អ្នកទេសចរ​រាប់​ពាន់​នាក់​ទៅ​លេង​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់

ថ្ងៃសុក្រ ទី ២៩ មេសា ២០១៦​
497

បើទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបញ្ចប់ទៅហើយក្តី សម្រាប់តំបន់ទេសចរណ៍នៅខេត្តក្រចេះ នៅតែមានភ្ញៀវទៅលេងកម្សាន្តជាហូរហែ ពិសេសនៅថ្ងៃឈប់សម្រាក់ចុងសប្តាហ៍ ។ ក្រៅពីរមណីយ ដ្ឋានអេកូទេសចរណ៍ទឹកជួរទន្លេមេគង្គកាំពី និងតំបន់ទេចរណ៍អន្លង់ផ្សោត ដែលអ្នកទេសចរនៅតែបន្តទៅលេងកម្សាន្តជាប់ជាប្រចាំនោះ ក៏នៅមានតំបន់អេកូទេសចរណ៍មួយទៀត គឺឆ្នេរខ្សាច់កោះទ្រង់ ទន្លេមេគង្គ ។

កោះទ្រង់ ជាកោះមួយមានទីតាំងនៅកណ្តាលដងទន្លេមេគង្គ ទល់មុខទីប្រជុំជនខេត្ត ហើយបានកាត់ចូលក្នុងរដ្ឋបាលក្រុងក្រចេះ ជាសង្កាត់កោះទ្រង់ ។ ក្រៅពីសក្តានុពលកសិកម្ម ធម្មជាតិដ៏សម្បូរបែប និងមានឈ្មោះល្បីដូចជាក្រូចត្លុង បន្លែ ផ្លែឈើ ផ្សេងទៀត របស់អ្នកភូមិដែលរស់នៅលើដីកោះចំនួនជាង៣០០គ្រួសារ ដែលបានដាំដុះលក់ដូរជាប្រចាំនោះ កោះទ្រង់បានផ្តល់សក្តានុពលធំធេងមួយទៀតជាមួយអេកូទេចរណ៍ដ៏សម្បូរបែបនោះគឺឆ្នេរខ្សាច់កោះទ្រង់នៅពេលថ្ងៃរៀបលិច ។

រដូវទឹកសម្រក ទឹកទន្លេថ្លាឆ្វង់ ហូរឆ្លុះពីលើឆ្នេរខ្សាច់នៅកណ្តាលទន្លេដ៏ធំល្វឹងល្វើយ រំលេចដោយពន្លឺចែងចាំងលើផ្ទៃទឹកពីព្រះអាទិត្យ និងថ្ងៃរៀបលិច ។ សោភ័ណភាពនេះបានធ្វើឲ្យមានការទាក់ទាញជាខ្លាំង រហូតធ្វើឲ្យអ្នកទេសចរក្នុងខេត្តមួយចំនួនធំនៅតែបន្តនាំគ្នាទៅងូតទឹកលេង និងទទួលទានអាហារតាមលក្ខណៈគ្រួសារ និងមិត្តភក្តិយ៉ាងកកកុញ គួរឲ្យចាប់អារម្មណ៍ ។

មានការគត់សម្គាល់ថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបញ្ចប់ ជារៀងរាល់ថ្ងៃ ពិសេសពេលល្ងាច អ្នកទេសចរប្រុស-ស្រី ក្មេង-ចាស់ នៅតែបន្តនាំគ្នាជិះទូកដឆ្លងពីត្រើយម្ខាងនៃខេត្តឆ្ពោះទៅកាន់មាត់ឆ្នេរខ្សាច់កោះទ្រង់ ។

សម្លេងហ៊ោកញ្ជ្រៀវទាំងនៅក្នុងទឹក នៅលើរោងធ្វើអំពីឫស្សីប្រក់ស្បូវ និងនៅលើឆ្នេរខ្សាច់ក្បែរមាត់ទឹកនៅតែលាន់លឺទ្រហឹងអឺងកងរហូតទល់ព្រលប់ថ្ងៃលិចទើបស្ងាត់ ក្រោយពីអ្នកទេសចរងូតទឹកលេងរួច និងបាននាំគ្នាត្រឡប់មកផ្ទះរៀងៗខ្លួនវិញ ។ ស្របពេលអ្នកទេសចរទៅលេងកម្សាន្តលើឆ្នេរខ្សាច់ទ្រង់មានចំនួនច្រើនលើសលប់នឹកស្មានមិនដល់នេះនគរបាលទេសចរ និងអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាសុខសុវត្ថិភាពជូនភ្ញៀវ ។

បើតាមការលើកឡើងពីមន្ត្រីនគរបាលទេសចរខេត្តឲ្យដឹងថា មួយថ្ងៃៗ ពិសេសពេលល្ងាច ក្រៅពីអ្នកទេសចរបរទេសដែលទៅសម្រាកលំហែកាយនៅតាមសណ្ឋាគារ ផ្ទះសំណាក់នៅលើក្បាលកោះ ក្នុងនោះក៏នៅមានអ្នកទេសចរជាតិមិនតិចពីជាង១ពាន់នាក់ក្នុងមួយថ្ងៃបានឆ្លងសាឡាងសំដៅទៅងូតទឹកលេង និងលំហែកាយនៅលើឆ្នេរខ្សាច់ ។

បើតាមអ្នកទេសចរក្នុងខេត្ត ដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រង់ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេចូលចិត្តទៅលេងទីនោះដោយសារតែតំបន់ទេសចរណ៍មួយនោះជាប់នឹងខេត្តងាយទៅមក ។ ម្យ៉ាងវិញទៀត សម្រស់ឆ្នេរខ្សាច់តំបន់រមណីយដ្ឋានគួរឲ្យគយគន់ ។ អ្នកទេសចរមួយចំនួនធំ ជាមន្ត្រីរាជការ និងជាអ្នកលក់ដូរបានទៅលេងកម្សាន្ត ខណៈសម្រាកពីការងារ និងរបររកស៊ី ។

អ្នកទេសចរទាំងនោះនិយាយថា ឲ្យតែមានពេលទំនេរពួកគាត់ទៅលេងកោះទ្រង់រហូតដល់រដូវធ្លាក់ភ្លៀងទឹកឡើងទើបឈប់ ។ ស្របគ្នានេះពួកគាត់ស្នើឲ្យនគរបាលទេសចរបង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពនៅពេលជួបហេតុការណ៍ជាយថាហេតុណាមួយ ៕

20161012_koh-trong-004 20161012_koh-trong-002 20161012_koh-trong-001

ចែករំលែក

បញ្ចេញយោបល់