លិខិតមិត្តអ្នកអាន៖ ទីបំផុត ប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូង ដែលមានឈ្មោះ ស៊ីណូហ្វាម (Sinopharm)

ថ្ងៃពុធ ទី ១០ កុម្ភៈ ២០២១​
13

ថ្ងៃនេះ ប្រជាជនកម្ពុជាទាំងមូលមានមោទនភាពដោយក្តីរីករាយជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូងរបស់រដ្ឋាភិបាលកម្ពុជា ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងដែលជាមិត្តដែកថែបរបស់កម្ពុជា។ ជាការពិត រដ្ឋាភិបាលចិនបានសម្រេចផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសដល់កម្ពុជា ដោយក្នុងនោះវ៉ាក់សាំងចំនួន៦០ម៉ឺនដូសត្រូវបានដឹកជញ្ជូនមកដល់ និងបានប្រគល់ជូនកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ដែលជាជំនួយក្នុងជំហានដំបូង ហើយចំណែកវ៉ាក់សាំង៤០ម៉ឺនដូស​ទៀត នឹងត្រូវដឹកជញ្ជូនមកកម្ពុជាក្នុងពេលបន្តបន្ទាប់នាពេលខាងមុខនេះ។

ក្នុងថ្ងៃនេះដដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ»។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ គឺចំពេលដែលវ៉ាក់សាំងកូវីដ១៩ ដែលផលិតនៅអឺរ៉ុបបានក្លាយទៅជាទំនិញផ្តាច់មុខរបស់ប្រទេសអ្នកមានលុយ និងមានអំណាច និងកំពុងក្លាយទៅជាវ៉ាក់សាំងជាតិនិយម ឬ ទំនិញផ្តាច់មុខលែងមានសីលធម៌ និងការទទួលខុសត្រូវដើម្បីស្រោចស្រង់ជីវិតមនុស្សលោកដូចគ្នា។ ជាក់ស្តែងវ៉ាក់សាំងកូវីដ១៩ចំនួនជាង៨ពាន់លានដូស ក្នុងនោះជាង៧៥% ត្រូវបានប្រទេសអ្នកមានលុយ មានអំណាចបញ្ជាទិញដើម្បីចាក់ប្រជាជនរបស់ខ្លួន ហើយការបញ្ជាទិញនោះទៀតសោតក៏មានចំនួនលើសពីចំនួនប្រជាជនរបស់ខ្លួនទៅទៀត។ មុនការផលិតវ៉ាក់សាំង បណ្តាប្រទេសធំៗ រួមទាំងអង្កការសុខភាពពិភពលោកតែងតែបានលើកឡើងទុកជាមុនថា ថ្នាំវ៉ាក់សាំងកូវីដ១៩ត្រូវតែជាទំនឹញរួម គឺមានន័យថា ប្រទេសណាក៏ដោយមិនថាជាប្រទេសអ្នកមាន ប្រទេសធំ ឬ តូច ឬ ប្រទេសក្រីក្រកំពុងអភិវឌ្ឍនោះទេ គឺ ត្រូវតែមានសិទ្ធិស្មើគ្នាក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ទាំងនោះ។ ទីបំផុត វ៉ាក់សាំងកូវីដ១៩ បាននិងកំពុងក្លាយទៅជាទំនិញផ្តាច់មុខ ទំនឹញរើសអើង ទំនិញជាតិនិយម ដែលពិបាករកទិញដោយស្រួលនោះឡើយ។ នៅពេលដែលប្រទេសចិនបានចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ១៩របស់ខ្លួនដល់បណ្តាប្រទេសជាមិត្ត ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិខ្លះលើកឡើងថា​ ប្រទេសចិនកំពុងយកចិត្ត ទាក់ទាញសមានចិត្ត ឬ លួងចិត្តបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ដើម្បីលុបលាងកំហុស ដែលប្រទេសចិន គឺ ជាប្រភពតែមួយគត់នាំឲ្យកើតមានជំងឺឆ្លងនេះពាសពេញពិភពលោក។ ម៉្យាងវិញទៀត មជ្ឈដ្ឋានខ្លះ ក៏បានលើកឡើងផងដែរថា ប្រទេសចិនកំពុងតែយកវ៉ាក់សាំងកូវីដ១៩របស់ខ្លួនធ្វើជាជំនួញខាងនយោបាយការទូត ដើម្បីប្រជែងអំណាចក្នុងពិ​ភពលោក។

សម្រាប់កម្ពុជា វ៉ាក់សាំងណាក៏ដោយក៏ចាំបាច់ខ្លាំងបំផុត ហើយក៏ជាអាវុធយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងន័យសេដ្ឋកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងកាលៈទេសដ៏មហាគ្រោះបំផុតសម្រាប់កម្ពុជា ក៏ដូចពិភពលោក។ ប្រសិនបើពិភពលោក គ្មានវ៉ាក់សាំងកូវីដ១៩ទាន់ពេលវេលានោះទេ ជីវិតមនុស្សលោកទាំងមូលក៏នឹងមិនអាចត្រូវបានសង្រ្គោះឡើយ ហើយសេដ្ឋកិច្ចពិភពលោកក៏មិនអាចត្រូវបានស្តារឡើ​ងវិញផងដែរ ហើយវិបត្តិសង្គមក្នុងពិភពលោកក៏នឹងអាចធ្លាក់ចូលក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវ​ត្តិសាស្រ្តពិភពលោក។ ដូច្នះហើយ ដើម្បីងើបឡើងវិញឲ្យបានចេញផុតពីវិបត្តនេះ ទើបប្រទេសធំៗ ហើយមានលុយថែមទៀតនោះ ពួកគេបាននិងកំពុងប្រណាំងប្រជែងគ្នា ដើម្បីទិញវ៉ាក់សាំងចាក់លើប្រជាជនរបស់ខ្លួនឲ្យបានលឿនរហ័សទាន់ពេលវេលា ដោយបាននិងកំពុងបន្តបញ្ជាទឹញវ៉ាក់សាំងផ្តាច់មុខជាបន្តបន្ទាប់ពីបណ្តាក្រុមហ៊ុនផលិតឱសថដូចជា Pfizer&BioNtech, Moderna, Astrazeneca, Johnson​&Johnson, Novavax, Valneva។ល។ ដោយឡែកប្រទេសកម្ពុជាត្បិតតែជាប្រទេសតូច តែរដ្ឋាភិបាលកម្ពុជានៅតែមានលុយគ្រប់គ្រាន់ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត ក៏ប៉ុន្តែវាជារឿងគួរឱ្យសោកស្តាយដែលវ៉ាក់សាំងកូវីដ១៩ មិនបានក្លាយទៅជាទំនិញរួម ទំនិញដែលអាចទឹញបានជាសាធារណដែលត្រូវបានគេដាក់លក់នៅលើទីផ្សារនោះទេ។

ដូច្នេះ ប្រជាជនកម្ពុជាទាំងមូលមានភ័ព្វសំណាង និងដោយក្តីរីករាយបំផុត ដែលប្រទេសចិនជាមិត្តពិត ជាមិត្តជួយគ្នាក្នុងគ្រាក្រ ដែលកំពុងរស់ក្រោមមេឃតែមួយ ក៏ប៉ុន្តែ យើងមានវាសនារួមគ្នា។ ហើយប្រជាជនកម្ពុជាពិតជាមានជំនឿបំផុតលើប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ ដែលមានឈ្មោះ ស៊ីណូហ្វាម(Sinopharm) របស់ប្រទេសចិន ដែលវ៉ាក់សាំងនេះ ត្រូវបានបណ្តាប្រទេសមួយចំនួនក្នុងពិភពលោកស្ទើគ្រប់ទ្វីប ពិសេស នៅអាស៊ី អាហ្រិ្វក និងបណ្តាប្រទេសខ្លះនៅអឺរុបបានអនុម័តប្រើក្នុងប្រទេសរបស់ពួកគេក្នុងគ្រាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ ខណៈពេលដែលបណ្តាប្រទេសក្នុងពិភពលោកកំពុងជួបការខ្វះខាតវ៉ាក់សាំងកូវីដ១៩ ហើយការផ្គត់ផ្គង់វ៉ាកសាំងនេះទៀតសោតមិនអាចត្រូវបានឆ្លើយតបបានទាន់ពេលវេលា និងតាមតម្រូវការចាំបាច់របស់ពិភពលោក។ ជាក់ស្តែង អា​ស្រ័យដោយកង្វះខាតវ៉ាក់សាំងកូវីដ១៩ មានប្រទេសខ្លះ ទិញវ៉ាក់សាំងកូវីដ១៩ ដែលអាចចាក់បានតែមួយដូសលើប្រជាជនរបស់ខ្លួន ហើយកង្វះខាតខាងការផ្គត់ផ្គង់បានបង្ខំចិត្តឲ្យរដ្ឋាភិបាលនៃប្រទេសខ្លះត្រូវ     ពន្យាការចាក់ដូសទី២ ហើយសំរុកចាក់ដូសទី១ឲ្យបានច្រើនលើប្រជាជនរបស់ខ្លួន និងម៉្យាងវិញទៀ​​​តក៏ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដប្រភេទថ្មីដែលមានប្រភពឆ្លងពីប្រទេសអង់គ្លេស​។

ដូច្នះហើយ កម្ពុជាក៏កំពុងឋិតក្នុងស្ថានភាពដូចគ្នានឹងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ហើយ​កម្ពុជាសូមសម្តែងនូវអំណអរគុណបំផុតចំពោះមិត្តចិនរបស់យើង ដែលបាននិងកំពុងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ពិសេស សង្រ្គោះជីវិតមនុស្សលោកឲ្យបានទាន់ពេលវេលា និងរហ័សបានស្តារសេដ្ឋកិច្ចជាតិ និងពិភពលោកឲ្យបានល្អប្រសើរឡើងវិញក្នុង ពេលខាងមុខនេះ។

ដោយសារតែជំនឿយ៉ាងមុតមាំលើប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ប្រទេសចិនជាមិត្ត ទើបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងទៀតថា «មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសឱ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង»។ ដូច្នេះ ប្រជាជនកម្ពុជា   នឹងបន្ត​ទទួលបានវ៉ាក់សាំងកូវីដ១៩ពីប្រទេសចិនជាមិត្ត ហើយរដ្ឋាភិបាលកម្ពុជាក៏សង្ឃឹមទទួលបានជំនួយវ៉ាក់សាំងថែមទៀតពីយន្តការCOVAXរបស់អង្កការសុខភាពពិភពលោក ហើយក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បាននិងកំពុងស្វះស្វែងរកទិញវ៉ាក់សាំងកូវីដ១៩ពីបណ្តាក្រុមហ៊ុនផលិតឱសថខ្លះនៅអឺរុបខាងមុខនេះផងដែរ ហើយការចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងថ្ងៃនេះ គឺត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត ហើយក៏ការជាការបង្ហាញឲ្យឃើញនូវជំនឿជឿទុកចិត្តបំផុតលើប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិនដែលមានឈ្មោះ ស៊ីណូហ្វាម(Sinopharm)៕

ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់