អាជ្ញាធរជាតិអប្សរា​ សហការជាមួយវិស័យឯកជន ​រៀបចំពិធីក្រុងពាលីបើកការដ្ឋានកំណាយប្រាសាទវាលផ្ទី​

ថ្ងៃសុក្រ ទី ៥ មីនា ២០២១​
8

ពិធីក្រុងពាលីកំណាយប្រាសាទវាលផ្ទីនៅចំកណ្ដាល បារាយណ៍ប្រាសាទបេងមាលា ត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ តំណាងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ និងជាប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃខេត្តបន្ទាយមានជ័យ រួមទាំងសហការីអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន។

ពិធីក្រុងពាលីនេះធ្វើឡើងដើម្បីបួងសួងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័កិ្តសិទ្ធិដែលនៅថែរក្សាប្រាសាទនេះ ឱ្យក្រុមការងារកំណាយនិងជួសជុលប្រាសាទបានប្រកបដោយសុខសុវត្ថិភាពនិងជោគជ័យ។

លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ក្រុមការងារបើកការដ្ឋាន កំណាយនិងជួសជុលប្រាសាទវាលផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមការឧបត្ថម្ភរបស់លោកស្រី ម៉ៅ ម៉ាល័យ កែ គឹម យាន។ ប្រាសាទនេះជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ និងមានសំណល់ដុំថ្មភក់មានរូបប្រហែលជា ព្រះពុទ្ធប្រក់នាគឬក៏ព្រះវិស្ណុផ្ទុំលើនាគ អាចសាងសង់ឡើងគោរពដល់ព្រហ្មមញ្ញសាសនាក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ឬជាព្រះពុទ្ធសាសនាក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ តែយើងពុំទាន់ដឹងថា វាជារូបអ្វីពិត ប្រាកដទេ ដូច្នេះទើបអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនេះដើម្បីរក និងផ្គុំដុំថ្មទាំងអស់នេះ ដើម្បីដឹងថាជារូបអ្វីពិតប្រាកដ។ ក្នុងនោះ លោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋជួយការពារប្រាសាទបុរាណនិងមេត្តាកុំកាប់ព្រៃក្នុងបរិវេណប្រាសាទដែលនាំឱ្យប្រាសាទងាយរលំបាក់បែកខូចខាត។

ជាមួយគ្នានោះ លោក ម៉ៅ ស៊ី តំណាងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានប្រសាសន៍ឲ្យដឹងដែរថា ជានិច្ចកាលលោកស្រីតែងតែចូលចិត្តការថែរក្សាមរតកដូនតាជាពិសេសប្រាសាទបុរាណនិងបានចំណាយថវិការាប់លានដុល្លារក្នុងការជួសជុលប្រាសាទបន្ទាយឆ្មារ និងរចនាសម្ព័ន្ធនានារបស់ប្រាសាទនេះ ហើយជួយជួសជុលប្រាសាទបន្ទាយទ័ព និងកំពុងបន្តជួសជុលព្រះពន្លាជ័យ ឬហៅថា បារាយណ៍មេបុណ្យ។ ពេលនេះលោកស្រីបានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀតដើម្បីធ្វើកំណាយប្រាសាទវាលផ្ទី ដែលស្ថិតនៅជិតប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា ការធ្វើកំណាយនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលប្រាសាទវាលផ្ទីនេះឡើងវិញ៕

ចែករំលែក

បញ្ចេញយោបល់