លទ្ធផល​សំខាន់ៗ​របស់​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តីនៅទី​ក្រុង​បាង​កក

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
123

កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ មាតុភូមិនិវត្តន៍មកដល់មាតុភូមិវិញ ហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពី កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នៅទីក្រុងបាងកកប្រទេសថៃ។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថ្លែងឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ថា នៅក្នុងការស្នាក់នៅ ទីក្រុងបាងកក នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ ដោយបានផ្ដោតការសន្ទនាលើបញ្ហាសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ពិសេសគឺការតភ្ជាប់ រវាងប្រទេសទាំងពីរទាំង ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស , រវាងប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ ,ស្ថាប័ននិងស្ថាប័ន និង រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតបានបន្តថា សម្តេចតេជោបានលើកឡើងពីការតភ្ជាប់ផ្លូវដែករវាង ប្រទេសទាំងពីរ ឱ្យបាននូវដំណាច់ឆ្នាំ២០១៦ ហើយសម្តេចតេជោសង្ឃឹមថានឹងមានការធ្វើ ដំណើររួមគ្នារវាង នាយករដ្ឋមន្រ្តីនៅលើផ្លូវដែកនេះ។

ឯកឧត្តមឧត្តមសេនីយ៍ បានឯកភាព ទទួលយកសំណើនេះដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាង ប្រទេសទាំងពីរ។

សម្តេចតេជោក៏ បានស្នើឱ្យគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរបន្តជួបចរចាគ្នាឡើងវិញ ព្រោះក្នុង រយៈពេល២ឆ្នាំនេះ គណៈកម្មាធិការនេះមិនបានជួបចរចាជាមួយគ្នានោះទេ។

មេដឹកនាំទាំង ពីរបានប្តេជ្ញាថានឹងខិតខំបើកច្រកព្រំដែនអន្តរជាតិថ្មី នៃប្រទេសទាំងពីរ ឱ្យបានចេញជា រូបរាង ពិតប្រាកដដោយមិនរង់ចាំការបោះបង្គោលព្រំដែនឬធ្វើឱ្យប៉ះពាល់ដល់ខ្សែបន្ទាត់ព្រំដែន ហើយការបិទ ឬបើក ច្រកព្រំដែនមិនត្រូវធ្វើឡើងដោយឯកតោភាគី ពោលគឺការធ្វើអ្វីមួយ ត្រូវរាយការណ៍ ជូនប្រមុខ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរជាមុន។

ជាមួយគ្នានេះមេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានឯកភាពឱ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បន្តការពិភាក្សាជាបន្តទៅទៀតបន្ទាប់ពីការអាក់ខានជួប ពិភាក្សាគ្នាជាង២ឆ្នាំមកនោះ។

មេដឹកនាំទាំងពីរក៏បានសម្តែងនូវការរីករាយចំពោះការតភ្ជាប់ផ្លូវរថភ្លើងនៃប្រទេស ទាំងពីរដែលគ្រោងនឹង ប្រារព្ធពិធីសម្ពោធនៅដំណាច់ឆ្នាំ២០១៦នេះ។

ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុក ដាក់ទៅលើបញ្ហាកម្លាំង ពលករកម្ពុជាចំនួនជាង ២ សែន ៤ម៉ឺននាក់ ដែលកំពុងបំពេញការងារ ទាំងស្របច្បាប់ និងមិនស្រប ច្បាប់ នៅប្រទេសថៃ ដែលក្នុងនោះភាគីកម្ពុជាស្នើឱ្យភាគី ថៃសហការជាមួយកម្ពុជា ក្នុងការផ្តល់ លិខិតឆ្លងដែន ដល់ពលករទាំងអស់នោះដើម្បីឱ្យពួកគេ ធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។

ប្រមុខដឹកនាំទាំងពីរបានចាត់ទុកថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានជាប់ ចំណាត់ថ្នាក់ទី១ បើប្រៀបធៀប ទៅនឹងបណ្តាប្រទេសក្នុងតំបន់។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយមេដឹកនាំទាំងពីរចាត់ទុកថាប្រទេសទាំងពីរ នៅមានសក្តានុពល ជាច្រើនទៀត ដែលគួរតែជំរុញកំណើននៃទំហំពាណិជ្ជកម្ម ឱ្យកើនដល់ ១៥ពាន់លានដុល្លារនៅ
ពេលដ៏ខ្លីខាងមុខ។

នៅក្នុងជំនួបនោះមេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើតំបន់ត្រួត ស៊ីគ្នា ក្នុងដែនសមុទ្រនិងការកសាងនូវថាមពលវារី អគ្គិសនីនៅស្ទឹងមេទឹក ក្នុងខេត្តកោះកុង ដែលជាគម្រោង ដ៏មានអត្ថប្រយោជន៍របស់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

មេដឹកនាំនៃប្រទេសទាំងពីរក៏បានសម្តែងនូវការ រីករាយចំពោះទំហំ ពាណិជ្ជកម្ម និងវិនិយោគ នៃប្រទេស ទាំងពីរកម្ពុជាថៃដែលតួលេខបានបង្ហាញថាកាលពីឆ្នាំ២០១៤ សរុបចំនួន ៤.៦១៤ លានដុល្លារអាម៉េរិក ការនាំចូលពីប្រទេស ថៃមកកាន់ប្រទេសកម្ពុជាមានទំហំ ៤.០២៥លានដុល្លារ ការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសថៃមានទំហំ ៥៨៩ លានដុល្លារអាម៉េរិក។

ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មកម្ពុជារវាងប្រទេសទាំង ពីរមានចំនួន ៥.៣២៨ លានដុល្លារ ការនាំចូលពី ប្រទេសថៃមកកាន់ប្រទេសកម្ពុជាមានទំហំ ៤.៦៨៩ លានដុល្លារ ឯការនាំចេញពីកម្ពុជាទៅកាន់ ប្រទេសថៃមានទំហំ៦៣៩លានដុល្លារ។

នៅក្នុងជំនួបពិភាក្សាគ្នានោះដែរមេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានពិភាក្សាគ្នា ផងដែរក្នុងការ បើកកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីចម្រុះនៃប្រទេសទាំងពីរកម្ពុជា-ថៃដែលគ្រោង នឹងប្រារព្ធធ្វើឡើងក្នុង ប្រទេសកម្ពុជានៅឆ្នាំ ២០១៧ ខាងមុខ ដែលគ្រោងធ្វើនៅខែកុម្ភៈ។

នៅក្នុងឱកាសនោះដែរ ប្រទេសទាំងពីរក៏បានពិភាក្សាគ្នា ទៅលើកិច្ចប្រជុំ CLMV លើកទី៩ និង កិច្ចប្រជុំអ៊ិចម៉ិចលើកទី៨ នៅពេលខាងមុខគួរជំរុញឱ្យប្រទេសណា មួយធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ ទាំងពីរ ក្នុងពេលតែមួយ ដើម្បីចំណេញទាំងថវិកា និង ពេលវេលា សម្តេចបានស្នើឱ្យប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជូបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង ក្យូអា (Hwang Kyo-ahn) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ។

នៅក្នុងជំនួបនោះឯកឧត្តម វ៉ាង ក្យូអាបានលើកឡើងថា ឆ្នាំ២០១៦ជាឆ្នាំសំខាន់ក្នុងការបង្កើត ទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរគម្រប់ ២០ ឆ្នាំ។

ឯកឧត្តមបានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងទាំងការទូត វិនិយោគ ពាណិជ្ជកម្ម ហើយក្នុងឆ្នាំនេះ កូរ៉េបានបើកអគ្គកុងសុលមួយទៀតនៅខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ទេសចរកូរ៉េ ។

សម្តេចតេជោបានបញ្ជាក់ថា ២០ឆ្នាំមកនេះមានការរីកចម្រើនយ៉ាងខ្លាំងក្នុងទំនាក់ ទំនងរវាងប្រទេស ទាំងពីរ។

នៅថ្ងៃដដែលនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យលោក វិក្រំ ប្រាណាឌីដ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុម ហ៊ុនសាជីវកម្មអមតៈចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារផងដែរ។

ក្នុងជំនួបនោះ ប្រធានក្រុមហ៊ុនសាជីវកម្មអមតៈ បានសុំអនុសាសន៍ល្អៗពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះគម្រោងរបស់ក្រុម ហ៊ុនហើយបានអះអាងថា សម្តេចនិងទៅ ចូលរួមសម្ពោធតំបន់សេដ្ឋកិច្ចពិសេសនោះ ។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ គឺជាថ្ងៃបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ អាស៊ីលើកទី២។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានឡើងថ្លែងសុន្ទរកថាដោយបានផ្តោតលើ បញ្ហាអាទិភាពសំខាន់ចំនួន៦ រួមមាន៖ ទី១.ការតភ្ជាប់សុវត្ថិភាពស្បៀងអាហារ ថាមពល និងទឹក, ទី២. ការតភ្ជាប់ , ទី៣. វិស័យវិទ្យាសាស្ត្របច្ចេកទេស និងរបកគំហើញថ្មី, ទី៤. ការអប់រំ និងការអភិវឌ្ឍ ធនធានមនុស្ស , ទី៥. ទេសចរណ៍និងវប្បធម៌ និង ទី៦. ការលើកកម្ពស់នូវវិធីសាស្ត្រ ដើម្បីការរួម បញ្ចូល និងការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំកំពូលនេះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេស ដែល ជាសមាជិក ACD ជាច្រើនចូលរួមមាន៖ ស៊ូដង់ ព្រុយណេ ប្រធានាធិបតីអ៊ីរ៉ង់ ប្រធានាធិបតីកូវ៉េត ប្រធានាធិបតីស្រីលង្កា ព្រមទាំងនាយករដ្ឋមន្ត្រីប្រទេសមួយរួមមាន កម្ពុជា,ប៊ូតង, ឡាវ, បារ៉ែន, ម៉ាឡេស៊ី, សាធារណរដ្ឋកូរ៉េ, ថៃ, អនុប្រធានាធិបតីចិន, ប្រទេសមីយ៉ាន់ម៉ានិងគណៈប្រតិភូ ជាច្រើនទៀតតំណាង ឱ្យប្រទេសជា សមាជិក។

គួរបញ្ជាក់ថា ACD ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដែលដំបូងឡើយប្រទេសកម្ពុជា ក៏ជាសមាជិក ស្ថាបនិកផងដែរ ហើយរហូតមកដល់ពេលនេះមានសមាជិករហូតដល់ ៣៤ ប្រទេស។

កិច្ចប្រជុំដំបូងបានធ្វើឡើងនៅប្រទេសកូវ៉ែតក្នុងឆ្នាំ២០១២ និង លើកទី២នៅទីក្រុង បាងកកនេះតែម្ដង។ សម្រាប់ការប្រជុំលើកទី៣ គ្រោងធ្វើឡើងនៅសាធារណរដ្ឋអ៊ីរ៉ង់ នាឆ្នាំ២០១៨ខាងមុខ៕

20161009_PMHS-THAI-PM-001 20161009_PMHS-THAI-PM-006 20161009_PMHS-Vikrom-Kromadit-003 20161011_pmhs-acd-001 20161011_pmhs-acd-007 20161011_pmhs-acd-008 20161011_pmhs-acd-005 20161011_pmhs-acd-011 20161011_pmhs-acd-012 20161011_pmhs-korea-004 20161010_2nd_acd_summit-002

ចែករំលែក

បញ្ចេញយោបល់