ទស្សនៈ៖ «ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺដើម្បីសេចក្តីសុខ សុខុមាលភាពប្រជាជនទាំងមូល»

ថ្ងៃពុធ ទី ១០ មីនា ២០២១​
14

នៅពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំ​ងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កំពុងតែត្រូវបានគណៈអ​ចិ​​ន្រៃ្តយ៍ព្រឹទ្ធសភាធ្វើការពិនិត្យនិងសិក្សាដែលអាចនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ច្បាប់នេះមានវិសាលភាពធំទូលាយដែលជាឧបករណ៍មួយអាចដាក់ទោ​សទណ្ឌចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងជំងឺកូវីដ​-១៩ដែលអាចបង្ករជាហានិភ័យធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។ ដូចនេះច្បាប់នេះ គឺពិតជាមានសារៈប្រ​យោជន៍ក្នុងការធានានូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នាព្រោះ «គ្មានអ្វីដែ​លសំខាន់ជាងការរស់រាននៃជីវិតនោះទេ»។

ការរៀបចំចងក្រងតាក់តែងច្បាប់នេះឡើង ក៏ដោយសារតែកម្ពុជាកន្លងមកនេះពុំទាន់មានច្បា​ប់នេះហើយក៏ជាការធានាធ្វើយ៉ាងណាឱ្យវិធានការផ្សេងៗទៀតដូចជាវិធានការរដ្ឋបាល វិធានការអប់រំ ផ្សព្វផ្សាយណែនាំនានា ដែលរដ្ឋាភិបាលដាក់ចេញអាចអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយសារតែវិធានការច្បាប់មានឥទ្ធិពលនិងចរិកលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាម ហើ​​យក្នុងករណីដែលមានអំពើល្មើសនឹងទទួលទោសទណ្ឌស្របតាមច្បាប់ជាធរមានផងដែរ។

មួយវិញទៀត អ្វីដែលគួរពិចារណានោះ គឺច្បាប់នេះ មិនមែនមានគោលបំណងដាក់ទោសទ​ណ្ឌប្រជាពលរដ្ឋខ្លួនឯងនោះទេ។ ផ្ទុយទៅវិញគោលបំណងនៃច្បាប់នេះ គឺដើម្បីការពារអាយុជី​វិតរបស់ប្រជាជនខ្លួនឯងផ្ទាល់ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋទាំងមូលនៅពេលដែលយើ​ងចូលរួមអនុវត្តនិងគោរពច្បាប់ឱ្យបានត្រឹមត្រូវ។

ការអនុវត្តច្បាប់នេះ ក៏មិនមានអ្វីចម្លែកនោះដែរហើយក៍គ្មានអ្វីដែលដើរផ្ទុយពីគោលការណ៍ សិ​ទ្ធិ​មនុស្ស និងការណែនាំរបស់អង្គការសហប្រជាជាតិជាពិសេសគឺអង្គការសុខភាពពិភពលោ​កនោះដែរ ពីព្រោះថា មានប្រទេសជាច្រើនក៏បានដាក់ចេញនូវវិធានច្បាប់ ឬក៏ទោសទណ្ឌដូចគ្នាដែរចំពោះអ្នកដែលបានល្មើសបម្រាមនានារបស់រដ្ឋាភិ​បាល។ ប៉ុន្តែសំរាប់កម្ពុជាវិញ ទោះជាច្បាប់នេះចូលជាធរមានហើយក៍ដោយ ក៏នៅតែបន្តនូវការអនុវត្តវិធានការផ្សព្វផ្សាយ ការ​អប់រំ ហើយនិងការលើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាពលរដ្ឋដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវជាសកលដែលពិភពលោកទាំ​ងមូលកំពុងតែត្រូវបាន​យារ​យីនិងកំពុងឆក់យកជីវិតមនុស្សជារៀងរាល់ថ្ងៃនៅតែជាកិច្ចការអាទិភាពជាចម្បងដដែល។

ជាការពិតណាស់ វិធានការច្បាប់ មិនមែនជាជម្រើសតែមួយគត់ក្នុងការទប់ស្កាត់អំពើអសីលធម៌ អំពើល្មើស និងអំពើអាក្រក់ ផ្សេងៗក៏ពិតមែន ប៉ុន្តែច្បាប់គឺជាអាវុធដែលខ្លាំងបំផុតដែលអាចចាប់បង្ខំឱ្យមនុស្សអនុវត្តតាម និងអាចកំណត់ទោសទណ្ឌដល់អ្នកជាប់ពាក់ព័ន្ធដូចជាឧ​ក្រិដ្ឋជន ជនល្មើស ឬក៏ជនប្រព្រឹត្តខុសប្រាសចាកពីការ​ណែ​នាំរបស់រដ្ធអំណាច។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈបន្ទាន់បែបនេះ វិធានការច្បាប់ គឺជារឿងចាំបាច់បំផុតមិនអាចខ្វះបាន ដូចជាការប្រើថ្នាំពេទ្យដើម្បីព្យាបាលជំងឺ និងការវះកាត់ភ្លាមៗដូច្នោះដែរដែលមិនអាចពន្យារពេលតទៅទៀ​តបាន។

ដូចនេះ សម្រាប់ស្ថានការណ៍នៃការរីករាលដាលចូលក្នុងសហគមន៍នៃជំងឺកូវីដ-១៩បែបនេះ កា​រប្រើប្រាស់ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីដាក់ទោសទ​ណ្ឌចំពោះអ្នកដែលរឹងរូសមិនព្រមអនុ​វត្តតាមការណែនាំ និងការអប់រំផ្សព្វផ្សាយរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺជារឿងចាំបាច់បំផុតដែលមិនអាចជៀសវាងបានដើម្បីកុំឱ្យជននោះបង្ករហានិភ័យធ្ងន់ធ្ងរបំផ្លាញដល់ផលប្រយោជន៍សង្គមជាតិទាំងមូល៕

ដោយ៖ តាំង ករុណា

 

ចែករំលែក

បញ្ចេញយោបល់