ពលរដ្ឋ​គួរ​គិត​ឱ្យ​ច្បាស់ មុន​នឹង​សម្រេចចិត្ត​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ

ថ្ងៃសៅរ៍ ទី ១១ មីនា ២០១៧​
97

បច្ចុប្បន្ន មាន​ស្ថាប័នហិរញ្ញវត្ថុ​ជា​ច្រើន​កំពុង​ធ្វើ​អាជីវកម្ម​ដោយ​ផ្ដល់​កម្ចី​ដល់​ប្រជាពលរដ្ឋ ពិសេស​នៅ​តាម​ទី​ជនបទ និង​តាម​ភូមិ​នានា​ទូ​ទាំង​ខេត្ត​-​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ស្ថាប័នហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​តាំងខ្លួន​ជា​មីក្រូហិរញ្ញវត្ថុ ខ្លះ​តាំងខ្លួន​ជា​អង្គការ ដើម្បី​ជួយ​សម្រួល​ជីវភាព​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ថវិកា​ជា​បន្ទាន់ ។ ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​គួរ​ពិចារណា​ឱ្យ​បាន​ច្បាស់ មុន​នឹង​ប្រើប្រាស់​កម្ចី​ឥណទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ មិន​ថា​ហិរញ្ញវត្ថុ​នោះ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់ ។

ការ​កើនឡើង និង​កា​រវិ​វត្ត​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ វា​អាស្រ័យ​ទៅ​លើ​កត្តា​ធំ​ៗ​ពីរ គឺ​វិស័យ​កសិកម្ម ព្រោះ​សព្វ​ថ្ងៃនេះ មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​លើសលប់ ផ្តោត​ទៅ​លើ​វិស័យ​កសិកម្ម ។ ដូចនេះ បើសិនជា​វិស័យ​កសិកម្ម​មានដំណើរ​ការ​ទៅ​ល្អ​ប្រសើរ ការ​លូតលាស់​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏​មានការ​លូតលាស់​លឿន​ជាង​ការ​ប៉ាន់ស្មាន​ដែរ ។ កត្តា​មួយទៀត គឺ​ទាក់ទង​នឹង​ស្ថានភាព​ទូទៅ​នៃ​សេដ្ឋកិច្ច និង​ស្ថានភាព​នយោបាយ​ប្រទេស​ជាតិ ដើម្បី​ជំរុញ​កំណើន​មីក្រូហិរញ្ញវត្ថុ ។

បើតាមការបញ្ជាក់របស់ លោក គា បូរាណ នាយក​ប្រតិបត្តិ​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័នហិរញ្ញវត្ថុ​ជា​ច្រើន​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​។ ដូចនេះ ប្រជាពលរដ្ឋ​គួរតែ​មើល​ឱ្យ​ច្បាស់ មុន​នឹង​សម្រេចចិត្ត​ប្រើប្រាស់​កម្ចី​ឥណទាន​ពី​ស្ថាប័ន​ណាមួយ​។ លោក​ថា ៖ គួរតែ ប្រជាពលរដ្ឋ​ដែល​ជា​អតិថិជន​ទាំងអស់ មុន​ពេល​សម្រេចចិត្ត​ប្រើ​ឥណទាន គាត់​គួរតែ​ពិចារណា​លើ​កត្តា​មួយ​ចំនួន ដូច​ជា តើ​គួរ​ជ្រើសរើស​យក​ស្ថាប័ន​បែប​ណា​ក្នុង​ការ​ខ្ចី​ឥណទាន តែ​សម្រាប់លោក ​គឺ​លើកទឹកចិត្ត​គាត់​ឱ្យ​រក​ស្ថាប័ន​ណា​ដែល​មាន​លក្ខណៈ​វិជ្ជាជីវៈ និង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ធនាគារជាតិ​នៃ​កម្ពុជា។

ប្រជាពលរដ្ឋ​គួរ​សួរ​ឱ្យ​បាន​ច្បាស់​ពី​តម្លៃ​ដែល​នឹង​ទទួល ព្រោះ​កន្លង​មក​មានការ​ក្លែងបន្លំ​ច្រើន ។ តួយ៉ាង ការ​ផ្សព្វផ្សាយ​ផ្សេង តែ​ដល់​ពេល​ជាក់ស្ដែង គឺ​តម្លៃ​ផ្សេង ដែល​នេះ​សំដៅ​ទៅ​លើ​អត្រា​ការ​ប្រាក់​នៃ​ឥណទាន » ។ លោក​បន្ត​ថា កត្តា​ដែល​ត្រូវ​គិត​មួយទៀត​នោះ គឺ​ត្រូវ​គិត​ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់​មក​វិញ ។ អតិថិជន​គួរ​គិត​ឱ្យ​បាន​ច្បាស់​ផង​ដែរ ពី​បរិមាណ​ដែល​ខ្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ តើ​គួរ​ខ្ចី​ប៉ុន្មាន ទើប​អាច​មាន​លទ្ធភាព​សង​ត្រឡប់​មក​វិញ ហើយ​សូមកុំ​សប្បាយចិត្ត​នៅ​ពេល​ដែល​ស្ថាប័នហិរញ្ញវត្ថុ​ផ្ដល់​កម្ចី​ឱ្យ​ច្រើន​នោះ ព្រោះ​ថាបើ​គ្មាន​លទ្ធភាព​សង​មក​វិញ​ទេ នឹង​កើត​ទៅ​ជា​បំណុល​ច្រើន​លើសលប់ ដែល​បង្ក​ការ​ពិបាក និង​មាន​បញ្ហា​ដល់​សង្គម​ផង​ដែរ ។ ​លោក​មាន​ប្រសាសន៍​ថា ៖ « ក្រៅពី​វិស័យ​កសិកម្ម មីក្រូហិរញ្ញវត្ថុ​ក៏​បាន​ងាក​មក​រក​វិស័យ​ពាណិជ្ជកម្ម ដែល​មាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​វិស័យ​សេវាកម្ម ហើយ​ក៏​មាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ទៀត​ផ្ដោត​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ផង​ដែរ ដូច​ជា ការ​ផ្ដល់​កម្ចី​សម្រាប់​ទិញ​ដីធ្លី និង​ផ្ទះសម្បែងជាដើម ។ យ៉ាងណា​ក្តី នៅ​ឆ្នាំ​២០១៦ យើង​អាច​និយាយ​បាន​ថា ផលប​ត្តិ​ឥណទាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រមាណ​ជា​៤០% គឺ​ផ្ដោត​លើ​វិស័យ​កសិកម្ម ។ ដូចនេះ​យើង​អាច​ប្រៀបធៀប​ឃើញ​ថា វិស័យ​កសិកម្ម​នៅ​តែ​ជា​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ផលប​ត្តិ​ឥណទាន​សរុប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ។ ជាក់ស្ដែង សម្រាប់​មីក្រូហិរញ្ញវត្ថុ AMK ផលប​ត្តិ​ឥណទាន​ក្នុង​វិស័យ​កសិកម្ម​មាន​រហូត​ដល់​៦០%​នៃ​ឥណទាន​សរុប ។ ដូចនេះ AMK ចាត់​ទុក​ថា វិស័យ​កសិកម្ម ជា​វិស័យ​ចម្បង » ។

លោក បូរាណ បាន​បន្ថែម​ថា ក្នុង​ឆ្នាំ ២០១៧​នេះ​ បើសិនជា​អតិថិជន​ដែល​ទិញ​គោលនយោបាយ​ធានា​រ៉ាប់រង​នោះ​ហើយ មាន​ជំងឺ​រហូត​ដល់​ចូល​ពេទ្យ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​ជា​ដៃគូ នឹង​ចេញថ្លៃ​ព្យាបាល​២០.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​ឈឺ​មួយ​ដង ក្រុមហ៊ុន​នឹង​បង់​ជូន​រហូត​ដល់​៦០​ថ្ងៃ ដែល​ស្មើនឹង​ទឹកប្រាក់​១.២០០.០០០​រៀល​។ ម្យ៉ាងទៀត បើ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ពិការ​ភាព បាត់បង់​ការងារ ក្រុមហ៊ុន​នឹង​បង់​ជូន​៧​លាន​រៀល ។ លោក​ថា ៖ « នេះ​គ្រាន់តែ​ជា​ការ​ជួយ​សម្រួល​មួយ​ដល់​អតិថិជន ព្រោះ​តាម​ការ​សិក្សា​ មាន​អតិថិជន​ប្រមាណ​៦០%​តែងតែមាន​ជំងឺ​ឈឺ​ថ្កាត់ ។ ​

ចែករំលែក

បញ្ចេញយោបល់