់៨០ដើម និងដើមរំដួល៥០ដើម។ បន្ថែមពីនេះ ក្រុមការងារក៏បានសហការជីករណ្ដៅដាំកូនឈើនៅចំណុចកសិន្ធុខាងត្បូងអង្គរវត្ត និងបានដាំកូនឈើសរុប ២៦០ដើម មានដើមយាង ១០០ដើម ដើមគគីរ១០០ដើម និងដើមរំដួល៦០ដើម។

អាជ្ញាធរជាតិអប្សរានៅបន្តដាំដើមឈើដើម្បីបំពេញនៅទីកន្លែងមួយចំនួនទៀតនៅរមណីយដ្ឋានអង្គរ ក្នុងន័យដើម្បីបង្កើនគម្របព្រៃឈើ និងសោភ័ណភាពក្នុងតំបន់កាន់តែល្អប្រសើរ៕

ចែករំលែក

បញ្ចេញយោបល់