នាវា​ទេសចរណ៍​ចេញពី​អា​មេ​រិ​ក​ឆ្ពោះទៅ​គុយ​បា​ជា​ប្រវត្តិសាស្ត្រ

ថ្ងៃចន្ទ ទី ៤ មេសា ២០១៦​
111

សារព័ត៌មានបរទេស កាលពីពេលថ្មីៗកន្លងមកផ្សាយថា នាវាទេសចរណ៍ «Adonia» របស់ក្រុមហ៊ុន «Carnival Corporation» បានចេញដំណើរដោយផ្ទុកអ្នកទេសចរចំនួន៧០៤នាក់ ជាជនជាតិអាមេរិក និងគុយបា ពីកំពង់ផែក្រុងម៉ៃអាមី កាលពីល្ងាចថ្ងៃទី១ មេសា ២០១៦ ម៉ោងនៅក្នុងស្រុក ឆ្ពោះទៅកំពង់ផែជាច្រើននៅគុយបា ដោយគោលដៅដំបូង គឺកំពង់ផែក្រុងឡាហាវ៉ាន ។

ក្រុមហ៊ុន «Carnival Corporation» បានដំណើរការនាវាទេសចរណ៍របស់អាមេរិកលើកដំបូង ដែលទទួលការអនុញ្ញាតពីរដ្ឋាភិបាលវ៉ាស៊ីនតោន និងរដ្ឋាភិបាលឡាហាវ៉ាន ក្នុងគោលដៅរវាងអាមេរិក និងគុយបា បន្ទាប់ពីប្រទេសទាំង២ សម្រេចកិច្ចព្រមព្រៀងលើកស្ទួយចំណងមិត្តភាពនៅចុងឆ្នាំ២០១៤ ។

អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនឱ្យដឹងថា កំណត់ពេលចេញដំណើររបស់នាវាចំនួន២លើកក្នុងមួយសប្តាហ៍ និងថ្លៃសំបុត្រអ្នកដំណើរចាប់ពី១៨០០ដុល្លារឡើងទៅ ។

នៅមុនពេលលោក ហ្វ្រ៊ីដែល កាស្ត្រូ ប្រតិបត្តិផ្ទេរអំណាចនយោបាយ និងដឹកនាំគុយបា កាលពីឆ្នាំ១៩៥៩ ការធ្វើដំណើរដោយនាវាទេសចរណ៍រវាងអាមេរិក និងគុយបា ឆ្លងកាត់ដែនទឹកក្នុងរដ្ឋផ្លរីដា គឺជាផ្នែកមួយក្នុងវិធីសាស្ត្រដែលពលរដ្ឋប្រទេសទាំង២និយមធ្វើដំណើរចេញ-ចូល ប៉ុន្តែក្រោយមករដ្ឋាភិបាលឡាហាវ៉ាន បានចេញច្បាប់ហាមពលរដ្ឋធ្វើដំណើរចេញទៅក្រៅប្រទេសតាមនាវា ដោយអនុញ្ញាតាមយន្តហោះវិញ ។

ការអនុញ្ញាតឱ្យធ្វើដំណើរតាមនាវានេះ បន្ទាប់ពីរដ្ឋាភិបាលលុបចោលបម្រាមចាស់កាលពីពេលថ្មីៗកន្លងមក ៕

ចែករំលែក

បញ្ចេញយោបល់