ពិធីប្រកាសតែងតាំង​ឲ្យចូលកាន់មុខតំណែង​ជាអភិបាលរងស្រុកសំបូរ ខេត្តក្រចេះ​

ថ្ងៃពុធ ទី ៣ មីនា ២០២១​
13

ក្រចេះ ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ សាលាស្រុកសំបូរ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសំបូរ ក្រោមអធិបតីភាពលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោកមេឃុំ និងមេភូមិផងដែរ។

យោងប្រកាសលេខ៦៥០ប្រក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានតែងតាំង-លោក ចេង គឹមជប់ ឋានន្តរស័ក្តវរមន្ត្រី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកសំបូរ ។

បន្ទាប់ពីការធ្វើការប្ដេជ្ញាចិត្តរបស់លោកអភិបាលរងស្រុកទើបតែងតាំងថ្មីរួច លោក ហឿ សុីយ៉ែម បានណែនាំដល់មន្រ្តីអាជ្ញាធរស្រុក ត្រូវឧស្សាហ៍ចុះមូលដ្ឋានប្រជាពលរដ្ឋឲ្យបានគ្រប់តំបន់ ក្នុងអាណត្តិដែលខ្លួនកំពុងទទួល ដើម្បីស្គាល់ឲ្យកាន់តែច្បាស់ពីភូមិសាស្រ្ត និងស្ថានភាពផលលំបាករបស់ប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រកបដោយភាពម៉ឺងមាត់ តម្លាភាព និងប្រសិទ្ធភាពការងារ ។ក្នុងនោះ ត្រូវអប់រំពលរដ្ឋខ្លួនឲ្យចូលរួមថែរក្សាការពារសមិទ្ធផលនានាក្នុងមូលដ្ឋាន និងរក្សាសន្តិភាព ស្វែងរកដៃគូរអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់ការងារវេទិការសាធារណៈ ដោយផ្តោតលើការគោរពនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើកកម្ពស់ការការពារធនធានធម្មជាតិ ដោយមានការសហការគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋានជៀសវាងការរំលោភបំពាន ដោយត្រូវផ្សព្វផ្សាយពីការការពារទប់ស្កាត់ និងអនាម័យពីការឆ្លងជំងឺកូវីដ-១៩។

ជាមួយគ្នានោះ លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក ត្រូវបន្តបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណ្ឌភាព បង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ។

លើសពីនោះ លោកបានស្នើដល់គណៈអភិបាលស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្ត ៣ការពារ ៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីក្រៅស្រុក ខេត្ត ផ្សេងៗចូលក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរស្រុកត្រូវចាត់មន្ត្រីជំនាញចុះធ្វើការពិនិត្យជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់អោយនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់ បើក្នុងករណីមានការសង្ស័យត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់៕

ចែករំលែក

បញ្ចេញយោបល់