អស់រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសទូទៅនៅលើពិភពលោក បានឆ្លងកាត់នូវការលំបាកធំៗជាច្រើនក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។ ដោយសារការដឹកនាំឈរលើភាពប្រាកដនិយមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតមកដល់ពេលនេះ មិនទាន់មានប្រជាជនកម្ពុជា ឬជនបរទេសដែលចូលមកកម្ពុជាណាម្នាក់បានស្លាប់ដោយសារការឆ្លងជំងឺកូវីដ១៩នេះនៅឡើយទេ។ នាពេលកន្លងទៅមានជនបរទេស ស្ថាប័នបរទេស រួមនិងសាធារណៈជនមួយចំនួន បានដាក់ការសង្ស័យថាកម្ពុជាលាក់លៀមទិន្នន័យនៃជំងឺកូវីដ១៩ ដែលកើតមាននៅកម្ពុជា។ ប៉ុន្តែ បើតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញសុខាភិបាលបរទេសដែលបានធ្វើការនៅកម្ពុជា បានបញ្ជាក់អំពីស្ថានភាព និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា គឺកម្ពុជាពិតជាមានសមត្ថភាពអាចគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩បានយ៉ាងពិតប្រាកដមែន។
លោកស្រីវេជ្ជបណ្ឌិត ហ្វ្រេនសេស ដេលី (Dr. Frances Daily) ដែលបានធ្វើការនៅប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំហើយនោះ បានលើកឡើងថា ដំបូងឡើយយើងមានការសង្ស័យលើតួលេខនៃករណីកូវីដ១៩នេះ។ ប៉ុន្តែក្រោយមកលោកស្រីមានការជឿជាក់ថា ជោគជ័យរបស់កម្ពុជា គឺមានពិតប្រាកដមែន។ ហេតុផលដែលបញ្ជាក់អំពីការគ្រប់គ្រងដ៏មានប្រសិទ្ធិភាពនោះគឺនៅត្រង់ថា បើករណីឈឺ និងស្លាប់មានចំនួនខ្ពស់ជាងចំនួនប្រកាសជាផ្លូវការនោះ វិបត្តិសុខភាពនឹងកើតឡើងធ្ងន់ធ្ងរជាមិនខាន ហើយដែលគេមិនអាចលាក់លៀមបានឡើយ។
ជាការពិត ការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ ទទួលបានជោគជ័យបែបនេះ មិនចំណុះលើប្រទេសតូច ប្រទេសធំ ឬប្រទេសមានធនធានផ្នែកវេជ្ជសាស្ត្រខ្លាំង ឬខ្សោយតែមួយមុខនោះទេ តែវាក៏ត្រូវពឹងផ្អែកជាចម្បងទៅលើការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ និងវិធានការហ្មត់ចត់ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំង និងការអនុវត្តនូវវិធានការទាំងឡាយនោះឱ្យមានប្រសិទ្ធភាពផងដែរ។ គេក៏អាចវាយតម្លៃបានផងដែរថា ការទទួលបានជោគជ័យ និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជានាពេលកន្លងមក និងទៅអនាគត គឺដោយសារតែមានការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់មេដឹកនាំប្រទេសគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញនូវចំណាត់ការ និងវិធានការច្បាស់លាស់ទាន់ពេលវេលាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។ បន្ថែមពីលើនោះក្រុមគ្រូពេទ្យកម្ពុជា ទាំងគ្រូពេទ្យព្យាបាល និងគ្រូពេទ្យចុះរុករកគោលដៅ និងយកវត្ថុសំណាកសុទ្ធតែបានលះបង់កម្លាំងកាយចិត្ត និងត្រង់ត្រាប់ស្តាប់បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហើយអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន។ ទន្ទឹមនោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់របស់កម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ បានចូលរួមជាមួយគ្នាអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាលទាំងឡាយរបស់ក្រសួងសុខាភិបាល ដែលធ្វើឱ្យកម្ពុជាទទួលបានជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។
បើទោះបីជាស្ថាភាពនៃជំងឺកូវីដ១៩អាចគ្រប់គ្រងបានល្អប្រសើរដូចបច្ចុប្បន្នក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយនោះឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វះស្វែងរកគ្រប់វិធីដើម្បីបន្តការពារខឿនសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការចរចារទិញវាក់សាំង និងស្វែងរកជំនួយវាក់សាំងពីបណ្តាប្រទេសជាមិត្តដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងតាមគោលការណ៍ស្មគ្រចិត្តថែមទៀត មានន័យថា បើប្រជាពលរដ្ឋណាចង់ចាក់ រដ្ឋនឹងផ្តល់ជូន ប៉ុន្តែបើប្រជាពលរដ្ឋណាដែលមិនចង់ចាក់ក៏គ្មានការបង្ខិតបង្ខំនោះដែរ។
ថ្លែងពាក់ព័ន្ធនឹងវាក់សាំងកូវីដ១៩ នៅក្នុងពិធីសម្ភោធសមិទ្ធផលនានារបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជំហរសារជាថ្មីថា «កម្ពុជា មិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត»។ លោកនាយករដ្ឋមន្ត្រី បានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីចិន និងបានជួបជជែកពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីរិះរកយន្តការទទួលបានវ៉ាក់សាំង។ ជាលទ្ធផល កម្ពុជា នឹងទទួលជំនួយពីចិនផង ឬខ្ចីថវិកាចិន រួចទិញវ៉ាក់សាំងចិនទាំងពីរប្រភេទ គឺ«ស៊ីណូហ្វាម និងស៊ីណូហ្វាក់»។ ដោយហេតុថា លោកនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុក «វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាទំនិញយុទ្ធសាស្ត្រ» ដូច្នេះ ក្រោយពីមិត្តចិនបានសម្រេចផ្តល់ជំនួយវាក់សាំងឥតសំណងចំនួន១លានដូស ហើយជំនួយវាក់សាំងដំបូងចំនួន៣០ម៉ឺនដូសមកដល់កម្ពុជានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកនាយករដ្ឋមន្ត្រី នឹងទៅទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការធ្វើបែបនេះគឺដើម្បីបញ្ជាក់ជូនប្រជាពលរដ្ឋថា មេដឹកនាំគណបក្សប្រជាជនកម្ពុជារូបនេះ តែងតែខាំស្មៅរួមសុខ រួមទុក្ខ និងហ៊ានលះបង់ពុះពារគ្រប់ឧបសគ្គដើម្បីប្រជាជននៅគ្រប់កាលៈទេសៈលំបាកទាំងអស់ គឺមិនដែលរត់ចោលប្រជាជនម្តងណាឡើយ។
ក្រោយពីការប្រកាសទទួលយកជំនួយវាក់សាំងប្រឆាំងកូវីដ១៩ ពីប្រទេសចិនចំនួន១លានដូសដំបូងនៅក្នុងខែកុម្ភៈនេះ ក្រុមប្រឆាំងបែរជានាំគ្នារិៈគន់ថាជាការប្រថុយប្រថានក្នុងការចាក់វាក់សាំងជូនប្រជាពលរដ្ឋ ដែលវាក់សាំងនេះមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ការចោទប្រកាន់នេះគឺជារឿងឆោតល្ងង់បំផុត ដោយហេតុថា ទោះបីជាវាក់សាំងដែលផលិតនៅប្រទេសចិន មិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកក្តីក៏ប៉ុន្តែ វាក់សាំងនេះត្រូវបានប្រើប្រាស់លើថ្នាក់ដឹកនាំ និងប្រជាជនចិនខ្លួនឯងរាប់លាននាក់រួចទៅហើយ បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី និងប្រធានាធិបតីឥណ្ឌូនេស៊ីក៏ទទួលចាក់វាក់សាំងនេះជាលើកដំបូងផងដែរ គឺជាវ៉ាក់សាំងរបស់ប្រទេសចិន។ ក្រៅពីនេះក៏មានប្រទេសម៉ាឡេស៊ី ហ្វីលីពីនក៏បានប្រើប្រាស់វ៉ាក់សាំងប្រទេសចិនផងដែរ។ នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា ប្រទេសអេហ្ស៊ីប និងអាមេរិកឡាទីន ក៏បានប្រើប្រាស់ផងដែរ។ ដូច្នេះ មនុស្សរាប់សិបលាននាក់ទៅហើយដែលបានប្រើប្រាស់វ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិនរហូតមកដល់ពេលនេះ។ ដូច្នេះមានន័យថា វាក់សាំងនេះបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ក៏ដូចជាប្រទេសមួយចំនួនផ្សេងទៀតមិនតិចជាង១០ប្រទេសនោះទេ និងមានប្រជាជនជាច្រើនលាននាក់បានប្រើប្រាស់រួចទៅហើយ។
យោងតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រផលិតវាក់សាំងប្រទេសចិនបានបញ្ជាក់ថា វ៉ាក់សាំងផលិតដោយប្រទេសចិននេះ មានគុណភាពល្អ ដោយសារតែសុវត្ថិភាពរបស់វា ហើយវាក់សាំងនេះបានប្រើរូបមន្តបុរាណនៃភាពអសកម្ម ចំណែកប្រសិទ្ធភាពរបស់វាក់សាំងគឺមានដល់ទៅ៨៦% ខណៈជាមធ្យមប្រសិទ្ធភាពរបស់វាក់សាំងដែលអាចប្រើបានតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក គឺត្រឹម៧៥% ធៀបនឹងវ៉ាក់សាំងដទៃស្រដៀងគ្នានេះ។ ម្យ៉ាងទៀត វាក់សាំងផលិតនៅប្រទេសចិននេះមានភាពងាយស្រួលសម្រាប់ការរក្សាទុកទៀតផង និងអាចធ្វើការដឹកជញ្ជូនក្រោមសីតុណ្ហភាពចន្លោះពី២ទៅ៨អង្សាសេបាន។
ទោះបីជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ និងការប្រឹងប្រែងស្វែងរកវាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងអាចគ្រប់គ្រងស្ថានភាពនៃជំងឺនេះបានល្អយ៉ាងណាក្តី ក៏ក្រុមប្រឆាំងមិនដែលទទួលស្គាល់នោះឡើយ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅភាគច្រើនគឺបានទទួលស្គាល់នូវសមត្ថភាព និងភាពប៉ិនប្រសព្វក្នុងការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយពួកគាត់នៅតែបន្តគាំទ្រ លោក ហ៊ុន សែន ឱ្យធ្វើជាប្រមុខដឹកនាំប្រទេសតទៅទៀតជាដរាប។
តាមការវាយតម្លៃជំហ៊ានដំបូង ពលរដ្ឋកម្ពុជាចន្លោះពី១០លាន ទៅ១៣លាននាក់នឹងត្រូវចាក់វ៉ាក់សាំងនេះ ពោលគឺ៨០ភាគរយនៃប្រជាពលរដ្ឋសរុប។ ប៉ុន្តែចំនួនប្រជាពលរដ្ឋអាចនឹងត្រូវបន្ថយនៅត្រឹម៦០ភាគរយ ទៅតាមស្ថានភាពជាក់ស្តែង។ ពលរដ្ឋដែលនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេរួមមាន៖ ក្រុមគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ដែលពាក់ព័ន្ធនឹងការផ្ដល់សេវា អ្នករត់ម៉ូតូឌុប កង់៣ តាក់ស៊ីជាដើម។ ក្រៅពីនេះ អ្នកដែលមានអាទិភាពទទួលបានការចាក់វ៉ាក់សាំងនេះដែរ គឺជាមនុស្សនៅជុំវិញរូបលោកនាយករដ្ឋមន្ត្រី រួមមានទាំងកងអង្គរក្ស អ្នកនៅជុំវិញព្រះមហាក្សត្រ អ្នកនៅជុំវិញប្រធានព្រឹទ្ធសភា និងរដ្ឋសភា។ អ្នកទាំងនេះនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ និងដោយគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងន័យនេះ ការត្រៀមផ្តល់ការចាក់វាក់សាំងជូនប្រជាពលរដ្ឋ គឺត្រូវបានប្រជាពលរដ្ឋស្វាគមន៍ និងស្ម័គ្រចិត្តទទួលយកដោយរីករាយបំផុត។ យោងតាមការស្ទង់មតិរបស់ប្រជាពលរដ្ឋភាគច្រើនគឺពួកគាត់បានស្វាគមន៍ និងហ៊ានស្ម័គ្រចិត្តទទួលយកការចាក់វាក់សាំង ពីព្រោះពួកគាត់បានយល់ថា បើទោះបីវាក់សាំងផលិតដោយប្រទេសចិននេះ មិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកក៏ដោយ ក៏វាក់សាំងនេះបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពនៅប្រទេសមួយចំនួនរួចទៅហើយ។
យោងតាមការបញ្ជាក់របស់លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិនក្នុងជំហ៊ានទី១ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានាចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញនេះ។ ដូច្នេះ នេះជាការចាប់ផ្តើមដំបូងនៃការចាក់វាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត។
ប៉ុន្តែ បើទោះបីជាប្រជាពលរដ្ឋមួយចំនួនទទួលបានការចាក់វ៉ាក់សាំងការពារហើយក៏ដោយក៏យើងត្រូវតែនៅបន្តរក្សានូវវិធានការ៣កុំ និង៣ការពារ ដដែលគឺទី១ កុំទៅកន្លែងដែលមានការប្រមូលផ្តុំដែលមានមនុស្សច្រើនកុះករ ទី២កុំនៅទីកន្លែងបិទជិទ គ្មានខ្យល់ចេញ មានម៉ាស៊ីនត្រជាក់ខ្លាំង ទី៣កុំប៉ះពាល់គ្នាដោយការចាប់ដៃ ដោយការឱបថើប ។ ត្រូវបន្តអនុវត្តវិធានការ ៣ការពារជាប់ជានិច្ច គឺទី១ពាក់ម៉ាសជាប់ជាប្រចាំ ទី២លាងសម្អាតដៃដោយទឹកអាល់កុលឬ ជែលឱ្យបានញឹកញាប់និងទី៣រក្សាគម្លាតសុវត្ថិភាពឱ្យបានមួយម៉ែត្រកន្លះជានិច្ច។ នេះជាចំណុចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តទោះបីបានចាក់ ឬមិនទាន់បានចាក់វាក់សាំងការពារក៏ដោយ ក៏ត្រូវតែប្រើប្រាស់នូវវិធានការទាំង៣នេះ ហើយជៀសវាងឱ្យខានតែបាននូវការចម្លងតាមបែបវិធានការខ្វះភាពអនាម័យ។ មួយវិញទៀត វិធានការនៃការចាក់វ៉ាក់សាំងនេះក៏នឹងផ្តល់នូវជំនឿទុកចិត្តដល់អ្នកវិនិយោគ ដែលកំពុង និងចង់មកវិនិយោគនៅកម្ពុជាផងដែរ ដោយមិនចាត់ទុកកម្ពុជា ជាប្រទេសគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩ ហើយយើងសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញដូចកាលពីមុនមានវិបត្តិនៃជំងឺកូវីដ១៩ជាក់ជាមិនខាន៕
ដោយ៖ ពង្ស សុក្រឹត្យ