ខេត្តមណ្ឌលគិរី ៖ ភ្នំណាំលៀវជាតំបន់មួយមានផ្ទៃដីទំហំ៤៧៥គីឡូម៉ែត្រការ៉េ ស្ថិតនៅជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិវ៉ារយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ត្រូវបានគេស្គាល់ថាជាកន្លែងដែលមានទេសភាពជុំវិញដ៏ស្រស់ស្អាត។ ភ្នំណាំលៀវនេះ គឺជាកន្លែងរក្សាទុកសត្វព្រៃដ៏សំខាន់មួយនៅក្នុងខេត្ត ។
បរិស្ថានដ៏ស្រស់ស្អាត ព្រៃព្រឹក្សា និងសត្វព្រៃទាំងនេះ ធ្វើឲ្យភ្នំណាំលៀវជាជម្រកសត្វព្រៃដែលអ្នកទេសចរក្នុងស្រុកនិងក្រៅស្រុកចូលចិត្តមកលេងកម្សាន្ត ។ ជម្រកសត្វព្រៃភ្នំណាំលៀវក្នុងខេត្តមណ្ឌលគិរី គឺជាកន្លែងអភិរក្សសត្វព្រៃ និងជាជម្រកសត្វព្រៃនិងសត្វស្លាបជាច្រើនប្រភេទ ។ ភ្នំនេះមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ហើយត្រូវចំណាយពេលប្រហែល៤ម៉ោងដើម្បីធ្វើដំណើរពីទីរួមខេត្ត ដោយរថយន្ត ឬម៉ូតូ ។ ការធ្វើដំណើរគឺមានផាសុកភាពបំផុត ដោយសារផ្លូវធ្វើដំណើរអម ដោយព្រៃព្រឹក្សា និងខ្យល់អាកាសបរិសុទ្ធ ។
ជម្រកសត្វព្រៃណាំលៀវ គឺជាកន្លែងកម្សាន្តសំខាន់នៅក្នុងខេត្តនេះ ដែលអ្នកធ្វើដំណើរអាចបោះតង់ស្នាក់នៅតំបន់នោះក្នុងពេលយប់បាន ។ មិនត្រឹមតែប៉ុណ្ណោះ មានខ្ទមតូចៗដែលលោកអ្នកអាចស្នាក់នៅបានផងដែរ ។ ជម្រកសត្វព្រៃនេះ ពោរពេញដោយច្រាំងថ្មស្អាតៗ ទឹកជ្រោះតូចៗ អូរ និងទេសភាពខៀវស្រងាត់ ។
អ្នកទេសចរជាច្រើនបានមកទស្សនាជម្រកសត្វព្រៃភ្នំណាំលៀវ ក្នុងខេត្តមណ្ឌលគីរីនេះ ដោយមានភ្នាក់ងារទេសចរណ៍ជាច្រើន បានរៀបចំការធ្វើដំណើរមកកាន់ទីនេះ ។ ការធ្វើទេសចរណ៍ដោយថ្មើរជើង តែងបានធ្វើឡើងដោយអ្នកស្រឡាញ់ធម្មជាតិ ។ ប្រជាប្រិយភាពរបស់ជម្រកសត្វព្រៃនេះ គឺបានទាក់ទាញភ្ញៀវទេសចរជាច្រើន និងបានលើកស្ទួយអេកូទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីឱ្យកាន់តែមានវិសាលភាពដ៏អស្ចារ្យថែមទៀត ៕