នាយឧត្តមសេនីយ៍ អ៊ី ឈាន ៖ ពង្រឹងសមត្ថកិច្ចកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩

ថ្ងៃពុធ ទី ១៣ មករា ២០២១​
6

ប៉ៃលិន៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងា បានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃចូលមកខេត្តប៉ៃលិន តាមច្រកធម្មជាតិនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយខេត្តប៉ៃលិនគិតដល់ពេលនេះ បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ ចំនួន ១៣នាក់ វិជ្ជមានជម្ងឺកូវីត-១៩ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ០៦នាក់ និងចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលផ្ទះសំណាក់គ្រូបង្រៀនខេត្ត។

លោកប្រធានក្រុមការងារ ក៍បានមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទុបស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

នៅក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារទាំងកំលាំងកាយទាំងកំលាំងចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រទេសជាតិ។

សូមបញ្ជាក់ថា៖ អំណោយដែលលោក អ៊ី ឈាន ឧបត្ថម្ភជូនដល់កងកម្លាំង ដែលកំពុងប្រចាំការ ទាំង ២៥គោលដៅ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា+ថៃ ដោយក្នុង ១គោលដៅៗ ទទួលបានរួមមាន៖ អង្ករ ១០០គីឡូក្រាម មី៣កេះ ត្រីខ ២យួ ទឹកស៊ីអ៊ីវ ១យួ ទឹកសុទ្ធ ៤យួ, ទឹកក្រូច ២កេះ ស្មើនឹង៣ឡូ ម៉ាស់ ៤ប្រអប់ ជែល ១ដុំ ស្មើនឹង ១២ដបតូច ផ្អក ២កែវ ពងទា ២ជុង និងកងកម្លាំង ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៣ម៉ឺនរៀលផងដែរ៕

ចែករំលែក

បញ្ចេញយោបល់