សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UN-ESCAP “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”

ថ្ងៃចន្ទ ទី ២៦ មេសា ២០២១​
20

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UN-ESCAP “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”

ទីក្រុងបាងកក, ថ្ងៃទី ២៦ – ២៩ ខែ មេសា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ

  • លោកជំទាវ អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន ESCAP;
  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់​អាស៊ី និងប៉ាស៊ីហ្វិក”

សេដ្ឋកិច្ចសកលឆ្នាំ ២០២១ នេះ ទោះបីត្រូវបានរំពឹងថានឹងងើបឡើងវិញ ប៉ុន្តែ យើងនៅតែប្រឈម​នឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យនៃការវិលត្រលប់មកវិញនូវរលកថ្មីៗនៃជំងឺនេះ ជាពិសេស តាមរយៈការបំប្លែងខ្លួនលឿនលើសពីការរំពឹងទុកនៃវីរុសកូរ៉ូណា ដែលបន្តរំខានដល់ជវភាពសេដ្ឋកិច្ច ។ ទន្ទឹមនេះ, គម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ក៏អាចបង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ និងសកល ពោលគឺ មានប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញបានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀតបន្តរងផលប៉ះពាល់ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច ។

ក្នុងបរិការណ៍នេះ, ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការង្រឹងគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រាប់យើងទាំងអស់គ្នា ។ កម្ពុជាសូមគូសបញ្ជាក់ពីសារៈ-សំខាន់ និងភាពបន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងថ្លៃសមរម្យ ជាពិសេស សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ។ ជាមួយគ្នានេះ, កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន (hoarding) និងសូមកុំឱ្យមានការប្រើប្រាស់  វ៉ាក់សាំងជាឧបករណ៍នយោបាយ (vaccine politics) ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមលើកឡើងនូវទស្សនៈ​ផ្ទាល់ខ្លួនមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ជាពិសេសពាក់ព័ន្ធនឹងការស្តារឡើងវិញក្រោយវិបត្តិ ដូចខាងក្រោម៖

(១). បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយមឱ្យកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់ភាពអនុ-​គ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីធានាថាផលប្រយោជន៍ដែលកើតចេញពីសកលភាវូបនីយកម្មត្រូវបានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព ។

(២). ជំរុញឌីជីថលូបនីយកម្មដោយផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលឌីជីថល  និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំង លើកទឹកចិត្តឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំ-ទូលាយ ដែលនេះនឹងដើរតួជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ភាពប្រកួត-ប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ។

(៣). ជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល, លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ទាំងគុណភាព និងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ។

(៤). ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយលើកកម្ពស់កិច្ចដំណើរការអាជីវកម្មក្នុងសេដ្ឋកិច្ចផ្លូវការ និងធានាការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ក៏ដូចជា​បច្ចេកទេសគ្រប់គ្រង ដើម្បីជំរុញការតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និងការបម្រើដល់ឧស្សាហកម្មធំៗ ។  ទន្ទឹមនេះ, បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះធម្មជាតិ ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ, ធានាចីរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ជារួម, កម្ពុជាជឿជាក់ថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោយវិបត្តិទាមទារឱ្យយើងទាំងអស់គ្នាត្រូវឆ្លើយតបជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដោយឈរលើស្មារតីសាមគ្គីភាព រួមទាំងកិច្ចសហការ និងការគោរពគ្នាទៅវិញទៅមក ។

ជាចុងបញ្ចប់, ខ្ញុំសូមជូនពរឱ្យសន្និបាតប្រចាំឆ្នាំលើកទី ៧៧ នេះ ទទួលបានផ្លែផ្កាជាទីមោទនៈ ។

សូមអរគុណ!

ចែករំលែក

បញ្ចេញយោបល់