អភិបាលខេត្តក្រចេះ អញ្ជើញពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារប្រឆាំងកូវីដ-១៩ ជូនដល់មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្ត

ថ្ងៃចន្ទ ទី ១ មីនា ២០២១​
13

ក្រចេះ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលការបើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន ហើយវ៉ាក់សាំងដែលត្រូវចាក់នេះមាន ឈ្មោះថា ស៊ីណូហ្វាម ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នេះដែរ សង្កេតឃើញ មានការអញ្ជើញចូលរួមពីសំណាក់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក លោកស្រីជាស្នងការរងខេត្តក្រចេះ បុគ្គលិកសុខាភិបាលខេត្ត។

ក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ផងដែរថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នាចាប់ពីអាយុ១៨ឆ្នាំដល់៥៩ឆ្នាំឈរលើគោលការណ៍ស្ម័គ្រចិត្ដ។ តែពេលនេះយើងផ្តល់អទិភាពដល់មន្រ្តីសុខាភិបាលនិងស្នងការនៃស្នងការរដ្ឋាននគរបាលខេត្ត ជាមុនសិន ដែលជាកងកម្លាំងជួរមុខនិងមានភាពប្រឈមខ្ពស់ រួចមកយើងនឹងបន្តតាមមន្ទីរសុខាភិបាលខេត្ត។

ជាមួយនេះដែរ លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្តក្រចេះ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។ ជាមួយគ្នានោះ លោក ក៏បានថ្លែងដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលឧបត្ថម្ភនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រទេសកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់