នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩១នាក់ ក្នុងនោះអ្នកជំងឺ ៩០នាក់ ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

ថ្ងៃពុធ ទី ៧ មេសា ២០២១​
13

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩១នាក់ ក្នុងនោះអ្នកជំងឺ ៩០នាក់ ​ជាករណីដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» និងអ្នកជំងឺម្នាក់​ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង ៩០នាក់នេះ ​មាន​ជនជាតិខ្មែរ ៨៩នាក់​ និងជនជាតិ​វៀតណាម​ម្នាក់ ​ដែលបានរកឃើញ​នៅក្នុង​​រាជធានីភ្នំពេញ ៧៨នាក់ ខេត្ត​តាកែវ ៤​នាក់ ខេត្ត​ស្វាយ​រៀង ៣​នាក់ ខេត្តព្រៃវែងម្នាក់ ខេត្ត​​​ត្បូង​ឃ្មុំ​ម្នាក់ ​ខេត្តកំពង់ចាម​ម្នាក់ ខេត្ត​ពោធិ៍សាត់ម្នាក់ និងខេត្តប៉ៃលិនម្នាក់។ ចំណែក​ឯ មួយ​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ជាជនជាតិ​ឥណ្ឌូនេស៊ី ធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី៥ ខែមេសា ឆ្នាំ​២០២១។

ជា​មួយ​គ្នានេះ ក្រសួងសុខាភិបាលក៏បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះស្បើយអ្នក​ជំងឺ​ ៣០នាក់​​ផងដែរ ដែលជា​​​អ្នក​ឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ចំនួន ២៩នាក់ មាន​ជនជាតិ​ខ្មែរ ២០នាក់ ​ជនជាតិចិន ៧នាក់ ​និង​ជនជាតិ​វៀតណាម ២​នាក់។ ចំពោះ មួយ​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ ជា​​ជន​ជាតិឥណ្ឌូនេស៊ី។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២.៩១៥នាក់ ក្នុងនោះអ្នកឆ្លង​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ២.៣៨៣​នាក់ អ្នក​ជាសះស្បើយចំនួន ១.៨២៤នាក់ និងអ្នកជំងឺ ១.០៦៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ចែករំលែក

បញ្ចេញយោបល់