ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតប្រាក់ជូនប្រជាពលរដ្ឋនៅខេត្តកែប

ថ្ងៃអាទិត្យ ទី ២៤ មករា ២០២១​
10

កែប៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ទទួលស្វាគមន៍ក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន១៥០នាក់ ដែលមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅ ខេត្តកែប នៅទីតាំងវត្តចរិយាវង្ស ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺផ្សេងៗ តាមរយៈការផ្តល់ថ្នាំពេទ្យ ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ចំនួន ២០០នាក់ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ។

លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានមាន ប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗដែលមានបទពិសោធន៍ ព្យាបាលជំងឺច្រើនឆ្នាំ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើឈាម តម្រងនោម និងមានពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះជាដើម។

មានប្រសាសន៍សំណេះសំណាល នាឱកាស នោះ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់លោក ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនាពេលនេះ ។ លោក ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ធ្វើឲ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាលរបស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរ។

ជាមួយគ្នា នេះ លោកអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមអោយបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយទៀតសំដៅលើកំពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាពក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

ចែករំលែក

បញ្ចេញយោបល់