លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញត្រួតពិនិត្យការចាក់វ៉ាក់សាំងជូនកីឡាករ នៅមន្ទីរពេទ្យ ព្រះកេតុមាលា

ថ្ងៃពុធ ទី ៣ មីនា ២០២១​
10

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន, កីឡាករ កីឡាការិនី គ្រូបង្ហឹក រួមនិងមន្ត្រីពាក់ព័ន្ធប្រមាណជាង ១ពាន់នាក់ បានស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីពេទ្យព្រះកេតុមាលា នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ដើម្បីសម្របសម្រួល ទទួលទុកដាក់ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ពក្នុងកងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ព និងលោក វ៉ាត់ ចម្រើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា បានអញ្ជើញចូលរួមពិនិត្យមើលចំពោះកិច្ចដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ។

ការចាក់វ៉ាក់សាំងការពារនាពេលនេះ គឺធ្វើឡើង ដើម្បីបង្កើននូវសមត្ថភាព នៃប្រព័ន្ធការពារក្នុងសារពាង្គកាយរបស់យើង ដើម្បីជួយទប់ស្កាត់នូវការឆ្លងជំងឺកូវីដ-១៩ ដែលជាប្រយោជន៍យ៉ាងសំខាន់បំផុត ក្នុងការជួយកាត់បន្ថយនៃការរីករាលដាលទៅដល់ក្រុមគ្រួសារ និងសហគមន៍របស់កម្ពុជាយើង ពិសេសដល់កីឡាករ កីឡាការិនីជាតិកម្ពុជា ដើម្បីមានការងាយស្រួលចេញទៅធ្វើការហ្វឹកហាត់ ក៏ដូចជាចូលរួមការប្រកួតនានា នៅក្រៅប្រទេសផងដែរ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការថែរក្សាសុខសន្តិភាព ការកសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ពិសេសស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ គឺការការពារទប់ស្កាត់រីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ ខ.ភ.ម និងក្រុមគ្រួសារកងទ័ព និងមន្ត្រីរាជការស៊ីវិលផងដែរ។ ហើយលោកបានខិតខំគៀងគររកមូលនិធិ ជំនួយពីសប្បុរសជននានា និងបណ្តាប្រទេសជាមិត្តភ័ក្ត ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ និងទៅតាមការស្ម័គ្រចិត្ត។

ជាក់ស្តែង វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់មិត្តចិន ចំនួន ៦០ម៉ឺនដូស ដែលជាប្រភេទវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស។ ជាបន្តបន្ទាប់គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១មក ការចាក់វ៉ាក់សាំងការពារកូវីដ-១៩នេះ ទៅដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន នៃ ខ.ភ.ម បានប្រមាណជាង ៦ម៉ឺននាក់រួចមកហើយ ដែលគិតរហូតមកពេលនេះ ក៏មិនទាន់អ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់ដល់សុខភាពនោះនៅឡើយទេ។

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ គឺយើងចាក់បានទាំងអស់គ្នាចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ ហើយការចាក់វ៉ាក់សាំងលើកទី២ នឹងធ្វើឡើងក្រោយរយៈពេលក្រោយ ១៤ថ្ងៃ។ លោកក៏បានសំណូពរដល់ប្រជាពលរដ្ន និងកម្លាំងប្រដាប់អាវុធទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ក្នុងការការពារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដោយការចូលរួមអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានអនាម័យរបស់ក្រសួងសុខាភិបាលផងដែរ៕  

ចែករំលែក

បញ្ចេញយោបល់