ឆ្នេរសមុទ្រ​ទាំង​៤​របស់​កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម

ថ្ងៃសុក្រ ទី ១ កក្កដា ២០១៦​
1243

នៅកម្ពុជា តំបន់ឆ្នេរសមុទ្រ គឺជាគោលដៅទេសចរណ៍កំពុងពេញនិយមសម្រាប់អ្នកទេសចរជាតិ-អន្តរជាតិ ។ នៅឆ្នាំ២០១៥កន្លងទៅ ទេសចរជាតិប្រមាណ១លាននាក់ និងទេសចរអន្តរជាតិប្រមាណជាង៦០ម៉ឺននាក់ បានទៅទស្សនាតំបន់ឆ្នេរសមុទ្រនៃខេត្តទាំង៤ កែប កំពត កំពង់សោម និងកោះកុង ។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានលើកឡើងនៅក្នុងសិក្ខាសាលាមួយស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងវិនិយោគរវាងតំបន់រដ្ឋបាលពិសេសម៉ាកាវ និងក្រសួងទេសចរណ៍នៅថ្ងៃទី៣០ ឧសភា ថា កម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ឆ្នេរខ្សាច់ស ទឹកសមុទ្រខៀវស្រងាត់ ដែលនៅលើសាកលលោកកម្រនឹងមាន និងមានប្រវែងជាង៤៤០គីឡូម៉ែត្រជាប់ជាសមាជិកក្លិបឆ្នេរសមុទ្រដ៏ស្រស់ស្អាតលើពិភពលោក ។

លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា ដោយមើលឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ មហាសន្និបាតក្លិបឆ្នេរស្អាតពិភពលោកបានសម្រេចបោះឆ្នោតឱ្យកម្ពុជាជាអនុប្រធានក្លិបឆ្នេរស្អាតលើពិភពលោកទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក ។

លោកបន្តថា បច្ចុប្បន្ននៅលើពិភពលោកភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៤០ភាគរយចូលចិត្តទស្សនាគោលដៅទេសចរណ៍វប្បធម៌ ប្រមាណជាង២៥ភាគរយចូលចិត្តទស្សនាកម្សាន្ត សម្រាកលំហែតំបន់ឆ្នេរសមុទ្រ ។ ក្រៅពីនោះធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ទីក្រុង តំបន់ទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) ទេសចរណ៍ជនបទ និងកន្លែងផ្សេងៗទៀត ។

ដោយឡែកកម្ពុជារំពឹងថា ឆ្នាំ២០២០ ឆ្នេរសមុទ្រកម្ពុជាអាចនឹងមានទេសចរជាតិប្រមាណ២លាននាក់ និងទេសចរអន្តរជាតិប្រមាណ១លាននាក់ ។ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងខិតខំរៀបចំកែលម្អការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យបានល្អប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ។

ក្រសួងទេសចរណ៍បានអំពាវនាវឱ្យពលរដ្ឋ អាជីវករ និងផ្នែកពាក់ព័ន្ធចូលរួមលើកកម្ពស់ថែរក្សាការពារអនាម័យ បរិស្ថាន និងសោភ័ណភាពតំបន់ឆ្នេររបស់កម្ពុជាឱ្យបានល្អស្របតាមពាក្យស្លោក «ឆ្នេរស្អាត សេដ្ឋកិច្ចរុងរឿង(Healthy Bay Healthy Economy) ទីក្រុងបៃតង ផ្ទៃសមុទ្រខៀវស្រងាត់ (Green City Blue Sea) ៕

887e9dc0-2c18-4d86-b6c6-55ffcdef00a1 046b181d-b79a-4705-bdb8-c510734c4d1d 6c797138-4fc2-4042-a178-0b0bbdafaccb

ចែករំលែក

បញ្ចេញយោបល់