បទវិភាគ៖ « តើកម្ពុជាអាចឆ្លងផុតព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងដូចម្តេច?»

ថ្ងៃព្រហស្បតិ៍ ទី ១១ មីនា ២០២១​
30

រលកព្យុះនៃជំងឺឆ្លងលំដាប់សកល Covid-19 ដែលកំពុងតែរាតត្បាតញាំញីពិភពលោក រួមទាំង កម្ពុជាផងនោះ បានអង្រួនពិភពលោកទាំងមូលឱ្យជួបនឹងគ្រោះមហន្តរាយ យ៉ាងធ្ងន់ធ្ងរបំផុតក្នុងកំឡុងពេលជាង១ឆ្នាំមកនេះ។ មិនថាតែប្រទេសក្រីក្រ, ប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសអ្នកមាននោះទេ គឺសុទ្ធសឹងតែទទួលរងនូវផលវិបាក និងការខាតបង់យ៉ាងធំធេងដោយសារតែជំងឺ Covid-19។ សកលភាវូបណីកម្មតម្រូវឱ្យពិភពលោកទាំងមូលមានទំនាក់ទំនងជាប្រព័ន្ធទៅវិញទៅមក កាត់ផ្តាច់មិនបាន ហើយចរន្តនៃទំនាក់ទំនងនេះហើយ គឺជាផ្លូវដ៏សំខាន់ក្នុងការចល័តទី ពីកន្លែងមួយ ទៅកន្លែងមួយទៀតនៃមេរោគឆ្លង Covid-19។ ក្នុងនោះកម្ពុជា ក៏ជាប្រទេសដែលទទួលរងនូវការចម្លងជំងឺសកល Covid-19 ពីក្រៅប្រទេសផងដែរ។ ក្រៅពីការចម្លងពីខាងក្រៅប្រទេសតាមរយៈការធ្វើដំណើរចេញចូល របស់អ្នកដំណើរ ខ្មែរ-បរទេស មកកាន់កម្ពុជានោះ កម្ពុជាក៏ត្រូវបានកត់ត្រាផងដែរ នូវករណីឆ្លងក្នុងសហគមន៍ ដែលរហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានកើតមាននូវករណីឆ្លងក្នុងសហគមន៍ ចំនួន៣លើករួចមកហើយ រួមមានព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា, ២៨ វិច្ឆិកា និង២០កុម្ភៈ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបច្ចុប្បន្ននេះ មានសភាពធ្ងន់ធ្ងរ និងស្មុគស្មាញជាងព្រឹត្តិការណ៍ដែលកម្ពុជាបានឆ្លងកាត់ កាលពីពេលមុនៗ។ តើកម្ពុជាអាចឆ្លងផុតដំណាក់កាលដ៏លំបាក នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងដូចម្តេច? តើកម្ពុជាអាចនឹងទទួលបានជោគជ័យដូចករណី ព្រឹត្តិការណ៍សហគមន៍លើកមុនៗ ឬក៏កម្ពុជាមិនអាចឆ្លងផុត ហើយត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយ? ដើម្បីបានចម្លើយស្រាយចម្ងល់នេះ ខ្ញុំសូមទាញការវិភាគជូនលោកអ្នកអានដូចខាងក្រោម៖

១/ បទពិសោធន៍៖ ទោះបីជាកម្ពុជា មិនមែនជាប្រទេសអ្នកមាន និងជាប្រទេសតូចក៏ពិតមែន តែបើនិយាយពីបទពិសោធន៍នៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19 គឺកម្ពុជាមានកេរ្តិ៍ឈ្មោះល្អ ទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក។ ចាប់តាំងពីការឆ្លងរីករាលដាលនៃជំងឺ Covid-19 ចូលមកក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ២០២០មក រាជរដ្ឋាភិបាល បានដឹកនាំចាត់ចែង និងគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ទប់ទល់នឹងជំងឺនេះ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ គឺបានធ្វើការឆ្លើយតបយ៉ាងទាន់ពេលវេលា ទប់ស្កាត់ស្ថានការណ៍បានយ៉ាងមានប្រសិទ្ធិភាព ដោយបានដាក់ចេញនូវវិធានការណ៍ ចំពោះមុខបន្ទាន់, វិធានការណ៍រយៈពេលយូរ និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ជានិច្ចទាំងករណីនាំចូល និងករណីផ្ទុះឡើងក្នុងសហគមន៍។ តាមរយៈបទពិសោធន៍ទាំងនេះ កម្ពុជាអាចនឹងមានសង្ឃឹមខ្ពស់នៅក្នុងការឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយជោគជ័យក្នុងពេលខាងមុខ។
២/ ជំហររឹងមាំរបស់មេដឹកនាំកម្ពុជា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបុរសខ្លាំង ហ៊ុន សែន គឺបានចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាការងារអាទិភាព និងបន្ទាន់បំផុត ចាប់តាំងពីជំងឺនេះទើបតែចាប់ផ្តើមឆ្លងចូលមកក្នុងប្រទេសកម្ពុជាដំបូងមកម្លេះ។ កិច្ចខិតខំប្រឹងប្រែង, ភាពខ្នះខ្នែងក្នុងការងារ, ការទទួលខុសត្រូវ, ការយកចិត្តទុកដាក់ និងការដាក់ចេញនូវវិធានការណ៍បន្ទាន់នានាគ្រប់ច្រកល្ហក គឺត្រូវបានធ្វើឡើងដោយម៉ឺងម៉ត់ និងម៉ត់ចត់បំផុត។ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវយន្តការនានា ជាបន្តបន្ទាប់ដូចជាការរៀបចំធ្វើចត្តាឡីស័កតាមទីតាំងខេត្តជាប់ព្រំដែន ការរៀបចំបន្ថែមនូវទីតាំង ចត្តាឡីស័ក និងព្យាបាលទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ការបិទផ្អាកទីតាំងនានា ដែលអាចបង្កហានិភ័យនៃការឆ្លង និងការតាមដានរកអ្នកជាប់ពាក់ព័ន្ធជាដើម។ តាមរយៈយន្តការដែលបានដាក់ចេញ គឺដើម្បីឆ្ពោះទៅគ្រប់គ្រង ស្ថានការណ៍នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការឆ្លង រីករាលដាលបន្ថែម។
៣/ ផ្នត់គំនិត និងអត្តចរឹតរបស់ពលរដ្ឋខ្មែរ៖ ពលរដ្ឋកម្ពុជាជាពលរដ្ឋដែលមានស្លាកស្នាម ជូរចត់ច្រើន និងធ្លាប់បានហែលឆ្លងកាត់ដំណាក់កាលលំបាកៗក្នុងប្រវត្តិសាស្ត្រដ៏កំសត់របស់ខ្លួន។ ដូច្នេះហើយ ពលរដ្ឋខ្មែរហាក់មានទំនោរឆាប់ភ័យខ្លាច ជាងពលរដ្ឋនៅបណ្តាប្រទេសជឿនលឿន និងរីកចំរើន។ អាចព្រោះការដិតដាមជាប់នូវរឿងរ៉ាវជីវិតជូរចត់ ក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ទើបជនជាតិខ្មែរឆាប់សម្របខ្លួនបានលឿនទៅនឹងបញ្ហាប្រឈមនានា។ ពលរដ្ឋខ្មែរ គឺងាយទទួលការណែនាំ និងអប់រំបានលឿន។ មួយវិញទៀត ពលរដ្ឋខ្មែរជាទូទៅគឺមានអត្តចរឹកស្លូតបូត និងសុភាពរាបសារ មិនច្រងេងច្រងាង ឬប្រឆាំងទៅនឹងវិធានការណ៍របស់ក្រសួងសុខាភិបាលព្រមទាំងអាជ្ញាធរឡើយ។ នេះគឺជាចំណុចដ៏ល្អមួយ ដែលជួយឱ្យកម្ពុជាទប់ស្កាត់ស្ថានការណ៍បានល្អដូចសព្វថ្ងៃនេះ។ ហើយវាក៏អាចជាភ័ព្វសំណាងដ៏ល្អមួយផងដែររបស់កម្ពុជាដែលមានពលរដ្ឋ ងាយនិយាយ, ងាយស្តាប់, ចេះខ្លាច, ចេះបារម្ភ និង ចេះភ័យ។

៤/ សាមគ្គីភាពពីគ្រប់មជ្ឈដ្ឋានក្រោមដំបូលតែមួយ៖ ទាំងភាគីរាជរដ្ឋាភិបាលកម្ពុជា ទាំងតំណាង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ អង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងកំលាំងមហាជន ត្រូវបានមើលឃើញថាគឺបានរួបរួមគ្នាក្នុងធ្លុងតែមួយយ៉ាងសកម្មបំផុត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ កន្លងមកនេះ ទាំងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្រសួងសុខាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន គឺបានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្តដើម្បីជួយទប់ទល់ និងទ្រទ្រង់សភាពការណ៍។ ការចូលរួមពីគ្រប់មជ្ឈដ្ឋាននេះ បានក្លាយជាកំលាំងសាមគ្គីរួបរួមគ្នា ដែលប្រៀបបាននឹងអាវុធដ៏ខ្លាំងក្លាដែលអាចជួយកម្ពុជាឱ្យឆ្លងផុតនូវរាល់ដំណាក់កាលលំបាកៗបាន។

ទោះបីជាបែបនេះក្តី ស្ថានការណ៍ដ៏លំបាកនៃការឆ្លងរាតត្បាតក្នុងសហគមន៍២០កុម្ភៈ គឺមិនទាន់ អាចសន្មត់ពីជោគវាសនារបស់កម្ពុជា ថាអាចទទួលបានជោគជ័យ ឬយ៉ាងណានៅក្នុងកាលៈទេសៈនេះបានឡើយ។ ដូច្នេះការបង្ការ ទប់ស្កាត់ ការការពារ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមវិធានការរបស់ក្រសួងសុខាភិបាល គឺជារឿងដែលចាំបាច់បំផុត។ ពលរដ្ឋកម្ពុជាត្រូវតែចូលរួមតាមដានព័ត៌មាន ដោយយកចិត្តទុកដាក់ដើម្បីក្តាប់បាននូវរាល់ការវិវត្តន៍ថ្មីៗ នៃស្ថានការណ៍បច្ចុប្បន្ន។ នៅក្នុងដំណាក់កាលនេះ ពលរដ្ឋខ្មែរត្រូវមានម្ចាស់ការក្នុងការចូលរួមទប់ស្កាត់ជំងឺ Covid-19 ជាមួយរាជរដ្ឋាភិបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ បើមិនចាំបាច់គប្បីនៅក្នុងផ្ទះ និងកុំធ្វើដំណើរទៅកាន់តំបន់ដែលមានផ្ទុះករណី Covid-19 ឱ្យសោះ។ មានតែការចូលរួមសហការជាមួយនឹងរាជរដ្ឋាភិបាល ពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប៉ុណ្ណោះ ទើបកម្ពុជាអាចឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ ដំណឹងមរណៈភាពនៃអ្នកជំងឺ Covid-19 ដែលស្លាប់ជាលើកដំបូងនៅកម្ពុជា គឺរឹតតែត្រូវបានជំរុញទឹកចិត្តពលរដ្ឋកម្ពុជាឱ្យមានការប្រុងប្រយ័ត្ន កាន់តែខ្ពស់ជាងពេលមុនៗ។ ដូច្នេះសូមចូលរួមទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើង៕

ដោយ៖ ស ជាតិ

ចែករំលែក

បញ្ចេញយោបល់