វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យដើម្បីជួយដោះស្រាយទុក្ខកង្វល់និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ

ថ្ងៃសុក្រ ទី ១៩ កុម្ភៈ ២០២១​
5

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារ​ណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដើម្បីជម្រាបជូនអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅ ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំខ្នាឆ្មារ ឃុំធ្លកវៀន និងឃុំក្រាំល្វា។

ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រៀបចំនៅក្នុងបរិវេនវត្តបឹងខ្នារ ស្ថិតក្នុងភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អង្គវេទិកាត្រូវបានរៀបចំឡើងដោយបានអនុវត្តនូវគោលការណ៍សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រព្រឹត្តទៅដោយរលូន ព្រមទាំងសម្រេចបានលទ្ធផលល្អ។ ក្នុងនោះក្រុមការងារទទួលបានបញ្ហា និងសំណូមពរដោយផ្ទាល់មាត់ និងសរសេរចំនួន ១២ករណី៖
– ទំនាស់ដីធ្លីមានចំនួន ២ករណី
– ធនធានទឹកចំនួន ១ករណី
– រ៉ែ និងថាមពល (ការតភ្ជាប់បណ្តាញអគ្គិសនីចំនួន ៣ ករណី )
– អប់រំ ១ ករណី
– អភិវឌ្ឍន៍ជនបទចំនួន ៥ករណី។
ចំពោះបញ្ហា និងសំណូមពរខាងលើ ក្រុមការងារបានដោះស្រាយនៅនឹងកន្លែងបានចំនួន ២ករណី និងបន្តដោះស្រាយបញ្ចប់ចំនួន១០ករណីទៀត។ ក្រុមការងារបានទទួលយកសំណើ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់ ដើម្បីបន្តពិនិត្យនិងដោះស្រាយ។

ក្នុងឱកាសនោះ លោកបណ្ឌិត ចាន់ ដារ៉ុង បានជម្រាបជូនប្រជាពលរដ្ឋថា រាល់បញ្ហា ក្តីកង្វល់ និងសំណូពរមិនចាំបាច់លើកតែនៅក្នុងអង្គវេទិកាសាធារណ:នោះទេ គឺអាចលើកនៅពេលវេលាណាក៏បានដែរតាមរយ:ប្រធានភូមិ ឃុំ និងស្រុក ដើម្បីបញ្ជូនមកក្រុមការងារបន្តពិនិត្យ និងរកដោះស្រាយជូន។ អង្គវេទិកា ក៏បានសំណូមពរដល់ក្រុមការងារនៅតាមបណ្តាក្រសួងស្ថាប័នមន្ទីរ និងអង្គភាពពាក់ព័ន្ធបន្តខិតខំដោះស្រាយនូវបញ្ហា ក្តីកង្វល់ និងសំណូមពរទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនជាបន្តទៀត៕

ចែករំលែក

បញ្ចេញយោបល់