សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការនី របស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក

ថ្ងៃសៅរ៍ ទី ៨ ឧសភា ២០២១​
32

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅម្ចាស់រោងចក្រ សហគ្រាស ដែលជាគ្រឹះស្ថានការងារទាំងអស់ មិនទាន់ឱ្យអនុវត្តនូវការកំណត់លក្ខខណ្ឌ «បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ» ចំពោះកម្មករ កម្មការិនីនោះឡើយ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើតាមរយៈសារសំឡេងពិសេសមួយ ដែលត្រូវបានចែកចាយនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ។ ក្នុងសារសំឡេងនេះ សម្តេចតេជោ បានថ្លែងថា នៅថ្ងៃទី០៧ ខែឧសភា មានករណីកម្មករ កម្មការិនីរោងចក្រមួយចំនួន សម្រុកទៅសុំលិខិតចាក់វ៉ាក់សាំងពីមេភូមិ ដើម្បីបានទៅចាក់វ៉ាក់សាំង។

បើតាមសម្តេចតេជោ ហ៊ុន សែន ការធ្វើបែបនេះ ព្រោះតែពួកគេបារម្ភខ្លាចមិនអាចចូលធ្វើការងារ ដោយមិនបានចាក់វ៉ាក់សាំង ខណៈកន្លែងការងាររបស់ពួកគេបានដាក់លក្ខខណ្ឌឱ្យចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះ «សូមម្ចាស់រោងចក្រកុំបំភ័យកម្មករទៅលើបញ្ហាវ៉ាក់សាំង។ ពេលនេះមិនមែនជាពេលត្រូវយកវ៉ាក់សាំងមកធ្វើជាសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌដោះស្រាយការងារធ្វើទេ រង់ចាំដល់ទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឬរង់ចាំដល់ប្រទេសទាំងមូលចាក់វ៉ាក់សាំងហើយ។ អ្នកដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង អ្នកនោះ គឺច្បាស់ណាស់ថា អស់ការងារធ្វើ ឬរកការងារធ្វើមិនបាន ដោយសារជឿតាមការឃោសនាអកុសលនៃមនុស្សមួយចំនួន ដែលលើកឡើងថា វ៉ាក់សាំងចាក់ទៅស្លាប់ វ៉ាក់សាំងចាក់ទៅកើតជំងឺនេះ ឬជំងឺនោះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យលើការងារនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលក្ខខណ្ឌបែបនេះមិនទាន់អាចអនុវត្តបាននោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណើរការចាក់វ៉ាក់សាំង ហើយចាក់បានកម្រិតតិចតួចនៅឡើយ។

ជំនួសឱ្យការដាក់លក្ខខណ្ឌចាក់វ៉ាក់សាំងទើបឱ្យចូលធ្វើការនោះ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់គ្រឹះស្ថានការងារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានសុខាភិបាលសម្រាប់កម្មករ កម្មការិនី ព្រោះថាទោះបីចាក់វ៉ាក់សាំងហើយ ភ្លាមៗនេះ ក៏វ៉ាក់សាំងមិនទាន់មានប្រសិទ្ធភាពក្នុងការពារជំងឺកូវីដ១៩នៅឡើយ៕

ចែករំលែក

បញ្ចេញយោបល់