ក្រុមការងារ និងកម្លាំងជំនាញចុះស្រាវជ្រាវករណីWechat និងគណនីហ្វេកប៊ុកគ្រុបបានបង្ហោះសារថា នៅក្រុងបាវិតមានមនុស្សឆ្លងជំងឺកូវីដ-១៩

ថ្ងៃសុក្រ ទី ២៦ កុម្ភៈ ២០២១​
10

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចាត់ឱ្យលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំជំងឺកូវីដ-១៩ ដឹកនាំក្រុមការងារ និងកម្លាំងជំនាញ សហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវករណី គណនីWechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះពាក់ព័ន្ធទៅ និងខ្លឹមសារថា “យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ-១៩ ហើយ”។

ចំពោះករណីនេះ គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានជម្រាបជូនដល់ ប្រជាពលរដ្ឋឱ្យបានជ្រាបថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មានសភាពស្ងប់ស្ងាត់ធម្មតា គឺមិនមានការឆ្លងជំងឺកូវីដ-១៩ ដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។ ដូចច្នេះ សូមសាធារណៈជនមេត្តាជ្រាប និងកុំមានការយល់ច្រឡំ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត បានអំពាវនាវ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ និងសាធារណជន ជួយផ្ដល់ព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះរាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនមានប្រភពច្បាស់លាស់ ដែលជាប្រភពនាំឲ្យសាធារណជនមានការភ័ន្តច្រឡំ និងបង្កនូវចលាចលនៅក្នុងសង្គម ៕

ចែករំលែក

បញ្ចេញយោបល់