ពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម និងដាក់បង្គោលភ្លើងបំភ្លឺជាសាធារណៈ

ថ្ងៃសុក្រ ទី ៥ មីនា ២០២១​
13

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោយពីបានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ចប់ករណីទំនាស់ដីផ្លូវប្រជាពលរដ្ឋធ្វើដំណើរនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាពេលកន្លងទៅ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានចាត់អោយក្រុមការងាររៀបចំពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់បង្គោលភ្លើង ដែលជាអំណោយគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។

ក្រុមការងារដែលចូលរួមក្នុងពិធីនេះរួមមាន៖ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ថោង សាមាន អនុប្រធានក្រុមការងារចុះជួយឃុំបាសាក់ លោក មាស សេដ្ឋា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត អភិបាល អភិបាលរងស្រុក លោកប្រធានការិយាល័យភូមិបាលស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំ លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋ និងក្រុមការងារសាងសង់ផ្លូវថ្នល់មួយចំនួន។

ក្នុងឱកាសនោះ លោកអភិបាលស្រុកស្វាយជ្រំ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់របស់លោក ម៉ែន វិបុល អភិបាលខេត្ត លោកបានសម្រេចផ្តល់នូវផ្លូវមួយខ្សែនេះ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបានផ្លូវល្អ ងាយស្រួលក្នុងការធ្វើដំណើរក្រោយស្ថាបនារួចរាល់ និងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សុំបើកចិត្តក្នុងការសម្រួលដល់ក្រុ មការសាងសង់ផ្លូវនេះ ឲ្យបានរលូនទៅមុខ ក្នុងករណីមានការប៉ះពាល់ដើមឈើរបស់ប្រជាពលរដ្ឋ ឱ្យយោគយល់ ដើម្បីក្រុមការងារបច្ចេកទេសធ្វើផ្លូវនេះឲ្យបានឆាប់រួចរាល់។ ទន្ទឹមនេះ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏បានសម្តែងនូវការសារទរ និងថ្លែងអំណគុណចំពោះ អភិបាលខេត្តដែលបានជួយសម្របសម្រួលបញ្ចប់ទំនាស់នៅកំណាត់ផ្លូវនេះនាពេលកន្លងទៅ តាមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ព្រមទាំងបានផ្តល់អំណោយដ៏ថ្លៃថ្លា នូវធ្វើផ្លូវមួយខ្សែនេះដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕

ចែករំលែក

បញ្ចេញយោបល់