នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ សុទ្ធតែជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

ថ្ងៃចន្ទ ទី ៥ មេសា ២០២១​
7

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ ​សុទ្ធ​សឹង​តែ​ជាករណីដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង ៦៣នាក់នេះ ​មាន​ជនជាតិខ្មែរ ៦០នាក់​ ជនជាតិវៀតណម ២នាក់ និងជនជាតិម៉ាឡេស៊ី​​ម្នាក់ ​ដែលបាន​រក​ឃើញនៅក្នុង​​រាជធានីភ្នំពេញ ៣១នាក់ ខេត្ត​ស្វាយរៀង ២២​នាក់ខេត្តព្រះសីហនុ ៦នាក់ ខេត្ត​កំពង់ឆ្នាំ ២​នាក់ ​ខេត្តកណ្ដាល​ម្នាក់​ និងខេត្ត​ព្រៃវែងម្នាក់។

ជា​មួយ​គ្នានេះ ក្រសួងសុខាភិបាលក៏បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះស្បើយអ្នក​ជំងឺ​ ៩៤នាក់​​ផងដែរ ដែលជា​​​អ្នក​ឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» មាន​ជនជាតិ​ខ្មែរ ៦៦នាក់ ជនជាតិចិន ១៩នាក់ ​ ​ជនជាតិមីយ៉ាន់ម៉ា ៨នាក់ និងជនជាតិវៀតណាម​ម្នាក់​។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២.៧៥២នាក់ ក្នុងនោះអ្នកឆ្លង​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ២.២២២​នាក់ អ្នក​ជាសះស្បើយចំនួន ១.៧៤៧នាក់ និងអ្នកជំងឺ ៩៧៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ចែករំលែក

បញ្ចេញយោបល់