អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានផ្តល់ជូនរដ្ឋបាលស្រុកចំនួន៣ ក្នុងខេត្តព្រះវិហារ ដើម្បីចែកជូនគ្រួសារអតីតយុទ្ធជន និងជនរងគ្រោះ ក្នុងកំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩

ថ្ងៃអង្គារ ទី ៤ ឧសភា ២០២១​
7

ព្រះវិហារ៖ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ លោក ប្រាក់សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកប្រគល់ជូនរដ្ឋបាលស្រុកសង្គមថ្មី ស្រុកគូលែន និងស្រុកត្បែងមានជ័យ ដើម្បីបន្តទៅចែកជូនដល់មុខសញ្ញាជាជនងាយរងគ្រោះតាមសហគមន៍ ជាគ្រួសារអតីតយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ ក្នុងកំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ១.២៣០គ្រួសារ ។

នាឱកាសនោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់អំណោយជាគ្រឿង ឧបភោគបរិភោគ ជូនមករដ្ឋបាលខេត្តព្រះវិហារយើងសរុបចំនួន ១.៣៨១គ្រួសារផងដែរ ។ រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានបន្តផ្តល់ជូនទៅរដ្ឋបាល ស្រុករវៀងចំនួន ២០០គ្រួសារ. ស្រុកឆែប,ចំនួន ១៥០គ្រួសារ, ស្រុកជ័យសែន ចំនួន ១៥០គ្រួសារ, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ២០០គ្រួសារ, ក្រុងព្រះវិហារចំនួន ២០០គ្រួសារ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៤៨១គ្រួសារ ដើម្បីចែកជូនដល់មុខសញ្ញាជាជនងាយរងគ្រោះតាមសហគមន៍ ជាគ្រួសារអតីតយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ ក្នុងកំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ ផងដែរ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់អភិបាលក្រុង ស្រុកត្រូវនាំយកទៅបន្តចែកអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាជូនក្នុងសហគម និងមូលដ្ឋានស្រុករបស់ខ្លួនជ្រើសរើសមុខសញ្ញាឲ្យបានចំគោលដៅពិតប្រាកដ និងចុះចែកដោយផ្ទាល់តាមខ្នងផ្ទះ ឬប្រមូលផ្តុំជាក្រុមតូចៗ ដោយគោរពទៅតាមវិធានការ របស់ក្រសួងសុខាភិបាល ។ សំដៅធានាបានការចែកអំណោយនេះ ពិតឆ្លើយតបបាននៅការ ខ្វះខាតពិតប្រាកដ មានតម្លាភាព និងមានអំណរសាទរនៅមូលដ្ឋាន។

អំណោយដែលប្រគល់ជូននាពេលនោះក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ៣០គក ត្រីខកំប៉ុង ៦កំប៉ុង មីខ្លាឃ្មុំ ០,៥ (កន្លះកេះ) ទឹកស៊ីអីវ ០១យួរ និងក្រម៉ាធំ០១៕

ចែករំលែក

បញ្ចេញយោបល់