ទស្សនៈមិត្តអ្នកអាន៖ «ចូលរួមចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខាភិបាល ត្រូវដើរទន្ទឹមគ្នា»

ថ្ងៃសុក្រ ទី ២៦ មីនា ២០២១​
23

គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេសសរុប ទាំងអស់បានចំនួន២៣៥ ៤៤៤នាក់ហើយ។ ចំណែករបាយការណ៍របស់ក្រសួងការពារជាតិ កម្ពុជា ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក៏បានឲ្យដឹងដែរថា ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងទ័ព និងគ្រួសារកងទ័ពកើនដល់ចំនួន សរុប១១៨,៦៤៣ នាក់ ខណៈចាក់លើកទី២ បានចំនួន ៩៩,៤៥២នាក់។

ក្នុងដំណាក់កាលដំបូងនេះ កម្ពុជា ទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិននិងពីយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកសរុបចំនួនប្រមាណ ៩២ ៤០០០ដូស រួចហើយដែល ចំនួ​ននេះ អាចចាក់ជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានប្រមាណ៤៦ ម៉ឺននាក់ ដោយ កាត់ចេញនូវចំនួនវ៉ាក់សាំងដែលអាចខូចខាតដោយការបែកបាក់។ ដូច្នេះ សរុបយុទ្ធនាការនៃ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១មក មានប្រជាពលរដ្ឋ បានមកទទួលវ៉ាក់សាំងចំនួន ជិត៤៤ម៉ឺន នាក់ហើយ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រមុខដឹកនាំមិនបានព្រ​ងើ​យកន្តើយចំពោះខឿនការពារសុខភាពប្រជាពលរដ្ឋនោះឡើយ ហើយលោកនាយករដ្ឋមន្ត្រី បា​នកំណត់ច្បាស់ថា ត្រូវជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានចំនួនពី១០លា​ន ទៅ១៣ លាននាក់ពោលគឺចាក់ឱ្យបាន៨០ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបជាង១៦លាននាក់។ គោលដៅនេះគឺដើម្បីជំរុញនូវការកាត់បន្ថយការឆ្លងនិងស្លាប់នៅក្នុងសហគមន៍និងឈា​នទៅរកការវិលត្រឡប់មកប្រក្រតីភាពដូចមុនពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ជាថ្មីវិញ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន១.៥លានដូស បានមកដល់កម្ពុជាហើយដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិនដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះដែរមិត្តចិន ក៏ នឹងបន្តផ្តល់នូវជំនួយវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺន ដូសបន្ថែមទៀតផងដែ​រដែលនឹងមកដល់កម្ពុជានៅដំណាច់ខែមីនានេះតាមការបញ្ជាក់របស់លោក វ៉ាង វិនធាន ឯ​កអគ្គរដ្ឋទូត ចិនប្រចាំនៅកម្ពុជា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Sinovac ប្រមាណ៤លានដូស បន្ថែមទៀត ពីភាគីចិន ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការ។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ ដូចគ្នាជាបន្តបន្ទាប់ពីរដ្ឋ ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្តទៅតាមដំណាក់កាលនីមួយៗ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសកម្មភាពយ៉ាងស្វិតស្វាញដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍។ ក៏ដូចជាប្រទេសនៅលើពិភពលោកផងដែរ ក្រៅតែពីការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដោយប្រើវិធានសុខាភិបាលទប់ស្កាត់កុំឱ្យឆ្លងហើយនោះការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាក្តីសង្ឃឹមមួយទៀតសម្រាប់ធ្វើឱ្យការរស់នៅនិងជីវភាពរបស់ ប្រជាពលរដ្ឋ ក៏ដូចជាដំណើរការក្នុងសង្គម និងសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរឡើងវិញ។

ដើម្បីជាការតបស្នងនូវការខិតខំស្វះស្វែងរកនូវវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរបស់ប្រមុខ នៃរាជរដ្ឋាភិបាលនិងដើម្បីឱ្យស្ថានភាពនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ រលាយបាត់ទៅវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវតែឆាប់រួសរាន់ទៅទទួលយក នូវការចាក់វ៉ាក់សាំងនេះ ឱ្យបានលឿនបំផុតតាមការចង្អុលបង្ហាញតាមគោលដៅដែលត្រូវ ចាក់វ៉ាក់សាំងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា។ ការដែលប្រជាពលរដ្ឋស្ម័គ្រចិត្តទៅទទួលយកការចាក់វ៉ាក់សាំងនាពេលនេះ គឺពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះផង ដើម្បី ការពារអាយុជីវិតផ្ទាល់ខ្លួននិងក្រុមគ្រួសារផង និងដើម្បីជំរុញឱ្យការរស់នៅនិងជីវភាពប្រចាំថ្ងៃ របស់សង្គមជាតិយើងវិលមករកប្រក្រតីភាពផងដែរ។

មួយវិញទៀតវិធានការនៃការចាក់វ៉ាក់សាំងនេះក៏នឹងផ្តល់នូវជំនឿទុកចិត្តដល់អ្នកវិនិយោគ ដែលកំពុងនិងចង់មកវិនិយោគនៅកម្ពុជាផងដែរ ដោយមិនចាត់ទុកកម្ពុជាជាប្រទេសគ្រោះ ថ្នាក់ដោយសារជំងឺកូវីដ១៩ ហើយ យើងសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើងវិញ ដូចកាលពីមុនមានវិបត្តិនៃជំងឺកូវីដ១៩ ដូច្នោះដែរ។

តាមរយៈវត្តមានវ៉ាក់សាំងជាបន្តបន្ទាប់ដោយការទិញឬជាជំនួយនានារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល សង្ឃឹមយ៉ាងមុតមាំថានឹងធ្វើឱ្យពលរដ្ឋកម្ពុជាទទួលបានវ៉ាក់សាំងប្រ​ឆាំងជំងឺកូវីដ១៩ដើម្បី ការពារអាយុជីវិតបានគ្រប់ៗគ្នាដែលជាកម្លាំងមួយបន្ថែមទៀតរួមចំណែ​កធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលដ៏ឆាប់ខាង មុខនេះជាក់ជាមិនខាន។

ដូច្នេះ ពលរដ្ឋគ្រប់រូបទន្ទឹមនឹងការចូលរួមក្នុងការទៅចាក់វ៉ាក់សាំង ក៏ត្រូវតែបន្តអនុវត្តអោយបា​នម៉ឺងម៉ាត់និងទៀងទាត់នូវវិធានសុខាភិបាលព្រោះ «ចាក់វ៉ាក់សាំង» និងវិធានការ «៣ ការ​ពារ និង ៣កុំ» ត្រូវតែដើរទន្ទឹមគ្នាដើម្បីការពារអាយុជីវិតយើង៕

ដោយ៖ ពង្ស សុក្រឹត្យ

ចែករំលែក

បញ្ចេញយោបល់