ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងមហាសន្និតបាតពេញអង្គប្រចាំ ឆ្នាំ២០១៦ របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោក

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
187

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងមហាសន្និតបាតពេញអង្គប្រចាំឆ្នាំ២០១៦      របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

មហាសន្និបាតនេះរៀបចំឡើង អមដោយសិក្ខាសាលាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច    និងហិរញ្ញវត្ថុពិភពលោក        និងការរីកចំរើនផ្នែកបច្ចេកវិទ្យា វិសមភាពចំណូល គោលនយោលបាយ សារពើពន្ធ រូបិយវត្ថុនិងហិរញ្ញវត្ថុ និងបញ្ហាប្រឈមចម្បងៗដែលពិភពលោកកំពុងជួបប្រទះ។

លោក ទេសាភិបាល និងគណៈប្រតិភូក៏បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាល និងរដ្ឋមន្ដ្រីហិរញ្ញវត្ថុ នៃការិយាល័យអាស៊ីអាគ្នេយ៍ (SEAV GROUP) ដើម្បីចូលរួមពិភាក្សា ផ្លាស់ប្ដូរយោលបល់ពីស្ថានភាពពិភពលោក បញ្ហាប្រឈមក្នុងតំបន់ និងគោលនយោលបាយនានា ដែលប្រទេសជាសមាជិក SEAV GROUP គួរអនុវត្តសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញាវត្ថុ។

ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំ ខាងលើគណៈប្រតិភូធនាគារជាតិនៃកម្ពុជា បានជួបជាមួយនាយកដ្ឋាននានា របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលទទួលបន្ទុកការងារកម្ពុជា រួមមាននាយកដ្ឋាន អាស៊ី-ប៉ាស៊ីហ្វិក និងនាយកដ្ឋានទីផ្សារទុនដើម្បី ជម្រាបជូនពីការអភិវឌ្ឍរបស់ វិស័យសេដ្ឋកិច្ចនិងធនាគារកម្ពុជា បញ្ហាប្រឈម និងតម្រូវការជំនួយបច្ចេកទេស ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងការរីកចម្រើនវិស័យធនាគារ និងបានបង្ហាញការគាំទ្រដល់កម្ពុជាតាមរយៈការបន្តផ្តល់ជំនួយបច្ចេកទេសអភិវឌ្ឍធនធានមនុស្ស និងជួយតាមដានស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់