នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩នាក់ ក្នុងនោះអ្នកជំងឺ ៦៨នាក់ ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

ថ្ងៃសុក្រ ទី ២ មេសា ២០២១​
9

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩នាក់ ក្នុងនោះអ្នកជំងឺ ៦៨នាក់ ​ជាករណីដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» និងអ្នកជំងឺម្នាក់​ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង ៦៨នាក់នេះ ​មាន​ជនជាតិខ្មែរ ៦៤នាក់​ ជនជាតិ​ចិន ៣នាក់ និងជនជាតិ​វៀតណាម​​ម្នាក់ ​ដែលនៅក្នុង​​រាជធានីភ្នំពេញ ២៣នាក់ ​ខេត្តកណ្ដាល ១៣​នាក់​ ខេត្ត​ស្វាយរៀង ២៨​នាក់ និងខេត្តព្រះសីហនុ ៤នាក់។ ចំណែក​ឯ មួយករណី​នាំ​ចូល​ពី​ក្រៅប្រទេស ជាជនជាតិ​ឥណ្ឌូនេស៊ី ​ធ្វើ​ដំណើរ​មកពី​ប្រទេសឥណ្ឌូនេស៊ី​ ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ​២០២១។

ជា​មួយ​គ្នានេះ ក្រសួងសុខាភិបាលក៏បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះស្បើយអ្នក​ជំងឺ​ ១៦នាក់​​ផងដែរ ដែលជា​​​អ្នក​ឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» មាន​ជនជាតិ​ខ្មែរ ១០នាក់ ជនជាតិចិន ៥នាក់​ ​និងជនជាតិវៀតណាមម្នាក់​។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២.៥៤៦នាក់ ក្នុងនោះអ្នកឆ្លង​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ២.០១៧​នាក់ អ្នក​ជាសះស្បើយចំនួន ១.២៥៦នាក់ និងអ្នកជំងឺ ១.២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ចែករំលែក

បញ្ចេញយោបល់