លិខិតមិត្តអ្នកអាន៖ ពលរដ្ឋកម្ពុជា គួរតែស្វែងយល់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

ថ្ងៃចន្ទ ទី ៨ កុម្ភៈ ២០២១​
11

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ (​CKFTA) បាន​ប្រកាស​បិទ​បញ្ចប់ហើយ តាមរយៈតំណាងនៃប្រទេសទាំងពីរ គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ត និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee)  កាល​ពី​ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសចាប់ផ្តើមសិក្សា រួម​គ្នា​ជាផ្លូវ​ការ​នៅ​​ទីក្រុង​ប៊ូសាន នៃ​សាធារណ​រដ្ឋកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩​។ កិច្ចព្រមព្រៀង CKFTA នេះ មាន​គោល​បំណង​ពង្រឹង​ភាព​ជា​ដៃគូសេដ្ឋកិច្ច និងពង្រីក​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទ្វេភា​គី​ឱ្យ​កាន់​​តែ​មាន​ភាព​ទូលំ​ទូលាយ ដោយផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក សំដៅ​បង្កើតផល​ប្រយោជន៍​​សេដ្ឋកិច្ច​ និង​សុខ​មាលភាពប្រជាជន និងធុរកិច្ច នៃ​ប្រទេស​ទាំងពីរឱ្យ​កាន់​តែប្រសើរ​ឡើង​បន្ថែម​ទៀត។ សម្រាប់ប្រទេសកម្ពុជាវិញ គេអាច​និយាយ​បានថាកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មទ្វេភាគី CKFTA ​នេះ គឺជា​សមិទ្ធផល​ផ្លែផ្កា​ដ៏មាន​សារៈ​សំខាន់ដែលត្រូវបានផ្តួចផ្តើម​ឡើង​ដោយ​លោក​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ដំណើរ​ទស្សន​​កិច្ចផ្លូវការ​មកកាន់ប្រទេស​កម្ពុជា ​របស់​ប្រធានា​​ធិបតី​​កូរ៉េ គឺលោក MOON Jae-In កាល​ខែមីនា ឆ្នាំ២០១៩កន្លងទៅ។ កិច្ចព្រម​ព្រៀង​​​ពាណិជ្ជកម្ម​សេរីទ្វេភាគី CKFTA ត្រូវបានគេរំពឹងថា នឹង​ជួយសា្តរឡើងវិញនូវ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរបាន​ឆាប់រហ័សក្នុងកំឡុង​ពេលនិង​ក្រោយ​​ពេលដែលមានការ​រាត​ត្បាត​ជាសកល​នៃជំងឺកូវីដ-១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA នឹងពង្រីកបន្ថែមទៀត លើការ​ធ្វើសេរីភាវូប​នីយ​កម្ម​​ទីផ្សារ​រវាងប្រទេសពីរ លើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូច​ជា​កិច្ច​ព្រមព្រៀង​ពាណិ​ជ្ជកម្មសេរី​អាស៊ាន-កូរ៉េ (AKFTA) និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយតំបន់ RCEP ដែលទើបចុះ​ហត្ថលេខា​នាពេលថ្មីៗនេះ។ កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា-កូរ៉េ នឹង លើកកម្ពស់ការនាំ​ចេញរបស់​កម្ពុជា​ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំ ចេញ​​នាពេលកន្លង​មក​ដូចជា ផលិតផល​សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង​បន្លាស់ ឧបករណ៍អេឡិច​ត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។ សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ ការ​នាំ​ចេញ​របស់​ខ្លួន​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និង​ផលិត​ផលផ្លាស្ទិក។ គួរបញ្ជាក់ថា ទំនិញ​ដែលអាច​នាំ​ចេញ​បានត្រូវតែមានស្តង់ដារ បទប្បញ្ញត្តិ​បច្ចេក​ទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការ​អនាម័យ ​​​និង​ភូតគាមអនាម័យ​។

តើវិធានការអនាម័យ ​​​និងភូតគាមអនាម័យ​មានន័យដូចម្តេច?

វិធានការអនាម័យ និងភូតគាមអនាម័យ គឺជាការការទាមទារដ៏សំខាន់បំផុត ក្នុងការនាំ​ចូល​ផលិត​​ផលកសិកម្ម ដែលត្រូវតែមានសុវត្ថិភាព និងបង្ការហានិភ័យ ដល់សុខភាពមនុស្ស សត្វ និង​រុក្ខជាតិ។ ឆ្លងកាត់វិធានការនេះ ម្ចាស់ផលិតផល និងទទួលបានវិញ្ញាបនបត្រអនាម័យ និងភូតគាម​អនាម័យ។ មូលហេតុដែលត្រូវឆ្លងការវិធានការនេះ គឺដើម្បីឲ្យប្រាកដថា ពិតជាធានា​សុវត្ថិភាព​អាហារ និងជៀស​វាង​បាននូវការឆ្លងរាលដាលជំងឺ សមាសភាព សត្វចង្រៃផ្សេងៗ។ តាមរយៈសកម្ម​ភាព​ពាណិជ្ជកម្ម ការដោះ​ដូរទំនិញទៅវិញទៅមក រដ្ឋាភិបាល​នៃ​គ្រប់​ប្រទេស​បាន​បង្កើត​ឡើង​នូវ​លិខិត​បទដ្ឋានច្បាប់ ដើម្បីការពារ​សុខភាពមនុស្ស និងសុខភាពសត្វ ដែលហៅថា វិធានការភូត្តគាមអនាម័យ​/Sanitary Measure និងដើម្បី​ការពារ​សុខភាពរុក្ខជាតិ គឺវិធានការ​ភូត​គាម​អនាម័យ/Phytosanitary Measure)។ ជាមួយ​គ្នានេះ​ការត្រួត​ពិនិត្យភូតគាមអនាម័យ មាន​គោល​បំណងដើម្បីទប់ស្កាត់​ការរីក​រាលដាល​​​ និង​ការ​ឆ្លង​នូវ​សមាស​ភាពចង្រៃ ដែល​បង្ក​គ្រោះ​ថ្នាក់​ពីតំបន់មួយទៀត ក្នុងប្រទេសកម្ពុជា ចូល-ចេញ ឬឆ្លងកាត់ប្រទេសកម្ពុជា តាម​គ្រប់​មធ្យោ​បាយ ដើម្បីការពារផលិតផលកសិកម្ម និង​ជីវ​សាស្ត្រ​ចំរុះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីមានកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីកម្ពុជា-កូរ៉េ (AKFTA) នឹងជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យ​កើនឡើង​លើស​ពេល​បច្ចុប្បន្ននេះ។ លោកបាន​បន្ថែម​ថា ​នៅ​ពេល​កម្ពុជាមានការកែច្នៃបានច្រើន ការនាំ​ចេញនឹងមាន​សន្ទុះ​​កើន​ឡើងលឿន ដោយ​រំពឹងថានឹងមានលើសពី ១០០០ លានដុល្លារអាមេរិក នៅ​ក្នុងជញ្ជីង​ពាណិជ្ជកម្មក្នុងពេលឆាប់ៗនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ កម្ពុជា​នឹង​នាំ​ចេញ​ទំនិញ​ជាច្រើន​ប្រភេទទៅកាន់ទីផ្សារ​ប្រទេសកូរ៉េ​ខាងត្បូង ជាពិសេសការនាំចេញកសិផល, ការ​កែ​ច្នៃដែលមាន​ពន្ធសូន្យ (០)។ នៅក្នុងនោះដែរ ដំណាំសក្ដានុពលរបស់កម្ពុជា ដែល​នឹង​ត្រូវ​នាំ​ចេញ​ទៅកាន់ទីផ្សារ​ប្រទេសកូរ៉េ​ខាងត្បូងរួមមាន៖ ស្វាយចន្ទី ម្រេច និងកៅស៊ូជាដើម ក្នុង​នោះ​ក៏មាន​ការនាំ​ចេញអង្ករ និងដំឡូងមីកែច្នៃផងដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ក្រសួង​ពាណិជ្ជកម្ម លើការចរចា​កិច្ច​ព្រម​ព្រៀង​នេះ គឺដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​កម្ពុជា​ក្លាយ​ខ្លួន​ជា​ប្រទេស​​ឧស្សាហកម្ម មិន​មែន​​ត្រឹម​តែ​លក់​វត្ថុធាតុ​ដើមនោះឡើយ។ បន្ទាប់​ពី​ការ​ប្រកាស​បញ្ចប់​ការចរចាជាផ្លូវការនៃកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរីនេះ ប្រទេស​ទាំង​ពីរ​នឹង​អនុវត្ត​នីតិ​វិធី​ក្នុង​ស្រុក សម្រាប់ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគីនេះ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្តាល ឆ្នាំ២០២១ ខាងមុខនេះ៕

ដោយ៖ ស ជាតិ

ចែករំលែក

បញ្ចេញយោបល់