មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ចំនួន១១នាក់ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអំពីកម្មវិធីអនាម័យ និងទឹកស្អាត

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
140

មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក និងលេខាធិការដ្ឋានសហគមន៍ចំនួន ១១នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអំពីកម្មវិធីអនាម័យ     និងទឹកស្អាត     ដែលវគ្គបណ្តុះបណ្តាលនេះ     មានរយៈពេល៤ថ្ងៃ    ដោយចាប់ផ្តើមពីថ្ងៃទី១១    ដល់១៤ ខែតុលាឆ្នាំ២០១៦ នៅនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា  ដើម្បីពង្រឹងការយល់ដឹងបន្ថែម និងផ្ដល់ការផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ រៀបរាប់ថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធនឹងការផ្សព្វផ្សាយអប់រំកម្មវិធីអនាម័យ និងទឹកស្អាតដល់ប្រជាពលរដ្ឋ ។ វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ    (PAAGRA)   ដែលធ្លាប់បានចុះអនុស្សារណៈយោគយល់គ្នា   កន្លងមករវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងស្ថាប័នរបស់ប្រទេសបារាំងចំនួន ៦ផ្សេងទៀត ។

លោកបន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរា បានអនុវត្តសាកល្បងនូវកម្មវិធីអនាម័យទឹកស្អាត ក្នុងភូមិចំនួន៤ ក្នុងចំណោម ១១២ភូមិ នៃតំបន់អង្គរ។ កម្មវិធីបណ្តុះបណ្តាលនៅពេលនេះ ក៏ដើម្បីពង្រីកការផ្សព្វផ្សាយទៅតាមបណ្តាភូមិផ្សេងៗទៀត ឲ្យប្រជាពលរដ្ឋរស់នៅមានអនាម័យ មានបង្គន់ប្រើប្រាស់ត្រឹមត្រូវ និងមានទឹកស្អាតប្រើប្រាស់ ។ នេះជាផ្នែកមួយនៃកម្មវិធី លើកស្ទួយកម្រិតជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ។

លោក ស៊ឹម សៅរ៉ា បុគ្គលិកនៃអង្គការ CWS (Church World Service) និងជាប្រធានគម្រោងផ្នែកអប់រំទឹកស្អាត និងអនាម័យ ដែលជាគ្រូបង្គោល នៃវគ្គបណ្តុះបណ្តាលនេះរៀបរាប់ថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងទៅលើជំនាញសម្របសម្រួល វិធីសាស្ត្រចម្រោះទឹកដោយសុវត្ថិភាព និងគំរូបែបផែននៃការសាងសង់បង្គន់ ។ លោកបញ្ជាក់ថា សិក្ខាកាមដែលចូលរួមវគ្គនេះ    អាចនឹងមានជំនាញបច្ចេកទេសយល់ដឹង      តែវគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់      ទៅលើជំនាញសម្របសម្រួល        ដើម្បីផ្ទេរចំណេះដឹងទាំងនេះទៅដល់ប្រជាពលរដ្ឋ ។

លោក សង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា នឹងអាចបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីកម្មវិធីអនាម័យ និងទឹកស្អាតមានសុវត្ថិភាព ទៅកាន់សំណាក់ប្រជាពលរដ្ឋក្នុងតំបន់អង្គរទាំងមូល ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីអនាម័យ ទឹកស្អាត ធ្វើឲ្យកាន់តែប្រសើរឡើងនូវកម្រិតជីវភាពរបស់ពួកគាត់ ៕

ចែករំលែក

បញ្ចេញយោបល់