អ្នកជំងឺទូទៅ នៅសង្កាត់ច្រាំងចំរេះ២ ទទួលសេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃពីគ្រូពេទ្យស្ម័គ្រចិត្ត CMYA

ថ្ងៃចន្ទ ទី ១៨ មករា ២០២១​
11

គ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ហៅកាត់ថា CMYA បានរៀបចំពិធីអបរំសុខភាព និងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដែលជាអ្នកជំងឺចំនួន ១៥០នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងនៅបរិវេណវិហារឥស្លាមគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ន គ្រីយ៉ា រដ្ឋលេខាធិកាក្រសួងការងារនិងបណ្តាបណ្តាលវិជ្ជាជីវៈ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) មន្ត្រីជាន់ខ្ពស់ពីក្រសួងផ្សេងៗ និងមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ និងក្រុមគ្រូពេទ្យស្មគ្រចិត្ត CMYA ចំនួន២៥នាក់។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ណាសៀត អូស្មាន ប្រធាន CMYA បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានចូលរួមបដិភាគពេលវេលា ចំណេះដឹង និងធនធានផ្សេងៗ ក្នុងកិច្ចការងារដ៏មានតំលៃនេះ។ លោកបន្តថា នេះគឺជាលើកទី១ សម្រាប់ខណ្ឌឫស្សីកែវ នៃគម្រោង ១ឆ្នាំ ដែលធ្វើសកម្មភាពរៀងរាល់មួយខែម្តង។ លោក ណាសៀត អូស្មាន បន្តទៀតថា ឡោយឡែក ពុកម៉ែបងប្អូន ក្រោយទទួលបានសេវ៉ាព្យាបាល ក៏នៅតែបន្តដានសុខភាពជាប្រចាំ ដោយក្រុមគ្រូពេទ្យរបស់យើង ហើយការពិនិត្យព្យាបាលគឺផ្តោតសំខាន់ទៅលើជំងឺទូទៅ ទៅលើស្ត្រីនិងកុមារ និងការធ្វើតេស្តឈាម រកមើលជំងឺថ្លើមប្រភេទបេនិងសេ។ ក្រៅពីការពិនិត្យព្យាបាល ក៏មានការអប់រំសុខភាព ដែលផ្តល់ជូនដោយវេជ្ជបណ្ឌិតល្បីៗរបស់យើងផងដែរ។

លោក ម៉ន គ្រីយ៉ា បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទក្ខ ពីឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងមនោសញ្ចេតនា ការនឹករលឹកជាខ្លាំង ចំពោះពុកម៉ែបងប្អូន។ លោកក៏បានបានថ្លែងអំណរគុណដល់មន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ ដែលបានផ្តល់ការសហការបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ ក៏បានក្រើនរំលឹកពីការថែទាំសុខភាព ជាពិសេស ការការពារ នៃការឆ្លងជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះបានបម្លែងខ្លួនជាទម្រង់ថ្មី ងាយឆ្លង និងគ្រោះថ្នាក់បំផុត។

ក្នុងពិធីនេះផងដែរ គណកម្មការសុខាភិបាល CMYA បានប្រគល់រទេះ ២គ្រឿងជូនបងប្អូនពិការ ២នាក់ ថវិការ ២០ម៉ឺនរៀល ដល់យុវជន CMYA រាជធានីភ្នំពេញ និង ១៩ម៉ឺនរៀល សម្រាប់បងៗប្រជាការពារផងដែរ។

សូមបញ្ជាក់ជូនផងដែរថា គ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានធ្វើសកម្មភាពជាច្រើនកន្លងមកហើយ ពាក់ព័ន្ធនិងថែទាំសុខភាពជូនពុកម៉ែបងប្អូននៅតាមមូលដ្ឋាននានា ជាពិសេសបច្ចុប្បន្ន ក្រោមកិច្ចសហការជាមួយក្រុមការងារចុះជួយឃុំព្រែកតានង់ ស្រុកស្រីកោះសូទីន ខេត្តកំពង់ចាម គ្រូពេទ្យស្ម័គ្រចិត្តបានចូលរួមសកម្មភាពអប់រំនិងព្យាបាលដោយឥតគិតថ្លៃជាប្រចាំខែផងដែរ៕

ចែករំលែក

បញ្ចេញយោបល់