នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១៣នាក់ សុទ្ធតែជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

ថ្ងៃព្រហស្បតិ៍ ទី ៨ មេសា ២០២១​
8

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១៣នាក់ ​សុទ្ធ​សឹងតែជាករណីដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង ១១៣នាក់នេះ ​មាន​ជនជាតិខ្មែរ ១០៩នាក់​ និងជនជាតិ​ចិន ៤នាក់ ​ដែលបានរកឃើញ​នៅក្នុង​​រាជធានីភ្នំពេញ ១០៣នាក់ ខេត្តកណ្ដាល ៣​នាក់ ខេត្ត​ព្រះសីហនុ ៣​នាក់ ​ ខេត្ត​ស្វាយ​រៀង ៣​នាក់ និងខេត្តកំពតម្នាក់។

ជា​មួយ​គ្នានេះ ក្រសួងសុខាភិបាលក៏បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះស្បើយអ្នក​ជំងឺ​ ៩០នាក់​​ផងដែរ ដែល​​​​អ្នក​ឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ចំនួន ៨៨នាក់ មាន​ជនជាតិ​ខ្មែរ ៧៩នាក់ ​ជនជាតិចិន ៧នាក់​ជន​ជាតិ​វៀតណាមម្នាក់ និងជនជាតិ​មីយ៉ាន់ម៉ា​ម្នាក់។ ចំពោះ ពីរ​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ គឺ​ជា​​បុរស​ជនជាតិ​ខ្មែរ ជា​អ្នក​បម្រើការ​នៅ​អង្គការ​សហ​ប្រជាជាតិ (កងទ័ព​មួក​ខៀវ UN) និងបុរស​ជន​ជាតិឥណ្ឌូនេស៊ី ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣.០២៨នាក់ ក្នុងនោះអ្នកឆ្លង​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ២.៤៩៦​នាក់ អ្នក​ជាសះស្បើយចំនួន ១.៩១៤នាក់ និងអ្នកជំងឺ ១.០៨៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ចែករំលែក

បញ្ចេញយោបល់