កំណាព្យ៖ តំណក់ប្រេងកាតពីបាតសមុទ្រខ្មែរ

ថ្ងៃអង្គារ ទី ៥ មករា ២០២១​
29

ព្រះពុទ្ធ​សក​រាជ​ព្រះ​សាសនា​                            អតិក្កន្តា[1]បានលឿន​លយ
ឆ្នាំ​ជូត​ទោស័ក​ជាក់​មិន​ធ្លោយ                            ពីរពាន់​ប្រាំ​រយ​ហុក​សិប​បួន                     ។

ឆ្នាំ​ពីរ​ពាន់​ម្ភៃ​ថ្ងៃ​អង្គារ                                       ខែ​បុស្ស​វេលា​មហា​គាប់​ជួន
ម្ភៃ​ប្រាំ​បួន​ខែ​ធ្នូ​ល្អ​សម​សួន                               ថ្ងៃ​គ្មាន​គូ​ផ្ទួន​ពេញ​បូណ៌មី                       ។

ខួប​ម្ភៃ​ពីរ​ឆ្នាំ​ចំណាំ​ច្បាស់                                  នយោបាយ​ឈ្នះ​ឈ្នះ​ជះ​រស្មី
កំរៀង​ភ្នំព្រឹក​ស្រុក​ម៉ាឡៃ                                  ប៉ៃលិន​ក្បែរ​ថៃ​ដី​បស្ចិម                         ។

ថ្ងៃ​នក្ខត្តឫក្ស​ដ៏​ឧត្ដម                                        បាន​ធ្លាក់​មក​ចំពេល​ញញឹម
តំណក់​ប្រេង​កាត​ស្អាត​ត្រដឹម                            ផុស​ចេញ​សន្លឹម​គួរ​ស្ញប់​ស្ញែង                  ។

សមុទ្រ​តំបន់​អប្សរា                                         លេច​ចេញផ្លែផ្កា​តំណក់​ប្រេង
ក្បែរ​ពូលូវ៉ៃ​ក្រោម​សូរ្យសែង                              ដោយ​ការ​ប្រឹង​ប្រែង​គ្មាន​ស្រាក​ឡើយ        ។

អំណត់​ៗ​កត់​ចំណាំ                                         ​រង់ចាំៗច្រើន​ឆ្នាំ​ហើយ
អស់​បី​ទសវត្ស​ទើប​ឃើញ​ត្រើយ                        ខ្មែរ​មាន​ប្រេង​ហើយ​ដូច​ស្រុក​គេ               ។

នេះ​ជា​មោទនៈ​ជាក់​សុទ្ធ​សាធ                           ខ្មែរ​មាន​ប្រេង​កាត​មាន​ទាំង​រ៉ែ
ទោះ​បី​ប៉ុន្មាន​បាន​ប្រែប្រួល                               ពេល​នេះ​ស្រុក​ខ្មែរ​លែងគ្រាំគ្រា                ។

ប្រជា​ពលរដ្ឋ​ទាំង​នគរ                                     អបអរ​សាទរឥត​គណនា
សេដ្ឋ​កិច្ច​ពាណិជ្ជកម្ម​បាន​ធូរ​ធារ                        ប្រៀប​បាន​ចន្ទ្រា​នា​ដើម​ខ្នើត                    ។

កម្ពុ​កុល​បុត្រ​កុលធីតា                                     ខំប្រឹង​សិក្សា​ច្នៃ​បង្កើត
ចំណេះ​ជំនាញ​ចំណាន​ឆើត                               ខ្មែរ​ដើម​កំណើត​សង់​អង្គរ                 ៕

ថ្ងៃចន្ទ ទី៤ ខែមករា​ ឆ្នាំ​២០២១
និពន្ធដោយ៖ លោកអ៊ុំ មូលមិត្ត

[1] ពាក្យ​ខ្មែរ​បូរាណ​មាន​ន័យ​ថា “កន្លងហើយ”

ចែករំលែក

បញ្ចេញយោបល់