ទស្សនៈវិភាគ៖ «ឥរិយាបថថ្មីរបស់ប្រជាពលរដ្ឋ បង្ហាញពីគុណសម្បត្តិដ៏អស្ចារ្យរបស់មេដឹកនាំកម្ពុជា»

ថ្ងៃព្រហស្បតិ៍ ទី ១ មេសា ២០២១​
49

ស្ថិតក្នុងបរិការដែលកម្ពុជាកំពុងតែរងនូវការវាយប្រហារដ៏គួរឱ្យព្រួយបារម្ភមួយនៅពេលថ្មីៗនេះ ពីមេរោគកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងមានការភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំងនោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រជាពលរដ្ឋកម្ពុជា មិនបានភ័យស្លន់ស្លោររហូតបង្កឱ្យមានចលាចលនៅក្នុងផ្ទៃប្រទេសនោះឡើយ។ ប្រជាពលរដ្ឋភាគច្រើនមានជំហររឹងមាំ មិនតក់ស្លុតហួសហេតុ បង្កការជ្រួលច្របល់នោះទេ។

គេនៅចាំបានថា កន្លងមក គឺនៅពេលដែលមានព្រឹត្តិការណ៍អាសន្នណាមួយកើតឡើង ប្រជាពលរដ្ឋកម្ពុជាមួយចំនួនមិនខ្វល់ថារឿងនោះធំឬតូច ពិត ឬមិនពិតនោះទេ តែងតែភាពភ្ញាក់ផ្អើលខ្លាំងរហូតដល់បាត់ម្ចាស់ការ ដូចជាករណីផ្អើលនាំគ្នាទៅដកប្រាក់ពីធនាគារព្រោងព្រាត នាំគ្នាប្រជែងទៅទិញស្បៀងស្តុកទុកដែលបង្កឱ្យទំនិញគ្រប់ប្រភេទឡើងថ្លៃ នាំគ្នាធ្វើដំណើរគេចចេញពីកន្លែងមួយទៅកន្លែងមួយ នាំគ្នាតម្រង់ជួរដណ្តើមចាក់ប្រេងឥន្ធនៈ សំរុកទៅទិញថ្នាំពេទ្យ ឬធ្វើពិធីសែនព្រេងបែបអបិយជំនឿផ្សេងៗតាមគ្រប់រូបភាពដែលបានបង្កនូវភាពចលាចល។ ប៉ុន្តែបច្ចុប្បន្ន សកម្មភាពបែបនេះគឺមិនបានកើតឡើងដូចពេលមុនៗទៀតឡើយព្រោះ​តែប្រ​​ជា​ពលរដ្ឋកម្ពុជាសម័យថ្មីនេះ បានផ្លាស់ប្តូរពីការភ័យតក់ស្លុត និងស្លន់ស្លោរ មកជាការជឿទុកចិត្តខ្ពស់លើរាជរដ្ឋាភិបាលដែលជាអាណាព្យាបាលរបស់ខ្លួនយ៉ាងលើសលុបទៅវិញ។

តើការផ្តល់នូវជំនឿទំនុកចិត្តដ៏ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរក្នុងសម័យនេះបានកើតចេញពីកត្តាអ្វីខ្លះ? សូមក្រឡេកមើលកត្តាចំនួន៣សំខាន់ៗក្នុងចំណោមកត្តាជាច្រើនទៀតដូចខាងក្រោម៖

១- កត្តាបុគ្គលភាពដ៏អង់អាចនិងសមត្ថភាពដ៏កម្រមានដូចរបស់មេដឹកនាំកម្ពុជា៖

ភាពម៉ត់ចត់និងអង់អាចព្រមទាំងសមត្ថភាពខ្ពស់ពិតប្រាកដនិងការលះបង់របស់មេដឹកនាំកម្ពុជាដើម្បីប្រ​ជាពលរដ្ឋរបស់ខ្លួនគឺជាកត្តាដ៏សំខាន់បំផុតមិនអាចខ្វះបានឡើយ។ ជាក់ស្តែង តាំងពីមានករណីឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២០ និងនៅដើមឆ្នាំ២០២១ មក មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋទូទៅមើលឃើញថា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ដើម្បីប្រយុទ្ធទប់ស្កាប់នូវការឆ្លងរីករាលដាលកម្រិតធ្ងន់នៃជំងឺកូវីដ-១៩។

អ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើគឺក្នុងបុព្វហេតុការពារអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរដែ​លធ្វើឱ្យប្រជាពលរដ្ឋតែងតែកោតសរសើរពីគម្រូវីរៈភាពរបស់លោកជាប់ជានិច្ច។ លោកបានដើរតួនាទីដ៏សំខាន់បំផុតនិងជាស្នូលនៅក្នុងគ្រប់ជំហាននៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវជាសកលមួយនេះ ហើយត្រូវបានមហាជនទូទៅមើលឃើញថាជាមដឹកនាំដែ​លតែងតែភ្ជាប់ខ្លួនទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ធ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។

២- កត្តាឯកភាពនិងសាមគ្គីភាពក្នុងជួររាជរដ្ឋាភិបាលដ៏រឹងមាំ គឺការគោរពបទបញ្ជារបស់ប្រមុខដឹកនាំគ្រប់កាលៈទេសៈ៖

ការអនុវត្តតាមបទបញ្ជាដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅគ្រប់ផ្នែកទាំងអស់ដោយស្រុះដៃគ្នានិងប្រកៀកស្មាគ្នាជានិច្ចក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ-១៩ គឺបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មិនសរសើរមិនបានឡើយ។ នាពេលបច្ចុប្បន្នេះ ក្រសួងសុខាភិបាលក៏ដូចជាក្រសួង-ស្ថាប័ននានា ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ អាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធទាំងអស់ បាននិងកំពុងប្រយុទ្ធទប់ទល់និងតស៊ូពុះពារនូវរាល់ការលំបាកនៃការឆ្លងរីករាលដាលក្នុងសហគមន៍ដើម្បីឆ្ពោះទៅទប់ស្កាត់អោយបាននូវស្ថានភាពឆ្លងក្នុង

ស​ហគមន៍ដ៏គួរឱ្យព្រួយបារម្ភ ជាពិសេសគឺសភាពការណ៍ជាយថាហេតុណាមួដែលអាចនឹងកើតឡើង។ គឺក្រុមមនុស្សទាំងនេះហើយដែលបានធ្វើសកម្មភាពជាគម្រូដ៏ល្អតាមរយៈការលះបង់ទាំងកំលាំងកាយចិត្ត និងថវិកាដើម្បីបុព្វហេតុការពារប្រជាពលរដ្ឋពីជំងឺឆ្លងកូវីដ-១៩។ ការខិតខំប្រឹងប្រែងពីគ្រប់ផ្នែកពាក់ព័ន្ធនេះ ត្រូវបានគេជឿថា គឺបានកើតចេញពីការដឹកនាំ ប្រ​កបដោយយុទ្ធសាស្ត្រច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។

វិធានការសុខាភិបាលដើម្បីការពារជំងឺឆ្លងជាសាធាណៈត្រូវបានដាក់ចេញជាបន្តបន្ទាប់តា​ម​រយៈការគិតគូរពីផលប៉ះពាល់លើគ្រប់ជ្រុងជ្រោយ និងគ្រប់ផ្នែកទាំងអស់ដែលប្រជាពលរដ្ឋ អា​ចជួបប្រទះ។ ជាមួយគ្នានេះ វិធានការហិរញ្ញវត្ថុ ក៏ត្រូវបានគេមើលឃើញថា បានរៀបចំយ៉ាងល្អដែលធានាបាននូវស្ថេរភាពនៃការចំណាយជាប្រចាំ ទាំងការទ្រទ្រង់ចរន្តការងារទូទៅនិងទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

៣- កត្តាចំណេះដឹងនិងសច្ចភាពសង្គម៖

ប្រជាពលរដ្ឋកម្ពុជាសម័យថ្មី មានចំណេះដឹងកាន់តែទូលំទូលាយ មានកម្រិតវិភាគ បានកា​ន់តែច្បាស់លាស់។ ហេតុដូច្នេះហើយ ភាគច្រើនពួកគាត់កាន់តែមានជំនឿថា ពួកគាត់ ពិតជាត្រូវការវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយខ្វះមិនបាននៅគ្រប់កាលៈទេសៈទាំងអស់។ ជាការពិតណាស់ ការបង្ហាញឱ្យឃើញរឹតតែច្បាស់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលជាអាណាព្យាបាល និងជាឪពុកម្តាយរបស់ប្រជាពលរដ្ឋតាមរយៈការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយចាត់ទុកតម្រូវការរបស់ប្រជាពលរដ្ឋគឺជារឿងសំខាន់និងដំ​បូងគេបង្អស់នោះ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែច្រើនលើសលុបគាំទ្រប្រមុខរាជរដ្ឋាភិបាល។ ការគាំទ្រពីប្រជាពលរដ្ឋនេះហើយដែលជាកំលាំងជួយជ្រោមជ្រែង និងជំរុញឱ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ទទួលបានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។

ជាក់ស្តែង បើក្រឡេកមើល សកម្មភាពការងារប្រចាំថ្ងៃទាំងការយកសំណាក ការរៀបចំគ្រប់​គ្រងការធ្វើចត្តាឡីស័ក និងការដាក់ចេញនូវវិធានការបន្ទាន់នានា ការព្យាបាលអ្នកជំងឺ ការរៀ​បចំយន្តការថ្មីៗបន្ថែមទាំងផ្លូវច្បាប់ និងជាពិសេស គឺការគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរប​ស់ប្រជាពលរដ្ឋគឺជាការងារដ៏ស្មុគស្មាញនិងជាការលំបាកណាស់ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែប្រឹងប្រែងធ្វើជាប្រចាំនិងជាប់ជានិច្ចដើម្បីបម្រើឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

សរុបមកវិញ កត្តាដ៏សំខាន់ៗទាំង៣ខាងលើនេះ គឺបានជះឥទ្ធិពលដល់ផ្នត់គំនិតរបស់ប្រជាព​លរដ្ឋខ្មែរដែលធ្វើអោយប្រជាពលរដ្ឋជាទូទៅគឺបានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ក្លាយទៅជាពលរដ្ឋដែលមានភាពនឹងនរជាងមុន មិនសូវទទួលរងឥទ្ធិពលអវិជ្ជមានពីមជ្ឈដ្ឋានអាក្រក់ណា មួយ និងមិនសូវជឿពាក្យចចាមអារាមផ្តេសផ្តាសដែលកត្តាទាំងអស់នេះក៏បានបង្ហាញអំពីគុ​ណសម្បត្តិដ៏អស្តារ្យរបស់មេដឹកនាំកម្ពុជាផងដែរ៕

ដោយ៖ ស ជាតិ

ចែករំលែក

បញ្ចេញយោបល់