អាជ្ញាធរជាតិ​អប្សរាចុះ​អប់រំ​ផ្សព្វផ្សាយ ការគ្រប់គ្រង​អភិរក្ស​ការពារ​ព្រៃឈើ​និងសម្បត្តិ​បេតិកភណ្ឌ​នៅតំបន់ប្រាសាទ​កោះកេរ​ជាលើកទី៣

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
286

ដោយមានការផ្តួចផ្តើមគំនិត ការចង្អុលបង្ហាញ និងការជំរុញពីឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះគ្រប់គ្រងអភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ និងមន្រ្តីបុគ្គលិកមួយចំនួនទៀតបានចុះទៅអប់រំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង អភិរក្ស និងថែរក្សាការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ ដោយមានការចូលរួមអំពីសំណាក់ព្រះសង្ឃ គណៈកម្មការ មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ រដ្ឋបាលព្រៃឈើ អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិនិងប្រជាពលរដ្ឋប្រមាណជាង៦០០អង្គ/រូបមកពីភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

 

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានលើកឡើងពន្យល់ពីពាក្យបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក ព្រមទាំងរបៀបដាក់បញ្ចូលបេតិកភណ្ឌជាតិចូលជាបេតិកភណ្ឌពិភពលោក។ ដោយឡែក និយាយពីទំនាក់ទំនងព្រៃឈើនិងប្រាសាទ លោកសាមៀនបញ្ជាក់ថា ព្រៃឈើមានតួនាទីសំខាន់ណាស់ចំពោះប្រាសាទ ព្រោះព្រៃឈើជារបាំងជួយការពារខ្យល់បក់បោកមិនឲ្យប៉ះពាល់ខ្លាំងពេកនាំឲ្យប្រាសាទឆាប់រេចរឹល ព្រៃឈើជួយការពារទប់ការហូរច្រោះមិនឲ្យត្រូវប្រាសាទខ្លាំងពេក ព្រៃឈើជួយរក្សាសំណើមប្រាសាទមិនឲ្យថ្មឆាប់ស្ងួតខ្លាំងពេកឆាប់ប្រេះស្រាំបែកនិងជោកជាំខ្លាំងងាយពុកផុយ និងព្រៃឈើជួយផ្តល់នូវសោភណភាពដ៏ស្រស់ស្អាតដល់ប្រាសាទ។

 

ឯកឧត្តម ឈរ ថាណាត មានប្រសាសន៍ថា “ប្រាសាទនិងព្រៃឈើជាទ្រព្យសម្បត្តិមរតកមានតម្លៃមហាសាល បើយើងស្រលាញ់ជាតិ សូមចូលរួមថែរក្សាការពារអភិរក្សទាំងអស់គ្នាព្រោះថាវាជាអាយុជីវិត និងជាដួងព្រលឹងរបស់ជាតិយើងដូចពាក្យស្លោកថាវប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កុំថ្កើង។ បើយើងអាចថែរក្សាការពារព្រៃឈើ និងប្រាសាទបាន យើងនឹងដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូ។ នៅពេលយើងដាក់បានហើយ យើងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីវា ដូចជាទទួលបានទុនពីបរទេសជួយជួសជុល និងថែរក្សាការពារប្រាសាទ និងមានការហូរចូលភ្ញៀវទេសចរមកទស្សនាប្រាសាទកាន់ច្រើនឡើងៗ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះមានការធូរធារប្រសើរឡើងតាមរយៈបើកសណ្ឋាគារ ផ្ទះសំណាក់ ការលក់ដូរ និងមានការងារឲ្យប្រជាពលរដ្ឋធ្វើផ្សេងៗ”។

 

សូមបញ្ជាក់ថានេះជាលើកទីបីហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលខេត្តព្រះវិហារចុះទៅអប់រំផ្សព្វផ្សាយនៅតំបន់ប្រាសាទកោះកេរ ហើយក៏មានសំណួរយ៉ាងច្រើនផុសផុលពីប្រជាពលរដ្ឋទាក់ទងនឹងដីធ្វើកសិកម្ម និងការសាងសង់សំណង់ផ្សេងៗលើដីរបស់ពួកគាត់។ ក្រោយពីបានស្តាប់ការបកស្រាយ និងការពន្យល់របស់ក្រុមការងាររួចមក ប្រជាពលរដ្ឋបានយល់ច្បាស់លាស់ហើយគាំទ្រ និងប្តេជ្ញាចិត្តចូលរួមជួយថែរក្សាការពារអភិរក្សព្រមទាំងទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើជាមួយអាជ្ញាធរជាតិអប្សរានៅតំបន់ប្រាសាទកោះកេរមិនឲ្យកើតឡើងទៀតឡើយ៕

 

APSARA_2016-03-12_09 APSARA_2016-03-12_08 APSARA_2016-03-12_07 APSARA_2016-03-12_06 APSARA_2016-03-12_05 APSARA_2016-03-12_04 APSARA_2016-03-12_03 APSARA_2016-03-12_02

ចែករំលែក

បញ្ចេញយោបល់