អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយបង្ហាញថា « កូវីដ-១៩ មិនបានបង្អាក់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជាទេ!»

ថ្ងៃចន្ទ ទី ៨ កុម្ភៈ ២០២១​
8
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «កូវីដ-១៩ មិនបានបង្អាក់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជាទេ!» ។
 
វីដេអូនេះ មានរយៈពេលប្រមាណជាង១៨នាទី បានរំលេចជូនសាធារណៈជនជាតិ និងអន្តរជាតិអោយបានឃើញនូវជោគជ័យដ៍ធំធេងថ្មីដែលទទួលបានក្រោមការដឹកនាំ ចាត់ចែងដ៍ម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពខ្ពស់នូវជំងឺរាតត្បាតកូវីដ~១៩ផង និងការធានាបាននូវដំណើរការអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនថែមទៀតផង។
 
ខ្លឹមសារនៃវីដេអូ ក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដៃម្ខាងប្រយុទ្ធទប់ទល់ជាមួយកូវីដ-១៩ រីឯដៃម្ខាងទៀតបន្តអភិវឌ្ឍន៍ប្រទេសដោយមិនអាក់ខាន នេះគឺជាសកម្មភាព ការងារអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលដ៏លំបាក ដែលពិភពលោកកំពុងឆ្លងកាត់មហន្តរាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តែជាលទ្ធផល ការងារអាទិភាពទាំងពីរនេះរបស់រាជរដ្ឋាភិបាលសុទ្ធតែទទួលបានជោគជ័យគួរជាទីមោទនៈ ពោល គឺការគ្រប់គ្រងជំងឺកូវីដ-១៩ ក៏ទទួលបានជោគជ័យដោយមានចំនួនអ្នកឆ្លងតិចតួចនិងគ្មានអ្នកស្លាប់ រីឯសកម្មភាពរស់រវើកនៃការអភិវឌ្ឍន៍ប្រទេសក៏មានលទ្ធផលស្តែងឡើងចំពោះមុខ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋមានជំនឿចិត្តកាន់តែខ្លាំងទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលធានាបាននូវប្រក្រតីភាពនៃ ដំណើរការគ្រប់គ្រងរដ្ឋ សកម្មភាពសេដ្ឋកិច្ច និងស្ថិរភាពសង្គម។
 
ខ្លឹមសារនៃវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពនិងភាពកក់ក្តៅយ៉ាងខ្លាំងចំពោះអ្វីដែលកំពុងកើតមាន នៅកម្ពុជា។ មោទនភាពនៅត្រង់ថា បើទោះបីជាស្ថិតក្នុងដំណាក់កាលកូវីដ-១៩ក៍ដោយ ប៉ុន្តែប្រជាពលរដ្ឋនៅតែអាច បំពេញការងារ ប្រកបរបររកទទួលទានការធ្វើសកម្មភាពសង្គមក៏ដូចជាការដើរកម្សាន្តជាប្រក្រតី ដោយគ្រាន់តែគោរពវិធានការមួយចំនួនរបស់ក្រសួងសុខាភិបាលដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ៕
 
សូមទស្សនាវីដេអូ ដូចតទៅ៖

 
 
#កម្ពុជា #ហ៊ុនសែន #កូវីដ១៩ #ការអភិវឌ្ឍន៍
ចែករំលែក

បញ្ចេញយោបល់