“អំណាច​កណ្តាល” របស់​អាស៊ាន​ប្រឈម​នឹង​ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
238

ប្រភព : Bangkok Post ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦

មហន្តរាយមុននេះនៅសប្តាហ៍នេះពេលដែលរដ្ឋមន្រ្តីការបរទេសអាស៊ានបានសំរេចឲ្យ មានសេចក្តីថ្លែងការណ៍រួមមួយដែលបានកែសម្រួលឲ្យធូរស្រាល បន្ទាប់ពីបានចេញសេចក្តីថ្លែង ការណ៍ដ៏ម៉ឺងម៉ាត់មួយ ក្រោយពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន Wang Yi គឺជាសក្ខីភាពមួយ ទៀតចំពោះបញ្ហាប្រឈមនៃ “អំណាចកណ្តាល” របស់ក្រុមដែលមានសមាជិកចំនួន ១០ ប្រទេស ក្នុងការស្ថាបនាសណ្តាប់ធ្នាប់តំបន់នៅអាស៊ី។ ប្រការដែលថា ចិនបាន និងកំពុងបញ្ចូលឥទ្ធិពល របស់ខ្លួននៅក្នុងបណ្តារដ្ឋអាស៊ានតូចៗដែលបន់បែន និងធ្វើឲ្យអង្គការមួយនេះមានការបែកបាក់ គ្នាលើបញ្ហាសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែមានសភាពធ្ងន់ធ្ងរ និងនាំឲ្យមានស្ថានភាពគ្រោះថ្នាក់ដល់សន្តិសុខ និងល្បែងសងសឹកគ្នាដ៏គ្រោះថ្នាក់នៅក្នុងតំបន់ ជិតខាង។ ដើម្បីបញ្ជៀសជម្លោះនៅពេលអនាគត វិធីតែមួយគត់នោះធ្វើឲ្យតំបន់នេះយកច្បាប់ជាមូលដ្ឋាន និងមានការសម្រុះសម្រួលគ្នាទៅវិញទៅមក។

អំណាចកណ្តាលរបស់អាស៊ានមានប្រវត្តិជាយូរលង់ និងមានការទទួលស្គាល់យ៉ាងច្បាស់ លាស់។ នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩០ ក្រោយសង្រ្គាមត្រជាក់អាស៊ានបានក្លាយជាអ្នកផ្តួចផ្តើមដំបូងក្នុងការបង្កើតយន្តការតំបន់មួយចំនួនដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ និងវិបុល ភាពតំបន់ ដូចជា វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation- Apec) ក្នុងឆ្នាំ ១៩៨៩ និងវេទិកាតំបន់អាស៊ាន (Asean Regional Forum) ក្នុងឆ្នាំ ១៩៩៤ ។

ដោយមានអាស៊ានជាយុថ្កា ការចាប់ផ្តើមនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងវេទិកាតំបន់អាស៊ាន ត្រូវបានគេមើលឃើញនៅពេលនោះថាជាការធ្វើតំបន់នីយកម្មមួយដ៏សំខាន់នៅអាស៊ីប៉ាស៊ីហ្វិកលើមូលដ្ឋានសេដ្ឋកិច្ច និងសន្តិសុខ។ សម័យកាលនេះក៏ត្រូវបានគេមើលឃើញ មានការធ្វើស្ថាប័ននីយកម្មអាស៊ានបន្ថែមទៀតតាមរយៈតំបន់ពាណិជ្ជកម្មសេរី (free-trade area- AFTA) ក្នុងឆ្នាំ ១៩៩២។ តំបន់ពាណិជ្ជកម្មសេរីនេះត្រូវបានជំរុញដោយយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចអនុតំបន់មួយចំនួន។

ដំណើរសេដ្ឋកិច្ចរះត្រដែតនៅអាស៊ីអាគ្នេយ៍ ត្រូវបានធនាគារពិភពលោកបានដាក់ចំណង ជើងនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួនថាជា “អព្ភូតហេតុអាស៊ីបូព៌ា” (The East Asian Miracle) ដែលធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់កាន់តែមានទំនុបទុកចិត្ត។ ប៉ុន្តែភាពរុងរឿងខាងសេដ្ឋកិច្ចនេះ មានអាយុកាលខ្លី និងបញ្ចប់ភ្លាមៗដោយសារវិបត្តិសេដ្ឋកិច្ចនៅទូទាំងតំបន់ក្នុងអំឡុងឆ្នាំ ១៩៩៧-១៩៩៨ ដោយបានចាប់ផ្តើមនៅក្នុងប្រទេសថៃ និងរាលដាលដល់ប្រទេសឥណ្ឌូណេស៊ី និងសេដ្ឋកិច្ចប្រទេសដទៃទៀតនៅក្នុងតំបន់។

វិបត្តិសេដ្ឋកិច្ចនេះធ្វើឲ្យអន្តរាយដល់តំបន់ទាំងមូល។ ប៉ុន្តែ ក្តីសង្ឃឹមចេញពីវិបត្តិនេះគឺថា អាស៊ានបានឆ្លើយតបដោយប្រើក្របខណ្ឌអាស៊ានបូកបី (Asean Plus Three) សំរាប់សមាជិកអាស៊ានទាំង ១០ ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។ ជាការឆ្លើយតប អាស៊ានបូកបីបានបង្កើតឲ្យ មានគំនិតផ្តួចផ្តើមក្រុងឈៀងមៃ (Chiang Mai Initiative) ដែលជាយន្តការសហប្រតិបតិ្តហិរញ្ញវត្ថុ  រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន ផ្អែកលើកិច្ចព្រមព្រៀងដោះដូររូបិយបណ្ណ័ ដើម្បីទប់ទល់ជាមួយមូលធនបរទេសដែលគេទិញទុកជួញដូរ។

នៅត្រឹមពេលដែលអាស៊ីអាគ្នេយ៍បានងើបចេញពីវិបត្តិនេះ ការវាយប្រហារភេវរកម្មថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ បានកើតឡើង និងបានធ្វើឲ្យតំបន់ និងពិភពលោកទាំងមូលដាំក្បាលចុះ។ ការចាប់ផ្តើមសង្រ្គាមរបស់អាមេរិកប្រឆាំងភេវរកម្ម បានចាប់ផ្តើមដោយការចូលលុកលុយប្រទេស អាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០០១ និងអ៊ីរ៉ាក់ ១៨ ខែក្រោយមកបានធ្វើឲ្យកិច្ចប្រឹងប្រែងកសាង តំបន់របស់អាស៊ានស្ថិតក្នុងភាពជាប់គាំង និងជំនួសមកវិញដោយទិសដៅនៃនយោបាយការបរទេស និងសន្តិសុខរបស់សហរដ្ឋអាមេរិក។ សូម្បី Apec នៅពេលនោះក៏ត្រូវបានប្រែក្លាយទៅជាវេទិកាសន្តិសុខដែរ។ នៅពេលដែលសង្រ្គាមប្រឆាំងភេវរកម្មបានបាត់បង់កំលាំង និងភាពស្របច្បាប់នៅបណ្តាឆ្នាំក្រោយៗនៃរដ្ឋការរបស់ George W Bush ទើបបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមគិតឡើងវិញ និងមានកិច្ចប្រឹងប្រែងឡើងវិញដើម្បីលើកកម្ពស់តំបន់និយមជាថ្មី។

នៅខែធ្នូ ឆ្នាំ ២០០៥ ដោយឈរលើអាស៊ានបូកបី អាស៊ានបានផ្តួចផ្តើមឲ្យមានជំនួបកំពូល អាស៊ីបូព៌ាដំបូងមួយ។ ជំនួបកំពូលអាស៊ីបូព៌ាបានក្លាយជាវេទិកាសន្ទនាជាយុទ្ធសាស្រ្តឈានមុខ នៅក្នុងតំបន់ ដែលជាឱកាសមួយប្រចាំឆ្នាំ និងដ៏កម្រសំរាប់ការជួបជុំគ្នារបស់មេដឹកនាំកំពូលនៃអាស៊ីខាងត្បូង (រួមមានឥណ្ឌា) អាស៊ីឦសាន និងអាស៊ីអាគ្នេយ៍ ។ អាស៊ានបូកបីក៏បានជំរុញឲ្យ មានជំនួបកំពូលត្រីភាគីក្នុងឆ្នាំ ២០០៨ ក្នុងចំណោមចិន ជប៉ុន និងកូរ៉េខាងត្បូង ប៉ុន្តែបានបាត់បង់ សន្ទុះទៅមុខតាំងពីឆ្នាំ ២០១២ មក។

ក៏ប៉ុន្តែ ការសន្ទនារបស់មេដឹកនាំជំនួបកំពូលអាស៊ីបូព៌ាមានកំលាំងកាន់តែខ្លាំងក្លាឡើងៗ ក្រោយមកបានពង្រីកដោយបញ្ចូលសហរដ្ឋអាមេរិក និងរុស្ស៊ី។ នៅក្នុងភាពប្រសព្វគ្នានៃអង្គការ តំបន់នេះ ជំនួបបូកនៃរដ្ឋមន្រ្តីការពារជាតិអាស៊ាន (Asean Defence Ministers’ Meeting Plus -ADMM-Plus) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១០ ជាវេទិកាសន្តិសុខមួយ និងជាគម្រោងកម្មវិធីសហប្រតិបតិ្តការមុខងារមួយនៅក្នុងចំណោមគ្រឹះស្ថានការពារជាតិរបស់អាស៊ាន និងដៃគូសន្ទនារបស់ខ្លួន។ នៅក្នុងពេលកសាងស្ថាបត្យកម្មនេះ អាស៊ានបានប្រកាសធម្មនុញ្ញអាស៊ានរបស់ខ្លួន ឆ្ពោះទៅបង្កើតសហគមន៍អាស៊ានមួយដោយមានការអបអរយ៉ាងខ្លាំងនៅឆ្នាំ ២០០៨ ដែលរួមមានសរសរគ្រឹះបី គឺសហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម- វប្បធម៌អាស៊ាន។

អំណាចកណ្តាលរបស់អាស៊ាននៅពេលនេះគឺមានភាពច្បាស់លាស់។ វាគឺជាចំណុចកណ្តាល នៃសកម្មភាពសំរាប់តំបន់និយមរបស់អាស៊ី។ ការឡើងកាន់អំណាចរបស់ប្រធានាធិបតី Barack Obama ក្នុងខែ មករា ឆ្នាំ ២០០៩ បានពង្រឹងអំណាចកណ្តាលរបស់អាស៊ាន។ នៅក្នុងការកាន់តំណែងនៅឆ្នាំទីមួយរបស់លោកប្រធានាធិបតី Obama បានប្រកាសអាណត្តិរបស់លោកថាជា ប្រធានាធិបតីប៉ាស៊ីហ្វិកដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក។ មិនយូរប៉ុន្មាន ការងាករបស់សហ រដ្ឋអាមេរិកមកកាន់អាស៊ីប៉ាស៊ីហ្វិកនៅក្រោមការឃ្លាំមើលរបស់លោក Obama ត្រូវបានដំណើរការទៅជាទស្សនៈវិស័យមួយជាយុទ្ធសាស្រ្តដែលគេហៅថា “ការវិលត្រឡប់មកកាន់អាស៊ី“ ហើយក្រោយមកហៅថា “ការធ្វើឲ្យមានតុល្យភាពឡើងវិញនៅអាស៊ី”  ដែលសំដៅលើចេតនាបង្វែរការយកចិត្តទុកដាក់ការប្តេជ្ញាចិត្ត និងធនធានពីតំបន់អាត្លង់ទិចទៅកាន់តំបន់ប៉ាស៊ីហ្វិក។

ទោះបីការវិលត្រឡប់របស់លោក Obama មកកាន់អាស៊ីយ៉ាងនេះក្តី (ប្រសិនបើគោលនយោបាយធ្វើឲ្យមានតុល្យភាពឡើងវិញរបស់លោក Obama ជំរុញឲ្យចិនមានភាពក្រអឺតក្រទោមនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ) តែតួនាទីជា “អ្នកបើកបរ” របស់អាស៊ាននៅក្នុងអាណត្តិទីពីររបស់លោក Obama កំពុងតែមានបញ្ហាច្រើនឡើងៗ។ ចំណុចសំខាន់ជាងគេដែលជាការប្រឈមដល់អំណាចកណ្តាល និងសាមគ្គីភាពរបស់អាស៊ានគឺការកែប្រែស្ថានភាពជាក់ស្តែងបច្ចុប្បន្នរបស់ចិននៅសមុទ្រ ចិនខាងត្បូងដែលផ្អែកលើការទាមទារតាម “ខ្សែបន្ទាត់ប្រាំបួនចំណុច” ដ៏ចម្រូងចម្រាស់របស់ខ្លួន ដែលទាមទារទឹកដីយ៉ាងច្រើននៅក្នុងតំបន់ដែលមានជម្លោះ ដូចបានបង្ហាញច្បាស់នៅក្នុងការខ្វែង គំនិតគ្នាក្នុងការចេញសេចក្តីថ្លែងការណ៍រួមនៅសប្តាហ៍នេះ។

បណ្តារដ្ឋនៅក្នុងអាស៊ានដែលនៅជាប់សមុទ្រជាពិសេស ហ្វីលីពីន និងវៀតណាម មានជម្លោះជាមួយចិន។ តាមពិត វិធីសាស្រ្តតឹងរឹងរបស់ចិនប្រឆាំងនឹងអាស៊ាននៅខេត្ត Yunnan ប្រទេសចិនសប្តាហ៍នេះ គឺដោយសារតែការរងចាំសេចក្តីសំរេចមួយរបស់តុលាការអាជ្ញាកណ្តាល អង្គការសហប្រជាជាតិទាក់ទងនឹងការតវ៉ារបស់ហ្វីលីពីន ចំពោះការទាមទារទឹកដីរបស់ចិនរួមទាំងការសាងសង់កោះសិប្បនិម្មិតរបស់ចិននៅសមុទ្រចិនខាងត្បូង។

ដោយសារភាពតានតឹងកាន់តែខ្លាំងនេះ ក្រុងម៉ានីលបានងាកកាន់តែខ្លាំងទៅរកសម្ព័ន្ធភាព សន្ធិសញ្ញារបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។ ក្រុងវ៉ាស៊ីនតោនបាន និងកំពុងជួយបញ្ចេញកំហឹង ភ្លាមៗទៅលើចិន។

គេពិបាកក្នុងការកំណត់បរិយាកាសដ៏ជូរចត់បែបនេះនៅអាស៊ីអាគ្នេយ៍ណាស់។ វាហាក់ដូចជាធ្លាក់ចុះកាន់តែដុនដាបនៅក្នុងអាណត្តិទីពីរបស់លោក Obama ពេលដែលចិនប្រឈមនឹង បញ្ហាកំណើនសេដ្ឋកិច្ច និងគំនិតជាតិនិយមកាន់តែខ្លាំងនៅក្នុងស្រុកនៅក្នុងប្រទេសជិតខាង ដែលមានជម្លោះ ដែលចិនមិនអាចប្រើឥទ្ធិពលរបស់បានតាមចិត្តដោយគ្មានការតវ៉ា។ ចំពោះ សហរដ្ឋអាមេរិកតួនាទីរបស់អាស៊ានជា ទូទៅគួរតែជាអ្នកកសាងស្ពាន និងជាអ្នកសម្របសម្រួលឲ្យមានស្ថិរភាព និងវិបុលភាពដោយផ្អែកលើសណ្តាប់ធ្នាប់សកលលោកក្រោយសង្រ្គាមលោកលើកទីពីរ ដែលក្រុងវ៉ាស៊ីនតោនបានរៀបចំបង្កើតឡើងជាយូរយារមកហើយ។

ប៉ុន្តែ អ្វីៗ ដែលបានដំណើរការនៅក្នុងអតីតកាលរបស់អាស៊ាននឹងមិនដំណើរការតទៅទៀត នៅក្នុងអនាតគតរបស់ខ្លួនឡើយ។ ការសម្រុះសម្រួលរវាងអាស៊ាន និងចិនគឺជាកិច្ចការបន្ទាន់មួយ។ អាស៊ានត្រូវតែមានឯកសារយោងច្បាស់លាស់ចំពោះការកែប្រែដ៏គួរឲ្យភ្ញាក់ផ្អើលចំពោះស្ថានភាពជាក់ស្តែងបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូង និងបញ្ចុះបញ្ចូលហ្វីលីពីនឲ្យបន្ទន់ឥរិយាបថគ្រប់គ្រាន់ ដើម្បីឲ្យចិនចាប់អារម្មណ៍ក្នុងការចរចាឲ្យមានកិច្ចព្រមព្រៀងមួយដោយឈរលើច្បាប់ ដូចជា “ក្រមប្រតិបត្តិ” (Code of Conduct) ដែលបច្ចុប្បន្នមិនដំណើរការសំរាប់ភាគីទាំងអស់នៅសមុទ្រចិនខាងត្បូង។ ការគ្មានវិធានច្បាប់ ដែលឯកភាពគ្នានៅក្នុងចំណោមភាគីដែលពាក់ព័ន្ធនឹងនាំយើងទៅកាន់ភាពតានតឹងកាន់តែច្រើន ហើយប្រហែលជាអាចនឹងឈានទៅកាន់ជម្លោះទៀតផង៕

ចែករំលែក

បញ្ចេញយោបល់