ទស្សនៈវិភាគ៖ សារសំខាន់ចំនួន៥ ត្រូវបានបង្ហាញឡើងក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូងនៅកម្ពុជា

ថ្ងៃពុធ ទី ១០ កុម្ភៈ ២០២១​
21

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃដំបូងដែលកម្ពុជារៀបចំដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺ​កូ​វីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្រោយពីទទួលបានអំណោយវ៉ាក់សាំងនេះ​ពីមិត្តចិន​លើក​ទី​១​ចំនួន​៦០ម៉ឺនដូស បាន៣ថ្ងៃរួចមក។ តំណាងជាន់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជាដែលទៅ​ទទួ​លការចាក់​វ៉ាក់​សាំង​​ដំបូង​​គេ​បង្អស់​​គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់​លោកនាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះ កូន​ប្រុស​២រូបទៀតរបស់លោកគឺលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ព្រមទាំងកូន​ប្រសារ​​ប្រុស​ទាំ​ង​ពីរ​រូប​​របស់លោក គឺលោក ឌី វិជ្ជា និងលោក សុខ ពុទ្ធិ​វុទ្ធ ក៏បានទៅចាក់វ៉ាក់សាំងនេះព្រមគ្នា ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ​។ ជាមួយគ្នានេះ វត្តមានមន្ត្រី​ជាន់​ខ្ពស់រាជរដ្ឋាភិបាល ដែលមានអាយុក្រោម៦០ឆ្នាំ ជាច្រើនរូបរួមមាន ទាំងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានី-ខេត្ត និងមន្ត្រី​អ្នកនាំពាក្យ អ្នកសារព័ត៌មាន ព្រមទាំង​មន្ត្រី​ក្រសួង​ការពារជាតិ គឺសុទ្ធតែស្ម័គ្រចិត្ត ​និងបានទៅចាក់​វ៉ាក់សាំងព្រមគ្នា។

តើព្រឹត្តិការណ៍នៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលើកដំបូងនៅកម្ពុជា បង្ហាញពីអ្វីខ្លះ?

១/ បង្ហាញពីជំហរនយោបាយដែលបង្កប់ដោយគុណធម៌ខ្ពស់៖ តាមរយៈការគិតគូររៀបចំ​ទាំងការ​ស្វែងរក​ជំនួយ​វ៉ាក់សាំង និងការផ្តល់ជូនការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ ជូន​ប្រជា​ពលរដ្ឋ គឺ​បាន​បង្ហាញយ៉ាងច្បាស់ថា គ្រប់ជំហានក្នុងការចាត់ចែងការងារ​របស់​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តែង​ឱ្យឃើញ​ពីការ​គិត​គូយ៉ាងខ្ពស់បំផុត ​ចំពោះសុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ ទាំងផ្លូវកាយ និង​ផ្លូវចិត្ត។ ភ្លាមៗ​បន្ទាប់​ពីទទួលបានដំណឹង​នៃការមកដល់នូវវ៉ាក់​សាំង​ប្រ​ឆាំងជំងឺកូវីដ-១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ប្រកាសថា លោកនឹងចាក់វ៉ាក់​សាំង​នេះ​មុនគេដើម្បីបង្ហាញភាពកក់ក្តៅទៅកាន់ប្រជា​ពលរដ្ឋ​របស់​លោកអំពីប្រសិទ្ធភាពនៃ​វ៉ាក់​សាំង។ ប៉ុន្តែដោយសារកត្តាអាយុ លើស៦០ឆ្នាំ ទើបធ្វើឱ្យ​លោក​ខកខាន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នៅ​គ្រានេះ។ ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ក៏នៅតែបារម្ភពី​ផ្លូវចិត្ត​​របស់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន ថាអាចនឹងមានការព្រួយបារម្ភ មិនហ៊ានទទួលយក​ការចាក់វ៉ាក់សាំង​ដោយស្ម័គ្រចិត្ត ខណៈ​ដែល​មាន​ជន​អគតិខ្លះ​ បានរិះគន់​ពីគុណភាពនៃវ៉ាក់សាំង​ដែល​ជាជំនួយ​របស់​ប្រទេស​ចិន។ ដើ​ម្បី​​​ជម្រះមន្ទិល និង​ឈាន​ទៅផ្តល់ទំនុកចិត្តខ្ពស់ដល់ពលរដ្ឋ មេដឹក​នាំកម្ពុជា បានឱ្យកូនៗជាទី​ស្រលាញ់ និងមន្ត្រីជាន់ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាលរបស់លោក ទៅ​ទទួលការចាក់វ៉ាក់​សាំងនេះ​ជាមុន។ នេះគឺ​ជា​​គុណធម៌​ដ៏ខ្ពស់បំផុត របស់​លោក​នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​មេដឹកនាំ​កម្ពុជា ដែល​តែងតែ​ទទួលខុសត្រូ​វ​លើ​ជោគ​វាសនា​របស់​ប្រជា​ពល​រដ្ឋ​ខ្លួន​នៅគ្រប់​កាលៈទេសៈ​។ ​

២/ រដ្ឋាភិបាលលោក ហ៊ុន សែន នឹងរឹតតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង៖ កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​​របស់​រដ្ឋា​ភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេល​ជាង​១ឆ្នាំមកនេះ គឺចាប់​តាំង​ពីពេលដែលវីរុសកូរូណា (កូវីដ-១៩) បានមានវត្តមាន​ក្នុងពិភព​លោ​ក គឺមេដឹក​នាំ​កម្ពុជា​បាន​ខិត​ខំ​គ្រប់​បែប​យ៉ាងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្នុង​គោល​ដៅ​ការ​ពារ​ឱ្យ​បាន​នូវ​អាយុជីវិតរបស់ប្រជាពលរដ្ឋ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា​ក៏បាន​ចូលរួម​យ៉ាង​សកម្ម​ជា​មួយ​បណ្តា​មេដឹក​នាំ និងស្ថាប័នពាក់​ព័ន្ធនានា​លើពិភពលោក ដើម្បីប្រយុទ្ធប្រឆាំង​និងជំងឺ​ឆ្លងសាកល​ដ៏កាច​សាហាវ​មួយ​នេះ។ ជាង១ឆ្នាំ​មក​នេះ កម្ពុជាធ្វើបានយ៉ាងល្អ រហូតទទួលបាន​ការវាយ​តម្លៃ​ខ្ពស់ និងការកោតសរសើរពី​ស្ថាប័ន​អន្តរ​ជាតិជាបន្តបន្ទាប់។ ជាមួយគ្នានេះ ការខិតខំ​ស្វះស្វែងរកជំនួយ​វ៉ាក់សាំង ការត្រៀម​រៀបចំ​ថវិកា​គិត​គូទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​ គឺសុទ្ធតែ​ជាសកម្មភាព​ ដ៏ថ្លៃថ្លា​មិន​អាច​កាត់​ថ្លៃ​បាន និងពិតជាទទួលបានប្រជា​ប្រិយភាព​ខ្ពស់បំផុត​ក្នុងមជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​កម្ពុជា​។ កិច្ច​ខិត​ខំប្រឹង​ប្រែង​នេះ និងជះឥទ្ធិពលជាវិជ្ជមាន​ដល់​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុ​ជា​ផងដែរ ក្នុងការ​បោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ​នៅឆ្នាំ​២០២៣​។ នេះគឺជាស្នាដៃដែលចារជាប់ក្នុង​ដួង​ចិត្ត​ប្រជា​ពលរដ្ឋបន្ថែមទៀត​ លើស្នាដៃដែលមានស្រាប់ ដូចជា ការដឹកនាំ​កសាង​ប្រទេសឱ្យស្គាល់នូវ​សុខ​សន្តិភាព​យ៉ាងពេញបរិបូរណ៍ប្រទេសជាតិ​រីកចំរើន ជឿនលឿននិងអភិវឌ្ឍន៍​ជាបន្តបន្ទាប់។

៣/ ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់មិត្តចិន ត្រូបានបង្ហាញច្បាស់ក្នុងដួងចិត្តពលរដ្ឋកម្ពុជា៖ តាម​រយៈ​​វត្តមាន​កូនៗថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលបានទៅ​ការ​ចាក់វ៉ាក់សាំងប្រឆាំង​ជំងឺ​កូវីដ-១៩ មុនពេលការចាក់ជូនមហាជនទូទៅនេះ ក៏នឹងធ្វើឱ្យប្រជាពល​រដ្ឋកម្ពុជា​មានទំនុកចិត្ត​លើ​ប្រសិទ្ធ​ភាព​​នៃ​វ៉ាក់សាំងដែលឧបត្ថម្ភដោយមិត្តចិនផងដែរ។ ជាការ​ពិតណាស់ថា ចង់មិនចង់ប្រជាពលរដ្ឋ​ខ្លះ ​ហាក់​មាន​អារម្មណភ័យខ្លាច និងកង្វល់មួយចំនួនចំ​ពោះ​​ប្រសិទ្ធភាព និងប្រតិកម្មនៃវ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ-១៩ ក៏ព្រោះតែកន្លងមកមានជនអគតិ​ខ្លះ​ធ្លាប់បានរិះគន់​លើគុណភាពវ៉ាក់សាំងនេះ។ ការចាក់​វ៉ាក់សាំង​ដំបូង​ដោយ​​កូនៗមេដឹកកម្ពុជា និងមន្ត្រីជាន់ខ្ពស់ គឺជាការបញ្ចប់នូវមន្ទិលសង្ស័យអំពី​គុណ​ភាព​នៃវ៉ាក់សាំងដែល​ជា​ជំនួយស​ប្បុរសធម៌របស់រាជរដ្ឋាភិបាលចិន តាមរយៈទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា។

៤/ កសាងបាននូវខែលក៏រឹងមាំមួយ ការពារសុវត្តិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា៖ ការចាក់​វ៉ាក់​សាំង នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋកម្ពុជារួចផុតពីជំងឺឆ្លងដ៏កាចសាហាវដែលកំពុងញាំញី និងសម្លា​ប់​ជីវិតប្រជាពលរដ្ឋ​ជាច្រើន​លាននាក់នៅលើពិភពលោក។ ក្រៅពីនេះ​កម្ពុជានឹងក្លាយជាប្រទេស​ដែលមានសុវត្ថិភាពមួយ​ក្នុងតំបន់​​ផង​ដែរ។ ក្រោយពេលដែលប្រជាពលរដ្ឋកម្ពុជា ទទួល​បាន​ការចាត់វ៉ាក់សាំង​ជាបន្តបន្ទាប់​ហើយនោះ វិបត្តិ និង​ផលប៉ះពាល់ដែលរងឥទ្ធិពលជំងឺកូវីដ-១៩ ក្នុងសង្គមកម្ពុជា និងត្រូវបាន​កាត់បន្ថយផងដែរ។ ជាមួយ​គ្នានេះ ការសំលឹងមើលកម្ពុជាក្នុងភា​ពវិជ្ជមានលើបញ្ហាសុខភាពសាធារណៈ និងរឹតតែ​មាន​​ខ្លាំ​ង​ឡើង​ ប្រសិ​នបើ​កម្ពុជានៅតែ​ទទួល​បានជំនួយ ឬអាចបញ្ជាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ​របស់ខ្លួន​បន្ត​ទៀត​នោះ​។

៥/ ឱកាសល្អសម្រាប់កម្ពុជា គឺរឹតតែខ្ពស់ ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ៖ ក្នុងឆ្នាំ​២០២០​ក​ន្លង​ទៅនេះ ​សេដ្ឋកិច្ចកម្ពុជាបានធ្លាប់ចុះក្នុងរង្វង់៣% ដោយសារតែផលប៉ះពាល់នៃ​ជំងឺឆ្លងសា​ក​ល​កូវីដ-១៩។ ដើម្បី​ការ​ពារ​ប្រជាពលរដ្ឋរបស់ខ្លួន កុំឱ្យធ្លាក់ចូលក្នុងស្ថានភាពលំបាកខ្លាំង រាជ​រដ្ឋាភិបាលកម្ពុជា បានដាក់​ចេញនូវ​កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារពលរដ្ឋក្រីក្រ ដែលត្រូវ​ការជំនួយបន្ទាន់។ រាជជារដ្ឋាភិបាល​ក៏បាន​ដាក់​ចេញ​​យុទ្ធសាស្ត្រទប់ទល់កំឡុងពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ ដោយកាត់បន្ថយ​ចំណាយមិនសូវ​ចាំបាច់ និងបាន​ព្យាយាមធ្វើកំណែទម្រង់​គ្រប់វិស័យ​ដើម្បីជួយទ្រទ្រង់ ស្ថានភាព​ក្នុងគ្រាលំបាកនេះ។ កម្ពុជាក៏បានជួបការ​លំបាក​ខ្លះៗផងដែរ ពីការ​ដួល ឬបិទរោងចក្រ​ និងទាំងក្រុមហ៊ុន​មួយចំនួន ​ក្នុងដំណាក់​ដាក់ជំងឺកូវីដ-១៩ ដោយរាជរដ្ឋាភិ​បាល បានបញ្ចេញកញ្ចប់ថវិកាជួយឧបត្ថម្ភ ក្នុងកំរិតមួយ​ដល់កម្មករ ដែល​បាត់បង់​ការងារ ហើយ​មិនមានចំណូលចិញ្ចឹមគ្រួសារ។ ដូច្នេះវត្តមានវ៉ាក់សាំង និងការចាក់​ជូនវ៉ាក់សាំង​ដល់ពលរដ្ឋ​មិន​គិតថ្លៃ គឺជាសញ្ញាណដ៏ល្អមួយដែលកម្ពុជា នឹងលែងរស់នៅក្នុងភាពភ័យខ្លាច​ព្រោះតែសត្រូវ​លា​ក់មុខ ដែលបង្កការ​ពិបាក​រកស៊ី ជួញដូរ ប្រកបការងារ ឬសិក្សារៀនសូត្រទៀតហើយ។ អាជី​វក​ម្មតូច​-ធំ ​ក៏បង្កើនបាន​នូវ​ទំ​នុកចិត្តឡើងវិញព្រោះតែផលរំខាននៃជំងឺឆ្លងកូវីដ-១៩ត្រូវបាន​កាត់​បន្ថយ និងឈានទៅ​លុបបំបាត់​ក្នុង​ពេល​អនាគត។

សរុបមកវិញ ព្រឹត្តិការណ៍នៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩លើកដំបូងនៅកម្ពុជាគឺពិតជា​មានសារៈសំខាន់ណាស់សំរាប់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា៕

ដោយ៖ ស ជាតិ

 

 

 

ចែករំលែក

បញ្ចេញយោបល់