ទស្សនៈវិភាគ៖ ល្បិចរាក់កំផែល «ចាក់ទឹក ចេញចង្រឹត»!

ថ្ងៃចន្ទ ទី ២៨ ធ្នូ ២០២០​
17

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មេឧទ្ទាម​ក្រៅ​ច្បាប់​ដែល​កំពុង​សំងំលាក់​ខ្លួន​​ពួន​ក្នុង​រូង​ដូច​សត្វ​កណ្តុរ​នៅ​ឯប្រទេស​បារាំង​នោះ​ បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថា​ «ឥឡូវ​នេះ​ ហ៊ុន សែន​ ស្ងាត់​​ជ្រាប​​ក្នុង​រឿង​រៃ​អង្គាស​លុយ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទិញ​វ៉ាក់​សាំង​» ។ តាម​ការ​ពិត​ នរណា​ក៏​គេ​បាន​ដឹង​ច្បាស់​ដែរ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​បាន​ប្រកាស​ឬអំពាវ​នាវ​​​រៃ​អង្គាស​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​សូម្បី​តែ​​មួយម៉ាត់​ឡើយ​ ប៉ុន្តែ​ គឺ​មេឧទ្ទាម​ក្រៅ​ច្បាប់​ទៅ​វិញ​ទេ​ដែល​កំពុង​និយាយ​​មួល​បង្កាច់​លោក​ ហ៊ុន សែន​ ថា​រៃ​អង្គាស និង​ហ៊ាន​បន្ត​ប្រមាថ​អង្គព្រះ​មហាក្សត្រ​សារជាថ្មី​ ម្តង​ហើយ​ម្តង​ទៀត​យ៉ាង​ងងើល​ ដែលចំណុច​នេះ​បាន​រុញ​ឱ្យ​ខ្មោច​អតីត​បក្ស​ប្រឆាំង​មិន​អាច​ប្រោះ​រស់​ឡើង​វិញ​បាន​ជាដាច់​ខាត​ដោយ​សារ​តែ​​កំហុស​ខាង​ផ្នែក​ចិត្ត​សាស្ត្រ​នេះឯង​។ គេអាច​​វាយ​តម្លៃបាន​​ថា​​​ ភាព​ល្ងង់​ខ្លៅ​របស់​មេ​ឧទ្ទាម​​ក្រៅ​​ច្បាប់​​នា​​ពេល​​នេះ​​គឺ​មាន​មូល​ហេតុ​មួយ​ចំនួន​ដូច​ខាងក្រោម​៖

 / ក្នុង​គំនិត​ច្រណែន​នឹង​ប្រជាប្រិយ​ភាព​របស់​លោក ហ៊ុន សែន​៖

ក្រោយពេលដែល​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បានបង្ហោះសារលើទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ២០២០ អំ​ពី​វិធាន​ការ​ក្នុង​ការ​ត្រៀម​បម្រុង​ថវិកា​​សម្រាប់​ទិញ​វ៉ាក់សាំង​យក​មក​ចាក់​ ជូន​ប្រជាជន​ដោយឥតគិតថ្លៃក្នុង​ជំហានដំបូងចំនួន​១លានដូស ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋ​ប្រមាណ​​៥០​ម៉ឺន​​នាក់​ដោយឥតគិតថ្លៃមក​​ គេ​សង្កេត​ឃើញ​មាន​សប្បុរស​ជន​ជាច្រើន​បាន​ចូល​រួម​បរិច្ចាគ​​ថវិកា​ ជា​ពិសេស​​ ​អង្គព្រះមហាក្សត្រ សម្តេចម៉ែ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ ជន​ពិការ​ និង​កុមារ​​ផង​ដែរ​ ពោល​គឺ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ បានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បី​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​វ៉ាក់​សាំង​កូវីដ-១៩ ។

 / ការ​បន្ត​ចង​គំនុំ​គ្រួសារ​តពី​ឪពុក​ជាមួយរាជ​​វង្សានុវង្ស​​៖

ក្នុង​ន័យ​នេះ​ មេឧទ្ទាម​ក្រៅ​ច្បាប់​ ហ៊ាន​ចេញ​មុខ​ជា​ចំហ​ដើម្បីប្រមាថ​​​វាយ​ប្រហារ​អង្គ​ព្រះ​មហា​ក្សត្រ​​ជាទី​គោរព​សក្ការៈ​នៃ​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដោយ​បាន​ប្រើ​ប្រាស់​នូវ​ពាក្យ​អសុរស​ក្រៃ​លែង​ដែល​មិន​អាច​​អត់​ឱន​ឱ្យ​បាន​ឡើយ​ រហូត​ដល់​ស្ថាប័ន​តុលាការ​បាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​ល្ងង់​ខ្លៅ​​នេះ​ដែល​​ហ៊ាន​ប្រព្រឹត្តផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ ​មាត្រា៧ ​ដែល​បាន​ចែង​ថា​ «អង្គ​ព្រះ​មហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​» ទៀត​ផង។​ គួរ​រំលឹក​​ថា​ ព្រះ​មហាក្សត្រ​កម្ពុជា​ ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​រាជ​ហរទ័យប្រោស​ព្រះ​រាជទានព្រះរាជ​ទ្រព្យ​ចំនួន​ ៥០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​សម្តេច​​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនីនាថ សីហនុ​ ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​រាជ​ហរទ័យប្រោសព្រះរាជទាន​ព្រះ​រាជ​ទ្រព្យ​ចំនួន​ ៥០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិកផង​ដែរ​ ក្នុង​ការ​ស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ព្រះអង្គ​ ដើម្បី​ជួយ​រា​ជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​វ៉ាក់​សាំង​កូវីដ-១៩។

 / ការ​គិត​ខុសពី​ចិត្ត​សាស្ត្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចង់​បាន​វ៉ាក់​សាំង​មក​ចាក់​ការពារជីវិត​​៖

ស្ថិត​ក្នុង​ស្ថានភាព​ដែល​ជំងឺ​កូវីដ-១៩ នៅ​បន្ត​រាត​ត្បាត​ទាំង​នៅកម្ពុជា​ និង​ក្នុង​ពិភព​លោក​ ប្រជា​ពល​រដ្ឋ​​​កម្ពុជា​ចង់​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​គ្រប់ៗគ្នា​ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​​ថវិកា​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ប៉ុន្តែ​ ផ្ទុយ​មក​វិញ​មេឧទ្ទាម​ក្រៅ​​ច្បាប់ ​បែរ​ជា​មាន​ចេ​តនា​មិនចង់​ឱ្យ​ប្រជាពលរដ្ឋ​ឆាប់​ទទួល​បាន​វ៉ាក់​សាំង​ចាក់​បង្ការ​ជំងឺ​ទៅវិញ​ ដោយ​​​លាប​ពណ៌​ថា​លោក​នាយករដ្ឋ​​មន្ត្រី​ ជាអ្នក​បោក​លុយ​ប្រជាពលរដ្ឋ​ទៅវិញ​។​ បើ​ប្រជាពលរដ្ឋ​មិន​ជឿ​ជាក់​​លើ​លោក​ ហ៊ុន សែន​ មិន​ជឿជាក់​លើ​រាជរដ្ឋា​ភិបាលដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​នោះ​ប្រជាពលរដ្ឋ​នឹង​មិន​លះ​បង់​ប្រាក់​របស់​គេដោយ​ស្ម័​គ្រ​​ចិត្ត​​នោះ​ទេ ​​ដូច្នេះ​គឺ​មេឧទ្ទាម​ក្រៅ​ច្បា​ប់​ទៅ​វិញ​ទេ​ដែល​កំពុង​ដើរ​បញ្ច្រាស់​ទិស​នៃ​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​។ ផ្ទុយ​ទៅ​វិញ​ ការ​និយាយ​មួល​បង្កាច់​​របស់​មេឧទ្ទាម​ថា ​លោក​ ហ៊ុន សែន​ បោកលុយ​ប្រជាពលរដ្ឋ​នាពេល​នេះ​ គឺប្រៀប​​ដូច​ជា​ព្រនង់​កំពុង​សំពង​ក្បាល​ខ្លួន​ឯង​ទៅវិញ​ទេ​ ពីព្រោះ​ទង្វើ​បោក​ប្រាស់លុយ​កាក់​ពី​ប្រជាពលរដ្ឋ​​របស់​មេឧទ្ទាម​​​ក្រៅ​ច្បាប់​ និង​គូកន​របស់​ខ្លួន​នាពេល​កន្លង​មក​ គឺ​ហាក់​ដូច​ជា​នៅ​ថ្មីៗ​នៅឡើយ​។ គួរ​រំលឹក​ថា​ ថវិកា​របស់​​ប្រជា​ពលរដ្ឋ​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក​ដែល​ក្រុម​មេឧទ្ទាម​ក្រៅ​ច្បាប់​ និង​បក្ខពួក​បាន​បោក​ប្រាស់​​ប្រជាពលរដ្ឋទាំង​ក្នុង​​ និងក្រៅប្រទេស​ រួម​ទាំង​ថវិកា​បរទេស​ជា​ច្រើន​ទៀត​​ត្រូវ​បាន​ក្រុម​មេឧទ្ទាម​ស៊ីដាច់​​ខ្ទេច​ដោយ​គ្មាន​លទ្ធផល​អ្វី​ទាំង​អស់​ ក្នុង​នោះ​រួម​មាន​ មូលនិធិ​ទូរទស្សន៍​ព្រះ​អាទិត្យ មូលនិធិ​ចលនា​​សង្គ្រោះ​ជាតិ​ មូលនិធិ​វិលត្រឡប់​ ៩វិច្ឆិកា ២០១៩ និង​ពេល​នេះ​ទៀត​ចេញ​ក្បួន​បោក​ថ្ងៃ​ ៤មករា​ ២០២០ ទៀត​ហើយ​។

 /  ​ ​ដើម្បី​​មាន​បំណង​នយោបាយ​របស់​ខ្លួន​ឱ្យ​លោក​ ហ៊ុន សែន​ ឆ្លើយ​ឆ្លង​ក្នុង​ន័យ​សង្គ្រោះ​ជីវិត​​នយោ​បា​យ​​របស់​​ខ្លួន​ដែល​​កំពុង​ស្លាប់៖

ការ​ប្រើ​សារ «ឥឡូវ​នេះ​ ហ៊ុន សែន​ ស្ងាត់​ជ្រាប» របស់​មេឧទ្ទាម​ក្រៅច្បាប់​ គឺ​ជា​ល្បិច​រាក់​កំផែល​ ដើម្បី​​ចង់​បាន​សារ​ឆ្លើយ​​តបពី​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក្នុង​ន័យ​ជួយប្រោស​ជីវិត​នយោ​បាយ​​របស់​ខ្លួន​ឱ្យ​គេ​ឯង​បាន​ឮសំលេង​ខ្លះៗវិញ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ នៅកម្ពុជា​កុំ​ថា​ឡើយ​ឈ្មោះ​របស់​មេ​ឧទ្ទាម​​​នេះ​​ សូម្បី​តែ​ស្រមោល​ខ្មោច​អតីត​បក្ស​ប្រឆាំង​ក៏​គ្មាន​ប្រជាពលរដ្ឋ​ណា​ជឿ​ថា​រស់​នោះ​ដែរ​ គឺ​រលាយ​​​ខ្សុល​បាត់​ទៅ​ហើយ​ និង​បាន​ក្លាយ​ទៅ​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​រង់​ចាំ​តែ​ការអនុវត្តទោស​ប៉ុណ្ណោះ​​​។ នៅក្រៅ​ប្រទេស​ឯណោះ​វិញ​គ្មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ណា​មួយនោះ​ឡើយ​ គេ​បាន​ត្រឹម​​តែ​​ឆ្លើយ​របៀប​ការ​ទូត​ថា​នឹង​ឃ្លាំ​មើល​តែ​ប៉ុណ្ណោះ​ ចំណែក​ថវិកា​គឺ​លែង​ផ្តល់​ឱ្យ​ដូច​មុន​ទៀត​ឡើយ​ ដោយ​សារ​ការ​បោក​ប្រាស់​គេ​ច្រើន​លើក​ច្រើន​សារ​ពេក​ ហើយ​ពេល​នេះ​ប្រទេស​គេ​ក៏​កំពុង​រងនូវ​ការ​រាត​ត្បាត​​នៃ​ជំងឺកូវីដ-១៩ ផង​។

សរុប​មក​ ការ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថា​ «ឥឡូវ​នេះ ស្ងាត់​​ជ្រាប​​ក្នុង​រឿង​​រៃ​អង្គាស​លុយ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទិញ​វ៉ាក់​សាំង​» នោះ​គឺ​ជា​ល្បិច​កូន​ក្មេង​ «ចាក់ទឹក​ ចេញ​​ចង្រឹត​»​ របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ចង់​ឱ្យ​មាន​ការ​ឆ្លងឆ្លើយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ តែ​ប៉ុណ្ណោះ​ ដែល​ល្បិច​រាក់​កំផែល​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន​ ខ្ចប់​ស្លឹក​ឈូក​គ្រវាត់​ចោល​បាត់​ទៅ​ហើយ​ ដូច្នេះ​វាច្បាស់​ណាស់​ថា​ជីវិត​នយោបាយ​របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​គឺ​បាន​ស្លាប់​រួច​ទៅ​ហើយ​។ ម្យ៉ាង​ទៀត​ ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ និង​គូកន​គឺ​ជា​ក្រុម​ចង្រៃ​ ជា​ក្រុម​ដែល​ញុះញង់​ អុជ​អាល បំបែក​បំបាក់​សាមគ្គី​ជាតិ​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ត្រូវ​ការ​វត្តមាន​របស់​ពួកគេ​ឡើយ​៕

 ដោយ៖ យី វិត (ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត សៀមរាប)

ចែករំលែក

បញ្ចេញយោបល់